ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​ភ្នំពេញ បន្ត​សួរ​អ្នកប្រឆាំង ពី​ផែនការ​៩​វិច្ឆិកា​របស់លោក សម រង្ស៊ី​
29, Jan 2021 , 2:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
​តុលាការ​ភ្នំពេញ បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង​របស់​ក្រុម​អ្នកប្រឆាំង កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។ សវនាការ​លើក​នេះ មិន​ខុសពី​លើក​មុន​នោះទេ ដោយ​ចៅក្រម មិនទាន់​ធ្វើ​សេចក្តីសម្រេច​អ្វី​ឡើយ​។​



ជនជាប់ចោទ ដែល​បង្ហាញខ្លួន​ក្នុង​សវនាការ​លើក​នេះ គឺមាន​៤​នាក់​។ តែ​ក្នុងចំណោម​អ្នក​ទាំង​៤​នោះ ចៅក្រម សួរដេញដោល​បានតែ​២​នាក់​ប៉ុណ្ណោះ​។  
 
​លោក ឡោ ជុន​ធី មេធាវី​ការពារ​ក្តីអ្នកប្រឆាំង អះអាងថា អ្វីដែល​ចៅក្រម សួរ​កូនក្តី​របស់លោក គឺពាក់ព័ន្ធនឹងការគាំទ្រ​របស់​ពួកគេ លើ​ផែន​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ប្រឆាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ (​ផែនការ​៩​វិច្ឆិកា​)​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ លោក​មេធាវី បញ្ជាក់ថា​៖«​ភាគច្រើន [​ចៅក្រម​] សួរ​តែ​អាហ្នឹង​»​។ 
 
​លោក សម រង្ស៊ី និយាយថា លោក និង​ថ្នាក់ដឹកនាំ​របស់លោក ខកខាន​មិនបាន​ចូល​កម្ពុជា តាម​ផែនការ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ គឺ​ដោយសារតែ​រដ្ឋាភិបាល​ក​ម្ពុ​ជា ហាម​ក្រុមហ៊ុន​យន្តហោះ មិន​ឲ្យ​ដឹក​ក្រុម​លោក​។ តែ​រដ្ឋាភិបាល​កម្ពុជា តប​នាពេលនោះ​ថា លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​ខ្លួនឯង​។​
 
​តាមពិត ជនជាប់ចោទ ក្នុង​សំណុំរឿង​ខាងលើ មាន​ដល់​ទៅ​ជាង​១០០​នាក់​ឯណោះ ហើយ​ភាគច្រើន​ជា​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​មួយចំនួនទៀត ជា​មន្ត្រី​សង្គម​ស៊ីវិល​។ ពួកគេ រង​ពីបទ​ចោទ​ដូចគ្នា គឺ​បទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ 
 
​ពួកគេ រង​ពីបទ​ចោទ​ទាំង​២នេះ គឺ ភាគច្រើនបំផុត ដោយសារតែ​ប្រកាស​គាំទ្រ និង ប្រកាស​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​ចូល​ស្រុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ មាន​អ្នក​ខ្លះទៀត បាន​បំផុសបំផុល​បន្ត​ឲ្យ​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ដូចគ្នា ចាំ​ទទួល​លោក សម រង្ស៊ី ដែរ​។ រដ្ឋាភិបាល កម្ពុជា ចាត់ទុក ផែនការ​វិល​ចូល​ស្រុក​របស់លោក សម រង្ស៊ី នាពេលនោះ ថា​ជា​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​សំណុំរឿង​មនុស្ស​ជាង​១០០​នាក់​នោះ ត្រូវបាន​តុលាការ​ភ្នំពេញ បើកសវនាការ​លើកដំបូង កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​ជនជាប់ចោទ​ជាង​៣០​នាក់ ដែល​ចូលរួម ខណៈ​ជិត​១០០​នាក់ អវត្តមាន​។ ក្នុង​សវនាការ​លើកដំបូង​នេះ ចៅក្រម សម្រេច​ច្របាច់​សំណុំរឿង​ជា​២ ដោយ​សំណុំរឿង​ទី​១ មាន​មនុស្ស​ជាង​៥០​នាក់ និង សំណុំរឿង​ទី​២ មាន​មនុស្ស​ជាង​៧០​នាក់ ។ 
 
​ឈានចូល​ពាក់​កណ្តាលខែ​មករា ឆ្នាំ​២០២១ តុលាការ​ភ្នំពេញ បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង​ទី​១ ដែលមាន​មនុស្ស​ជាង​៥០​នាក់ តែ​អ្នកចូលរួម មានតែ​១១​នាក់​ប៉ុណ្ណោះ​។ សំណុំរឿង​ទី​១​នេះ ត្រូវបាន​តុលាការ បន្ត​យកមក​បើកសវនាការ​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ដោយមាន​ជនជាប់ចោទ​តែ​៤​នាក់ ចូលរួម​។ សំណុំរឿង​ទី​១​នេះ នឹងត្រូវ​តុលាការ​ភ្នំពេញ បន្ត​លើក​យកទៅ​បើកសវនាការ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​។ 
 
​លោក​មេធាវី ឡោ ជុន​ធី លើកឡើងថា តុលាការ បានដាក់​កាលវិភាគ​នៃ​ការបើក​សវនាការ ដោយ​កំណត់​និងបែងចែកចំនួន​ជនជាប់ចោទ ដែល​ត្រូវ​ចូលរួម​សវនាការ​នីមួយៗ​។ លោក​មេធាវី ថ្លែងថា សំណុំរឿង​របស់​ក្រុម​អ្នកប្រឆាំង​ខាងលើ តុលាការ គ្រោង​កំណត់​បើកសវនាការ​រហូតដល់​ខែមេសា ឆ្នាំ​២០២១៕ 
 
 
 
 

Tag:
 អ្នកប្រឆាំង​
  សវនាការ​
  ឡោ ជុន​ធី
© រក្សាសិទ្ធិដោយ thmeythmey.com