ជាតិ
ភូមិ​អ៊ី​ម​ផេ​ក​បាត់ដំបង ផ្ដល់​ប្រឹក្សា​ដល់​យុវជន​ឱ្យ​សម្រេច​ក្ដី​ប្រាថ្នា​របស់ខ្លួន
30, Jan 2021 , 10:29 pm        
រូបភាព
​បាត់ដំបង​៖ ភូមិ​អ៊ី​ម​ផេ​ក​បាត់ដំបង (Phum Impact Battambang) ត្រូវបាន​បង្កើតឡើង​ដោយ​យុវជន​មួយរូប  ដែលមាន​ឆន្ទៈ​ចង់​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​មាន ក៏ដូចជា​ចង់ឱ្យ​យុវជន​ដទៃ ដើម្បី​ឲ្យ​ពួកគេ​សម្រេច​ក្ដី​ស្រមៃ​ដែល​ខ្លួន​ចង់​ធ្វើ​។ កញ្ញា ទស់ ភក្ដី ស្ថាបនិក ភូមិ​អ៊ី​ម​ផេ​ក​បាត់ដំបង​បានឱ្យដឹងថា ភូមិ​អ៊ី​ម​ផេ​ក​បាត់ដំបង នឹង​ផ្តល់​ការប្រឹក្សា​យោបល់​ត្រឹមត្រូវ ផ្តល់​ការគាំទ្រ​លើ​បច្ចេកទេស ដើម្បី​សម្រេច​ក្ដី​ស្រមៃ ទៅដល់​យុវជន ក៏ដូចជា​សហគ្រិន​វ័យក្មេង​ក្នុង​ខេត្តបាត់ដំបង ឱ្យ​អាចជួយ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ពួកគេ​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនាការ​ពន្យល់​លម្អិត​របស់​កញ្ញា ទស់ ភក្ដី ស្ថាបនិក ភូមិ​អ៊ី​ម​ផេ​ក​បាត់ដំបង​ដូចតទៅ​៖
 
​ធ្លាប់ជា​យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី YSEALI កញ្ញា ទស់ ភក្ដី មានគំនិត​ចង់ឱ្យមាន​ការផ្លាស់ប្ដូរ ក្រោយ​គេ​មើលឃើញថា យុវជន​ក្នុង​ខេត្តបាត់ដំបង​មិនសូវ​មានឱកាស​សម្រាប់​ការអភិវឌ្ឍ​ខ្លួនឯង​។ នៅ​ចុងឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ការគាំទ្រ ក៏ដូចជា​ការផ្តល់​ប្រឹក្សា​យោបល់​ពី​ស្ថាប័ន IMPACT HUB Phnom Penh យុវជន ភ​ស់ ភក្ដី ក៏​សម្រេច​បង្កើត​ភូមិ​អ៊ី​ម​ផេ​ក​បាត់ដំបង ដែល​ទទួលបាន​ជំនួយ​ពី​គម្រោង WE Act នៃ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក (USAID) និង​សហគ្រិន​ខ្មែរ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ភូមិ​អ៊ី​ម​ផេ​ក ជំរុញ​ឱ្យ​យុវជន​មាន​ភាពជឿជាក់​លើ​ខ្លួនឯង ដើរ​លើក្ដី​ស្រមៃ​ដែល​ចង់​ធ្វើ និង​បង្កើត​បណ្ដាញ​យុវជន ដើម្បី​ចែករំលែក​ធនធាន​ពីគ្នា​ទៅវិញទៅមក​។ ទៅ​អនាគត ភក្ដី ចង់ឱ្យ​យុវជន​បង្កើត​ភូមិ​អ៊ី​ម​ផេ​ក​ឱ្យ​រីក​សុសសាយ​ក្នុងប្រទេស​កម្ពុជា​។​
 
​ក្នុង​ដំណើរ​ទៅកាន់​ខេត្តបាត់ដំបង នា​ថ្ងៃទី​១៩ ខែមករា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W. Patrick Murphy បាន​ទៅ​ស្វែងយល់​ពី​ការងារ​នៅ​ការិយាល័យ​ភូមិ​អ៊ី​ម​ផេ​ក ហើយ​លោក​ទូត​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ទស្សនៈវិស័យ​ដើម្បី​ពង្រឹងសមត្ថភាព​ដល់​យុវជន​៕
 


រូបភាពផ្តល់ដោយ កញ្ញា ទស់ ភក្ដី  ស្ថាបនិក ភូមិអ៊ីមផេកបាត់ដំបង
 

Tag:
 ភូមិ​អ៊ី​ម​ផេ​ក​
  Phum Impact
© រក្សាសិទ្ធិដោយ thmeythmey.com