កីឡាជាតិ
ជាតិ
លោក ជ័យ ចាប ដាក់ចេញ​គោលការណ៍​៥​ចំណុច ដើម្បី​អភិវឌ្ឍន៍​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​
31, Jan 2021 , 4:37 pm        
រូបភាព
ដោយ:
លោក ជ័យ ចាប ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា បានបង្ហាញ​ពី​ផែនការ និង​ដាក់ចេញ​គោលការណ៍​មួយចំនួន​ក្នុងន័យ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ឲ្យ​កាន់តែ​រីកចម្រើន​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី ត្រូវ​រួបរួម និង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ធ្វើយ៉ាងណា​ឲ្យ​កីឡា​នេះ ទទួលបាន​ការចាប់អារម្មណ៍​ពី​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា ដើម្បី​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

 
​នា​ពិធី​បិទ​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ លោក ជ័យ ចាប ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា បានដាក់​ចេញ​គោលការណ៍​៥​ចំណុច ឲ្យ​មន្ត្រីក្រោមឱវាទ​ទុក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍន៍​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ឲ្យ​កាន់តែ​រីកចម្រើន​។ គោលការណ៍​ទាំងនោះ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បង្កើន​ទំនាក់ទំនង​ក្នុង និង​ក្រៅប្រទេស​ជាដើម​។ 
 
​ប្រធាន​សហព័ន្ធ​រូបនេះ បានបង្ហាញ​ការ​ជឿជាក់ថា គោលការណ៍​ដែល​ខ្លួន​ដាក់ចេញ​ទាំងនេះ នឹង​ជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ឈានទៅ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា ពិសេស​សម្រេច​គោលបំណង​ក្នុង​ការចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​គោលការណ៍​ទាំង​៥​ចំណុច​នោះ​រួមមាន ត្រូវ​ពង្រឹងសមត្ថភាព បច្ចេកទេស​គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និង​អភិវឌ្ឍន៍​ភាពជា​ដៃគូ​, បង្កើត​លិខិតបទដ្ឋាន​គតិយុត្តិ ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍ​ក្លិប បណ្តុះបណ្តាល​ថ្នាល​កីឡាករ​វ័យក្មេង និង​យុវជន​, ស្វែងរក​ជំនួយ​ពី​សប្បុរសធម៌​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​គាំទ្រ​វិស័យ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​, រៀបចំ​ការសម្តែង និង​ប្រកួត​ប្រចាំឆ្នាំ​ឲ្យ​បាន​សមស្រប​តាម​លក្ខណ​បច្ចេកទេស នៃ​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ពិភពលោក និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​រូបវ័ន្ត​តាម​លក្ខណ​បច្ចេកទេស​។ 
 
​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​មន្ត្រី​ក្រោមបង្គាប់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ​ថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​បញ្ចប់​ដោយ​បញ្ចប់​ដោយ​ជ័យ​ជ័យ និង​ប្រកបដោយ​លក្ខណ​បច្ចេកទេស​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី ដែល​ទទួលបាន​ជ័យលាភី បន្ត​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត និង​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​មិន​ទទួលបាន​ជ័យលាភី​កុំ​ឲ្យ​បាក់​ទឹកចិត្ត និង​ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត​។ 
 

រូប ខាងលើ លោក ចំរើន សុផល អគ្គលេខាធិការ នៃ សហព័ន្ធ កីឡា តុងហ្គីលម៉ូដូកម្ពុជា

​លោក ចំរើន សុផល អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា ចាត់ទុក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកទេស​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​បង្កើន​ចំណេះដឹង​ដាក់ពិន្ទុ និង​កាត់ក្តី​ដល់​អាជ្ញាកណ្តាល​ចៅក្រម​ជាដើម​។ លើសពីនេះ វា​បាន​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​វ័យក្មេង​បានបង្ហាញ​សមត្ថភាព ដែល​ពួកគេ​បាន​ខិតខំ​ហ្វឹកហាត់​កន្លងមក​។​
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៨-៣១ មករា អគ្គលេខាធិការ​រូបនេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ផ្នែក​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ​។ លោក​អះអាងថា ទោះបី​កីឡាករ​នៅតាម​ក្លិប​សមាគម​ពុំ​សូវ​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់ ដោ​ស​សារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តែ​កម្រិត​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី ដែល​ចូលរួម​ប្រកួត​ឆ្នាំនេះ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំកន្លងមក​។ 
 
​ទន្ទឹមនឹងនេះ លោក ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ធ្វើយ៉ាងណា​ឲ្យ​សម្រេច​គោលដៅ​ក្នុង​ការដាក់​កីឡា​នេះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ តែ​យ៉ាងណា​បច្ចុប្បន្ន​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​មិនទាន់​ទទួលបាន​គោលការណ៍​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​នៅឡើយ​ទេ ហើយក៏​មិនទាន់​ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​កំណត់​ក្នុង​បញ្ជី​នៃ​ប្រភេទ​កីឡា ដែល​ត្រៀម​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម​ផងដែរ​។​
 
​ទោះបី​យ៉ាងនេះ​ក្តី លោក ចំរើន សុផល នៅតែមាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​ទទួលបាន​កៅអី ដើម្បី​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​។ លោក ជឿជាក់ថា ក្រុម​កីឡាករ​តុង​ហ្គី​ល​ម៉ូ​ដូ​នឹង​អាច​ដណ្តើម​មេដាយ​ជូន​ជាតិ ប្រសិន​កីឡា​នេះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​៕ 
 






 
  

Tag:
 ជ័យ ចាប​
  ចំរើន សុផល​
  តុង​ហ្គី​ល​ម៉ូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com