​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យោធាដណ្តើមអំណាចជាថ្មី៖ ក្តីសង្ឃឹម​ពលរដ្ឋ​មីយ៉ាន់ម៉ា​​លើ​«ប្រជា​ធិប​តេយ្យ»​ពិតដល់​ទីបញ្ចប់?
02, Feb 2021 , 9:00 am        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ាចេញមុខធ្វើបាតុកម្មដោយមានកាន់រូបភាពលោកស្រី​ ​អ៊ុង សានស៊ូជីផង ក្រោយយោធាធ្វើរដ្ឋប្រហារថ្ងៃ ១ខែកុម្ភៈ។ រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ាចេញមុខធ្វើបាតុកម្មដោយមានកាន់រូបភាពលោកស្រី​ ​អ៊ុង សានស៊ូជីផង ក្រោយយោធាធ្វើរដ្ឋប្រហារថ្ងៃ ១ខែកុម្ភៈ។ រូបភាព៖ AFP
ដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យទាំងលំបាកលំបិននៅមីយ៉ាន់ម៉ាត្រូវកាត់ផ្តាច់ម្តងទៀត ដោយសារក្រុមយោធាសម្រេចដណ្តើមអំណាចមកគ្រប់គ្រងជាថ្មី ក្រោយមានភាពប្រទាំងប្រទើសរឿងលទ្ធផលបោះឆ្នោតកាលពីចុងឆ្នាំ ២០២០។ ការត្រឡប់មកក្តោបក្តាប់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋជាថ្មីរបស់ក្រុមយោធា បង្ហាញឲ្យឃើញពីភាពស្មុគស្មាញពាក់ព័ន្ធភាពចម្រុះនៃក្រុមជាតិពន្ធុ សាសនា និងនយោបាយដែលបន្តរារាំងរដ្ឋអាស៊ីអាគ្នេយ៍មួយនេះមិនឲ្យឆ្ពោះទៅឆ្ងាយលើវិថីប្រជាធិបតេយ្យសេរី និងចាកផុតពីឥទ្ធិពលនៃក្រុមយោធាទាំងស្រុងឡើយ។ យ៉ាងណាមិញ ពលរដ្ឋមីយ៉ាន់ម៉ា នៅតែមានជំនឿ និងក្តីសង្ឃឹមមុតមាំថា ប្រជាធិបតេយ្យដែលប្រឹងចាក់ឬស អស់ច្រើនឆ្នាំមកនេះនឹងអាចដុះពន្លកឡើងវិញនៅពេលខាងមុខ។

ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ជាពេលដែលប្រជាជនមីយ៉ាន់ម៉ាភាគច្រើនរំពឹងថា​នឹងឃើញសភាថ្មីចាប់ផ្តើមបើកកិច្ចប្រជុំរបស់ខ្លួនសម្រាប់នីតិកាលថ្មីជាផ្លូវការនៅរដ្ឋធានីណៃពិដោ បន្ទាប់ពីការបោះឆ្នោតថ្ងៃ ៨ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលបង្ហាញថា​បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោតដណ្តើមអាសនៈលើស ៨០ភាគរយនៃអាសនៈដែលទំនេរសម្រាប់ប្រកួតប្រជែង។

ប៉ុន្តែ ក្តីរំពឹងទាំងនេះរលាយទៅវិញអស់ ដ្បិតថា រឿងដែលកើតឡើងជាក់ស្តែងគឺ ក្រុមយោធាបង្ខំឲ្យប្រធានាធិបតីស្តីទី U Myint Swe ផ្ទេរអំណាចទាំងស្រុងតាមការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់របស់រដ្ឋរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងត្រូវបានឃុំខ្លួន។

អត្ថបទទាក់ទង


ថ្វីបើមិនមានការឯកភាពគ្នាឲ្យដាច់ស្រេចក្តី ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅមីយ៉ាន់ម៉ានេះ គឺប្រាកដណាស់ថាជា «រដ្ឋប្រហារយោធា»  ដែលមានន័យថា ក្រុមនេះត្រឡប់មកកាន់កាប់នយោបាយរដ្ឋអាស៊ីអាគ្នេយ៍នេះជាថ្មីទៀតហើយ។ ជាមួយនឹងការសម្រេចដាក់រដ្ឋក្នុងភាពអាសន្នមួយឆ្នាំ អំណាចទាំងស្រុងក្នុងនាមជាមេដឹកនាំរដ្ឋ គឺស្ថិតក្នុងកណ្ដាប់ដៃឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ព មីន អ៊ុងឡាំង ទម្រាំមានការប្រែប្រួលផ្សេងទៀតនៅពេលខាងមុខ។

