អន្តរជាតិ
ចក្រភពអង់គ្លេស នឹងស្នើចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក
× ចក្រភពអង់គ្លេស នឹងពាក្យចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកិច្ចព្រមព្រៀងសេរីដ៏ធំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ស្ថិតក្នុងគម្រោងរបស់ចក្រភពអង់គ្លេសដើម្បីពង្រីកទីផ្សាររបស់ខ្លួនក្រោយការចាកចេញពីសហភាពអឺរ៉ុប។
មួយឆ្នាំក្រោយចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស បានសម្លឹងឃើញ CPTPP ដើម្បីពង្រីកពាណិជ្ជកម្មរបស់ខ្លួន។ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស Liz Truss នឹងដាក់សំណើរបស់អង់គ្លេសដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP នៅថ្ងៃទី១ ខែកុម្ភៈ។ បើតាមក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេស ការចរចា រំពឹងចាប់ផ្ដើមនៅឆ្នាំ២០២១ នេះដែរ។
CPTPP កើតជារូបរាងក្រោយប្រទេសសេសសល់នៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) សម្រេចចិត្តរក្សាកិច្ចព្រមព្រៀងនេះបន្ទាប់ពីអាមេរិកដកខ្លួន។ CPTPP មានសមាជិក១១ប្រទេសដូចជាអូស្ត្រាលី កាណាដា ស៊ីលី ជប៉ុន និងវៀតណាមជាដើម ហើយគ្របដណ្ដប់លើមនុស្សប្រមាណ៥០០លាននាក់ ជាមួយទំហំផ្ដោះប្ដូរពាណិជ្ជកម្មដ៏ធំមួយរបស់ពិភពលោកផងដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន និយាយថា មួយឆ្នាំក្រោយការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស កំពុងបង្កើតទំនាក់ទំនងថ្មីដែលនាំផលប្រយោជន៍ដ៏ច្រើនសម្រាប់ប្រជាជនអង់គ្លេស។ លោកបញ្ជាក់ថា៖ «ដាក់ពាក្យជាប្រទេសថ្មីទីមួយចូលរួមក្នុង CPTPP បង្ហាញពីមហិច្ឆតារបស់យើងដើម្បីធ្វើជំនួញតាមលក្ខខណ្ឌដ៏ល្អជាមួយដៃគូ និងមិត្តរបស់យើងនៅជុំវិញពិភពលោក និងជាជើងឯកនៃពាណិជ្ជកម្មសាកល។»
ចំណែលោកស្រី Truss ចាត់ទុកការចូលជាសមាជិក CPTPP នេះ ជាឱកាសដ៏ធំអស្ចារ្យ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរូបនេះអះអាងថា ពន្ធនឹងត្រូវកាត់បន្ថយសម្រាប់ក្រុមហ៊ុនរថយន្ត និងស្រាវីស្គី ក៏ដូចជាការបើកទីផ្សារសម្រាប់ក្រុមហ៊ុនអង់គ្លេស និងបង្កើតការងារជាច្រើនកន្លែងសម្រាប់ប្រជាជនអង់គ្លេសផងដែរ។
CPTPP ត្រូវមើលឃើញថា ត្រូវបង្កើតដើម្បីប្រជែងឥទ្ធិពលចិនក្នុងតំបន់។ កិច្ចព្រមព្រៀងដែលចិនជំរុញពីក្រោយ គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ទើបត្រូវបានចុះហត្ថលេខាថ្មីៗនេះដែរ ដោយមានសមាជិក១៦ប្រទេស។ ប្រទេសអាស៊ានទាំង១០ ជាសមាជិក RCEP ទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com