អន្តរជាតិ
ប្រធាន​អាស៊ាន​ព្រុយ​ណេ ជជែក​ជាមួយ​សមាជិក​ឯទៀត​ដើម្បី​ចេញ​សេចក្តីថ្លែងការណ៍​ស្ដីពី​មី​យ៉ាន់​ម៉ា​
01, Feb 2021 , 5:12 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​យោធា​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១ ខែកុម្ភៈ បានធ្វើ​រដ្ឋប្រហារ​លើរ​ដ្ឋា​ភិ​បាល​ស៊ីវិល និង​បាន​ចាប់ខ្លួន​សមាជិក​បក្សសម្ព័ន្ធ​ជាតិ ដើម្បី​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​។ ទាក់ទិន​នឹង​បញ្ហា​នេះ ព្រុយ​ណេ ក្នុងនាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​ក្នុង​ឆ្នាំ ២០២១ បាន​លើកឡើងថា ខ្លួន កំពុង​ជជែក​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដើម្បី​ចេញ​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​បញ្ហានយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។

 
 
​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ផ្លាស់​វេន​ក្នុង​ឆ្នាំ​២០២១ ក្រសួងការបរទេស​ព្រុយ​ណេ បាន​ឆ្លើយ​សំណួរ​របស់​ទូរទស្សន៍ Channel News Asia យ៉ាង​ដូច្នេះ​ថា​៖ «​ព្រុយ​ណេ ដែលជា​ប្រធាន​អាស៊ាន កំពុងផ្តល់​យោបល់​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត គាំទ្រ​សេចក្តីថ្លែងការណ៍​អាស៊ាន​»​។ 
 
​គិត​ត្រឹម​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ​នេះ នៅសល់តែ​សមាជិក​អាស៊ាន​ពីរ​ប៉ុណ្ណោះ នោះ​គឺ​ឡាវ និង​វៀតណាម ដែល​មិនទាន់​បញ្ចេញ​ប្រតិកម្ម ទាក់ទិន​នឹង​ការធ្វើ​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​។​
 
​ក្នុងនាម​ជា​សមាជិក​អាស៊ាន​ដូចគ្នា សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា កម្ពុជា នឹងមិន​លូកដៃ​ចូល​កិច្ចកា​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​ឡើយ ព្រោះ​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​មិត្ត​ក្នុង​ក្របខណ្ឌ​អាស៊ាន​។ ចំណែក​ថៃ​វិញ ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ក៏បាន​បញ្ជាក់ថា វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​ផងដែរ​។​
 
​ក្រៅពី​កម្ពុជា និង​ថៃ ឥណ្ឌូណេស៊ី​ឯណោះ​វិញ បាន​អំពាវនាវ​ឲ្យ​មី​យ៉ាន់​ម៉ា គោរព​តាម​គោលការណ៍ ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន ដោយ​រួមបញ្ចូល​ទាំង ការគោរព​នីតិរដ្ឋ អភិបាលកិច្ច​ល្អ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ធម្មនុញ្ញ​។ បើតាម​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី យោធា​មី​យ៉ាន់​ម៉ា គួរ​ចរចា​ជាមួយ​រដ្ឋាភិបាល​ស៊ីវិល ជាជាង​ប្រើ​កម្លាំងយោធា​។ 
 
​ដោយឡែក​ម៉ាឡេស៊ី បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ ដោះស្រាយ​បញ្ហា​សន្តិវិធី ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេងៗ​ដល់​ប្រជាជន ស្របពេល​កូ​វីដ​-១៩ កំពុងតែ​រាលដាល​។ ចំណែក​សិង្ហ​បុរី​វិញ ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​សង្ឃឹម​ភាគី​ទាំងអស់ នឹង​ដោះស្រាយ​បញ្ហា​ដោយ​កិច្ចចរចា និង​ទទួលបាន​លទ្ធផល​ដោយ​សន្តិភាព​។ រីឯ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​វិញ បាន​ហៅ​បញ្ហានយោបាយ​មី​យ៉ាន់​ម៉ា​ថា ជា​ការដើរ​កូនអុក ជាជាង​ការធ្វើ​រដ្ឋប្រហារ​យោធា ដើម្បី​គោរព​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨៕ 

Tag:
 ព្រុយ​ណេ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com