តាមពិតទៅ រដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ចែងថា អគ្គមេបញ្ជាការកងទ័ពអាចយកអំណាចរដ្ឋមកក្តោបក្តាប់បានដរាបណាលក្ខខណ្ឌពិសេសតម្រូវឲ្យ។ លក្ខខណ្ឌពិសេសនោះមានដូចជា ការកើតមាននៃវិបត្តិសន្តិសុខក្នុងនោះមានការបែកបាក់ប្រទេសជាតិ ឬការឯកភាពនិងសាមគ្គីជាតិ រួមជាមួយនឹងការបាត់បង់អធិបតេយ្យរដ្ឋទាំងស្រុងឬដោយផ្នែកផងដែរ។ 

យ៉ាងណាក៏ដោយ សញ្ញានៃការកើតមានឡើងនៃរដ្ឋប្រហារយោធាជាថ្មីនេះ ត្រូវបានគេវាយតម្លៃតាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ ខណៈដែលវត្តមានកងទ័ពកើនឡើងជាបន្តបន្ទាប់នៅតាមទីក្រុងធំៗ។ ម្យ៉ាងទៀត មេដឹកនាំក្រុមយោធាជាពិសេសឧត្តមសេនីយ៍ មីន អ៊ុងឡាំង មិនច្រានចោលលទ្ធភាពនៃការរៀបចំរដ្ឋប្រហារដើម្បីប្រមូលអំណាចមក្ដោបក្តាប់ឡើយ បើសិនជាចាំបាច់ ជាពិសេសក្នុងករណីដែលភាពមិនប្រក្រតីពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតមិនត្រូវបានដោះស្រាយសមរម្យទេ។ 

តាមពិតទៅ ដើមហេតុជំរុញឲ្យយោធាចេញអន្តរាគមន៍ក្នុងបញ្ហានយោបាយជាថ្មីរាប់ចាប់ពីការឆ្នោតប្រជាធិបតេយ្យលើកដំបូងក្រោយការបង្កើតរដ្ឋាភិបាលស៊ីវិលពេញលេញក្នុងឆ្នាំ​​ ២០១៦ គឺផ្តើមចេញពីការប្រទាំងប្រទើសគ្នារវាងបក្សកាន់អំណាចដែលឈ្នះឆ្នោត ជាមួយនឹងបក្សបង្រួបបង្រួម និងអភិវឌ្ឍន៍សហភាពដែលគាំទ្រដោយផ្ទាល់ពីក្រុមយោធា។ 

បក្សនយោបាយនេះបន្តត្អូញត្អែរពីភាពមិនប្រក្រីតីដែលកើតមានឡើងខ្លាំងក្នុងការបោះឆ្នោតនេះដែលវាធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត។ គណបក្សនេះ ក៏ដូចជាបណ្តាមេដឹកនំាក្រុមយោធាបង្ហាញការមិនពេញចិត្ត និងទាមទារឲ្យមានការដោះស្រាយបញ្ហានេះឲ្យសមរម្យថែមទៀត បើទោះជាគណៈកម្មការបោះឆ្នោតប្រកាសហើយថា គ្មានឡើយបញ្ហាមិនប្រក្រតីក៏ដូចជាការកេងបន្លំសន្លឹកឆ្នោតដូចការចោទ ប្រកាន់កន្លងមក។ ដូច្នេះហើយ សម្រាប់ក្រុមយោធា រដ្ឋប្រហារនេះជាជម្រើសមួយដែលចាំបាច់ នៅពេលដែលយន្តការផ្លូវច្បាប់ត្រូវបានប្រើប្រាស់រួចរាល់ ហើយក៏មិនមានផ្លែផ្កាអ្វីដែលនោះ។

