ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន សាទរលោក ង្វៀន ភូជុង ដែលត្រូវបានបោះឆ្នោតឲ្យបន្តដឹកនាំបក្សកុម្មុយនិស្តវៀតណាម សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០។ រូបពី AFP
× សម្តេច ហ៊ុន សែន បានសរសេរលិខិត ក្នុងនាមជាតំណាងគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ជូនទៅលោក ង្វៀន ភូជុង ដើម្បីអបអរសាទរលោក ដែលត្រូវបានបោះឆ្នោតឲ្យនៅកាន់តំណែងជាអគ្គលេខាធិការមជ្ឈិមបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (អគ្គលេខាធិការបក្ស) សម្រាប់អាណត្តិទី១៣ ដែលជាអាណត្តិថ្មី។
ក្នុងលិខិត ធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន សរសេរទៅកាន់ លោក ង្វៀន ភូជុង ថា ការជ្រើសតាំងលោក ឲ្យបន្តដឹកនាំបក្សកុម្មុយនិស្តវៀតណាម គឺឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាម ទៅលើភាពឈ្លាសវៃនិងសមត្ថភាពរបស់លោក។
ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បង្ហាញការជឿជាក់ចំពោះលោក ង្វៀន ភូជុងថា៖«ក្រោមការដឹកនាំរបស់ឯកឧត្តម បក្សកុម្មុយនិស្តវៀតណាម នឹងបន្តអនុវត្តនូវគោលនយោបាយនិងសេចក្តីសម្រេចសំខាន់ៗ ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យធំធេងថែមទៀត»។
បន្ថែមពីនេះ ប្រធានបក្សកាន់អំណាចកម្ពុជា បង្ហាញការជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និង ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងគណបក្សខ្លួន និងបក្សកុម្មុយនិស្តវៀតណាម នឹងត្រូវបានពង្រឹងបន្ថែម ហើយកាន់តែស៊ីជម្រៅ ដើម្បីប្រយោជន៍ សម្រាប់ប្រជាជាតិទាំង២។
លោក ង្វៀន ភូជុង ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេធិការបក្សកុម្មុយនិស្តវៀតណាម ដោយមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី១៣ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៥ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ វា ជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ហើយក៏ជាប្រវត្តិសាស្ត្រក្នុងបក្សកុម្មុយនិស្តវៀតណាមដែរ ដែលលោក ង្វៀន ភូជុង អាចកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាដល់ទៅ៣អាណត្តិជាប់គ្នា ខណៈអ្នកមុនៗ កាន់ត្រឹមតែ២អាណត្តិយ៉ាងយូរ។
ក្នុងរចនាសម្ព័ន្ធបក្សកុម្មុយនិស្ត ដូចជា បក្សកុម្មុយនិស្តវៀតណាម និង បក្សកុម្មុយនិស្តចិន ជាដើម អគ្គលេខាធិការ មានអំណាចនិងឋានៈខ្ពស់ជាងគេ ពោលគឺ អគ្គលេខាធិការបក្ស ប្រៀបដូចជា ប្រធានបក្ស។
ក្រៅពីតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម គេ កំពុងរង់ចាំមើលតំណែង៣សំខាន់ៗទៀត ក្នុងរចនាសម្ព័ន្ធរដ្ឋរបស់វៀតណាម គឺ ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភា។ តំណែងទាំង៣នេះ នឹងត្រូវសម្រេចដោយរដ្ឋសភាវៀតណាម៕
Tag:
ហ៊ុន សែន
ង្វៀន ភូជុង
បក្សកុម្មុយនិស្តវៀតណាម
មហាសន្និបាតលើកទី១៣
© រក្សាសិទ្ធិដោយ thmeythmey.com