រថយន្ត
អន្តរជាតិ
រថយន្ត Chevrolet Impala 1963 របស់ Kobe Bryant ត្រូវបានដាក់លក់ដេញថ្លៃ
01, Feb 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
ជាង១ឆ្នាំហើយដែលកីឡាករបាល់បោះ Kobe Bryant បានទទួលមរណភាពក្នុងអាយុ៤១ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ជាមួយកូនស្រីសំណព្វម្នាក់ និងមនុស្ស៧រូបផ្សេងទៀត។ វីរបុរសក្រុម Los Angeles Lakers រូបនេះ បានបន្សល់ទុកនូវទ្រព្យសម្បត្តិជាច្រើន ដែលក្នុងនោះមានរថយន្ត Chevrolet Impala 1963 ផងដែរ។ រថយន្តដែលកែច្នៃបន្ថែមមួយនេះ ត្រូវបានដាក់លក់ដេញថ្លៃដោយ Goldin Auctions។

 
 
Chevrolet Impala 1963 ជាអំណោយដែល Kobe Bryant ទទួលបានពីភរិយារបស់ខ្លួន គឺ Vanessa នាអំឡុងនៃពិធីបុណ្យណូអែល កាលពីឆ្នាំ២០០៦។ Vanessa Bryant បានរថយន្តនេះ ទៅឲ្យក្រុមហ៊ុន West Coast Customs កែលំអ និងរចនាប្រកបដោយភាគទាក់ទាញ មុនពេលផ្តល់ទៅជូនស្វាមីរបស់ខ្លួន។
 
រថយន្តដ៏ស្រស់ស្អាតនេះ ទើបតែធ្វើដំណើរបានក្នុងរង្វង់៤ម៉ឺនគីឡូម៉ែត្រប៉ុណ្ណោះ ថ្វីដ្បិតតែវាមានអាយុកាលជិត៦០ឆ្នាំក៏ដោយ។ យោងតាម Goldin Auctions វាជារថយន្តសំណព្វរបស់ Kobe Bryant ជើងឯក NBA ៥សម័យកាល និងជាសមាជិក All-Star ១៨លើក មុនពេលដែលគាត់ទទួលមរណភាពដោយគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
 
ការដាក់ចេញថ្លៃដំបូងគឺតម្លៃ១០ម៉ឺនដុល្លារអាមេរិក ហើយតម្លៃចុងក្រោយត្រូវបានប៉ាន់ប្រមាណថា ឈានដល់២៥ម៉ឺនដុល្លារអាមេរិក ប៉ុន្តែក្រុមហ៊ុនដែលថ្លៃមិនទាន់ផ្តល់ព័ត៌មានលំអិតនោះឡើយ៕












 

© រក្សាសិទ្ធិដោយ thmeythmey.com