រដ្ឋប្រហារយោធាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែហេតុអ្វីកើតឡើងនៅពេលនេះ? 
ត្រឹមនេះ យើងក្រឡេកទៅមើលប្រវត្តិសាស្ត្រមីយ៉ាន់ម៉ាម្តង។ រដ្ឋប្រហារជាទូទៅមិនមែនជារឿងថ្មី ឬចម្លែកទេសម្រាប់ប្រជាជាតិមីយ៉ាន់ម៉ា ស្របពេលដែលក្រុមយោធាមានអំណាច និងឥទ្ធិពលលើសលុបក្នុងបញ្ហានយោបាយរាប់ទសវត្សរ៍មកហើយសូម្បីតែក្រោយការកែទម្រង់នយោបាយ។ 

និយាយដល់តួនាទីយោធាមីយ៉ាន់ម៉ា គេមិនភ្លេចទេថា ចំណុចចាប់ផ្តើមនៃការចាក់គ្រឹះរបស់តួនាទីរបស់ក្រុមយោធាក្នុងកិច្ចការនយោបាយ ជាមួយនឹងការពង្រីកឥទ្ធិពលរបស់ខ្លួន គឺចេញពីរដ្ឋប្រហារដំបូង ឆ្នាំ ១៩៦២ ដែលដឹកនំាដោយឧត្តមសេនីយ៍ ណេ វិន។
 
ចាប់តាំងពីពេលនោះមក មេដឹកនាំយោធាមីយ៉ាន់ម៉ាធ្វើឲ្យតួអង្គយោធាក្លាយជា ស្ថាប័នដឹកនាំផ្លូវការ (ដែលគេស្គាល់ថា Tatmadaw) ដែលមានឥទ្ធិពល និងអាចមានលទ្ធភាពពង្រីកតួនាទីស្នូលស្របច្បាប់របស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់ជាតិ តាំងពីនយោបាយដល់សន្តិសុខជាតិ តមកដល់ឆ្នាំ ២០១១។ 

ឧត្តមសេនីយ​ ​ណេ វិន  ដឹកនាំចលនារដ្ឋប្រហារដំបូងក្នុងឆ្នាំ ១៩៦២ ក្រោយមីយ៉ាន់ម៉ាប្រកាសឯករាជ្យពីចក្រភពអង់គ្លេសឆ្នាំ ១៩៤៨។ រូបភាព៖ New Mandala។

គ្រប់គ្នាប្រាដកជាដឹងច្បាស់ហើយថា ឆ្នាំ ២០១១ ជាចំណុចផ្តើមនៃការធ្វើសម្បទាននយោបាយពីក្រុមយោធា តាមរយៈការបង្កើតឡើងនៃរបបពាក់កណ្តាលស៊ីវិលដឹកនាំដោយលោក​​ ថេន សេន បន្ទាប់ពីមានការបោះឆ្នោតសភា និងការដោះលែងលោកស្រី ស៊ូជី រួមជាមួយអ្នកទោសនយោបាយជាច្រើននាក់ផង។

បន្ទាប់មក ក្នុងឆ្នាំ ២០១៥ ការបោះឆ្នោតប្រជាធិបតេយ្យពេញលេញមួយត្រូវបានរៀបចំឡើង ដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី និងបង្កើតរបបដឹកនាំស៊ីវិលពេញលេញ។ ពេលនោះហើយ ដែលទាំងសហគមន៍អន្តរជាតិ  និង ប្រជាជនមីយ៉ាន់ម៉ាខ្លួនឯងមានក្តីរំពឹងខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ណាស់ចំពោះរបត់នយោបាយមីយ៉ាន់ម៉ានេះ។

បើទោះជាមានការកែទម្រង់តាមបែបផែនប្រជាធិបតេយ្យ និងមានការផ្ទេរអំណាចពេញលេញពីយោធាក្នុងឆ្នាំ ២០១៥ ដែលខ្លះចាត់ទុកថា ចំណុចរបត់នយោបាយជាប្រវត្តិសាស្ត្រនៃរដ្ឋអាស៊ីអាគ្នេយ៍មួយនេះក៏ដោយចុះ អំណាចយោធាមិនដែលថមថយឥទ្ធិពល ឬផុតរលត់ពីក្នុងនយោបាយមីយ៉ាន់ម៉ាទេ។ 

