រដ្ឋាភិបាលកម្ពុជា បានស្វះស្វែងសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីបណ្តាប្រទេសអ្នកមាន ប្រទេសមហាអំណាច និងអង្គការអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជា មិនសុំវ៉ាក់សាំងនេះពីគេទាំងអស់នោះទេ ដោយនឹងត្រូវចំណាយថវិកាទិញផងដែរ។
រដ្ឋាភិបាលកម្ពុជា បានដាក់សំណើទៅកាន់ប្រទេសធំៗមួយចំនួនរួចហើយ រួមមាន ចិន អូស្ត្រាលី និង ឥណ្ឌា ជាដើម ដើម្បីសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ រដ្ឋាភិបាលកម្ពុជា ក៏គ្រោងស្នើសុំវ៉ាក់សាំងនេះពីរុស្ស៊ីដែរ។ ក្រៅពីចិន អូស្ត្រាលី ឥណ្ឌា និង រុស្ស៊ី រដ្ឋាភិបាលកម្ពុជា បានមើលឃើញសហភាពអឺរ៉ុបនិងបារាំងបន្ថែមទៀត ដែលអាចសុំវ៉ាក់សាំងការពារជំជឺកូវីដ-១៩។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលរៀបចំឡើងនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានវត្តមានរបស់អ្នកស្រី Carmen Moreno ឯកអគ្គរដ្ឋសហភាពអឺរ៉ុប និងអ្នកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងផងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពឹងអ្នកស្រីទាំង២ ឲ្យជួយពាំនាំសំណើសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់កម្ពុជា ទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនិងប្រធានាធិបតីបារាំង។
មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា៖«កុំមើលឃើញថា កម្ពុជា ត្រូវការតែចិននោះ មិន [អ៊ីចឹង] ទេ ត្រូវការតែទាំងអស់ហ្នឹង។ អីឡើងក៏ចិន ស្អីឡើងក៏ចិន អត់ទេ កម្ពុជា មើលគ្រប់ជ្រុងទាំងអស់ បានសេចក្តីថា មើលជុំវិញខ្លួន មិនមែនមើលតែទិសណាមួយទេ»។
ប្រមុខរដ្ឋាភិបាល ប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងដល់ទៅ២០លានដូស ដោយក្នុងនោះ ១លានដូស ជាជំនួយរបស់ចិន ៣លានដូសជាជំនួយរបស់អូស្ត្រាលី ៧លានដូសជាការផ្តល់ឲ្យរបស់អង្គការសុខភាពពិភពលោក ១លានដូស គ្រោងទិញពីកូវ៉ាក់ (COVAX) ហើយសល់ប៉ុន្មាន គ្រោងទិញពីអង់គ្លេស។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺប្រើថវិកា ដែលព្រះមហាក្សត្រនិងព្រះមហាក្សត្រី ទ្រង់ប្រទាន និងសប្បុរសចូលរួមបរិច្ចាគ។ ចំពោះជំនួយវាក់សាំងការពារជំងឺកូវីដ-១៩ ពីឥណ្ឌានិងរុស្ស៊ី រដ្ឋាភិបាលកម្ពុជា មិនទាន់ទទួលបានព័ត៌មាននោះទេ។
ព័ត៌មានពីសម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ក្នុងចំណោមជំនួយ១លានដូសរបស់ចិន មាន៦០ម៉ឺនដូស នឹងមកដល់កម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២១នេះ សម្រាប់ដំណាក់កាលដំបូង។ (ក្នុងម្នាក់ ប្រហែលជាត្រូវចាក់បាន២ដូស)។
ប្រមុខរដ្ឋាភិបាល ប្រាប់ប្រជាជនបែបនេះថា៖«យើង មានឡាន សម្រាប់ដឹកវ៉ាក់សាំងទៅតាមគោលដៅដែលត្រូវចាក់ កងទ័ពបានហ្វឹកហ្វឺនហើយ ពេទ្យក្នុងកងទ័ព បានហ្វឹកហ្វឺនរួចស្រេចហើយ នូវការចាក់វ៉ាក់»។
បើឥណ្ឌា រុស្ស៊ី សហភាពអឺរ៉ុប និង បារាំង ព្រមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែរនោះ កម្ពុជា នឹងទទួលបានលើសពី២០លានដូស។ គេ មិនទាន់ដឹងថា រដ្ឋាភិបាលកម្ពុជា អាចសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសជាមិត្តនិងអង្គការអន្តរជាតិបន្ថែមទៀត ឬក៏អត់នោះទេ៕