ជាតិ
សុខភាព
រដ្ឋមន្ត្រី​សុខាភិបាល ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន​នឹង​ជំងឺផ្ដាសាយបក្សី ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ​
30, Jan 2021 , 5:19 pm        
រូបភាព
មាន់និងទាងាប់ ដោយសារឆ្លងជំងឺផ្តាសាយ H5N1 ក្នុងកសិដ្ឋានមួយរបស់ពលរដ្ឋ នៅខេត្តបាត់ដំបង កាលពីដើមខែមករា ឆ្នាំ២០២១ (រូពីទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន)
មាន់និងទាងាប់ ដោយសារឆ្លងជំងឺផ្តាសាយ H5N1 ក្នុងកសិដ្ឋានមួយរបស់ពលរដ្ឋ នៅខេត្តបាត់ដំបង កាលពីដើមខែមករា ឆ្នាំ២០២១ (រូពីទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន)
​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែ​នាម​ពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ជំងឺផ្ដាសាយបក្សី H5N1 ពិសេស​ក្នុង​ពិធី​ចូលឆ្នាំ​ចិន ដែល​នឹង​មកដល់​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រោះ​ថ្មីៗ​នេះ ជំងឺផ្ដាសាយបក្សី H5N1 បាន​កើតឡើង​រួចមកហើយ​។ សេចក្តីណែនាំ​របស់លោក​រដ្ឋមន្ត្រី បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។


​លោក ម៉ម ប៊ុនហេង ក្រើន​រម្លឹកថា ជំងឺផ្ដាសាយបក្សី H5N1 នៅតែ​បន្ត​កើតមាន​លើស​ត្វ​ប​សុ​បក្សី​មួយចំនួន​។ លោក បន្តថា ក្រៅពី​ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1 ក៏មាន​វីរុស​៥​ប្រភេទ​ផ្សេងទៀត​ដូចជា H5N6, H7N3, H7N7, H7N9, និង​H9N2 ដែល​អាច​ចម្លង​មេរោគ​ទៅ​មនុស្ស ហើយ​ធ្វើ​ឲ្យ​កើត​ទៅជា​ជំងឺ​ផ្ដាសាយ​។ 
 
​រដ្ឋមន្ត្រី​សុខាភិបាល បន្ថែមថា បច្ចុប្បន្ន វីរុស​ផ្ដាសាយ​បក្សី​នេះ នៅតែ​បន្ត​កើតមាន​លើស​ត្វ ដែលជា​បញ្ហា​ប្រឈម​ក្នុងការ​ចម្លង​ដល់​មនុស្ស បើ​មិនមាន​ការការពារ​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ​។ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ លោក ក៏​ក្រើនរ​ម្រឹក​ដល់​ពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​និង​ការពារ​សុខភាព ពី​ការឆ្លង​វីរុស​មួយ​នេះដែរ​។​
 
​ដើម្បី​បញ្ចៀស​ការឆ្លង​វីរុស​មួយ​នេះ​ពីស​ត្វ លោក ម៉ម ប៊ុនហេង បាន​ណែនាំ​វិធាន​ការពារ​មួយចំនួន​ដល់​ពលរដ្ឋ រួមមាន ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយនឹង​សាប៊ូ ក្រោយ​ប៉ះពាល់​សត្វ ព្រោះ​វា​ប្រភព​ចម្លងរោគ​, ប្រកាន់ខ្ជាប់​ការអនុវត្ត​អនាម័យ និង​ចំណីអាហារ​សុវត្ថិភាព និង​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​, គួរ​ជៀសវាង​ចូលទៅ​កន្លែង​ចិញ្ចឹមសត្វ ឬ​ប៉ះពាល់ បើ​គ្មាន​មិនចាំបាច់​, និង គួរ​ជៀសវាង​ការ​រ​ប្រជ្រៀត​គ្នា​នៅពេល​ទិញ​ម្ហូបអាហារ ឬ​សាច់សត្វ​បក្សី​រស់ ជាដើម​។ 
 
​ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​ពលរដ្ឋ ហៅ​ទៅកាន់​លេខ​១១៥ បើ​សង្ស័យថា ខ្លួន​ឆ្លង​វីរុស​ផ្ដាសាយ​បក្សី ដោយ​ចេញ​រោគសញ្ញា​ទូទៅ ដូចជា គ្រុនក្តៅ​លើសពី​៣៨​អង្សា ក្អក ពិបាក​ដកដង្ហើម និង មាន​ប្រវត្តិ​ប៉ះពាល់​ប​សុ​បក្សី​ឈឺ ឬ​ងាប់ ក្នុងអំឡុងពេល​១៤​ថ្ងៃ​។ បន្ថែម​ពីនេះ លោក ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​តំបន់ ចាត់តាំង​កម្លាំង​គ្រប់គ្រង និង​ណែនាំ​ពលរដ្ឋ​ពី​វិធាន​ការពារ នៅតាម​កសិដ្ឋាន ទីផ្សារ ពិសេស​ទីផ្សារ​លក់​ប​សុ​បក្សី​រស់ ដើម្បី​ជៀសផុត​ពី​ការផ្ទុះ​ជំងឺ​ក្នុង​សហគមន៍​។​
 
​គិត​ចាប់ពី​ឆ្នាំ​២០០៥ រហូតដល់​២០១៤ កម្ពុជា​ធ្លាប់មាន​ករណី​ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1 ចំនួន​៥៦​ករណី ដោយ​ក្នុងនោះ​មាន​៣៧​ករណី​បាន​ស្លាប់​។ សូមបញ្ជាក់ថា កាលពី​ថ្មីៗ​នេះ មាន់​និង​ទា​ជិត​២​ពាន់​ក្បាល បាន​ងាប់​ក្នុង​កសិដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយសារ​ជំងឺផ្ដាសាយបក្សី H5N1៕
 

Tag:
 ជំងឺផ្ដាសាយបក្សី​
 ​ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com