នេះក៏ដោយសារ រដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលព្រាងឡើយដោយក្រុមយោធានេះផ្ទាល់ មិនត្រឹមតែជារនាំងផ្លូវច្បាប់សម្រាប់ឃារឃាំងលោកស្រី ស៊ូជី ឡើងធ្វើជាប្រធានាធិបតីប៉ុណ្ណោះទេ តែវាក៏បង្កភាពងាយស្រួលសម្រាប់ឲ្យក្រុមយោធាត្រឡប់មកយកអំណាចវិញ ក្នុងកាលៈទេសៈចាំបាច់ដែរ។

យោងតាមមាត្រាសំខាន់ៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ អាសនៈ ២៥ភាគរយនៃអាសនៈសភាត្រូវបានរក្សាទុកសម្រាប់ក្រុមយោធា ដែលល្មមគ្រប់គ្រាន់សម្រាប់ការរារាំងរាល់ការប៉ុនប៉ងធ្វើវិសោធនកម្មលើមាត្រានានាជាពិសេសលើចំណុចចែងពីប្រធានាធិបតី។ មិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋធម្មនុញ្ញដដែលនោះតម្រូវឲ្យក្រសួងសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងកិច្ចការសន្តិសុខជាតិមានដូចជា មហាផ្ទៃ កិច្ចការព្រំដែន និង ការពារជាតិស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ដោយក្រុមយោធាថែមទៀត។ 

ដូចបានដឹងស្រាប់ហើយ មីយ៉ាន់ម៉ាប្រឈមបញ្ហាសន្តិសុខ និងការគំរាមកំហែងស្ថិរភាពនយោបាយរាប់មិនអស់ ដោយសារការបែកខ្ញែកគ្នាក្នុងចំណោមជនជាតិភាគច្រើននិងភាគតិចច្រើនរាប់រយ។ ដូចឃើញស្រាប់ហើយ ការចរចាសន្តិភាពជាមួយក្រុមប្រដាប់អាវុធតំណាងឲ្យជនជាតិភាគតិចដែលត្រូវ បន្តរៀបចំឡើងទាំងមិនសូវមានផលទៅទៀត។ ម្យ៉ាងទៀត អ្វីដែលកាន់តែស្មុគស្មាញជាងនេះ គឺ មីយ៉ាន់ម៉ាក៏កំពុងរងគ្រោះដោយសារ វិបត្តិជនភៀសខ្លួន និងការប្រេះឆាគ្នាលើជំនឿសាសនា រវាងអ្នកប្រណិប័តន៍ព្រះពុទ្ធសាសនា  និងអ្នកប្រកាន់សាសនាឥស្លាមដែលមានជនជាតិភាគតិចមិនត្រូវគេទទួលស្គាល់ជាប្រជាជនស្របច្បាប់រ៉ូហ៊ីងយ៉ា។

ដូច្នេះហើយ សម្រាប់ក្រុមយោធា ការប្រើប្រាស់ហេតុផលទាំងនេះដើម្បីលូកលាន់ចូលក្នុងកិច្ចការនយោបាយជាតិ អាចធ្វើបានគ្រប់ពេលវេលា បើសិនជាលក្ខខណ្ឌតម្រូវ។ ប៉ុន្តែស្របពេលរដ្ឋប្រហារមិនមែនជារឿងថ្មីទេ ចុះហេតុអ្វីបានជារដ្ឋប្រហារត្រូវរៀបចំឡើងពេលនេះទៅវិញ?

មិត្តអ្នកអានបានដឹងរួចរាល់ហើយ បញ្ហាដែលធ្វើឲ្យក្រុមយោធាឃ្នើសចិត្តខ្លាំងរហូតដល់ចេញអន្តរាគមន៍គឺពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោតកាលពីចុងឆ្នាំមុន។  ប៉ុន្តែកត្តានេះមួយមុខមិនល្មមគ្រប់គ្រាន់ជំរុញឲ្យក្រុមយោធាដែលកំពុងទទួលបានប្រយោជន៍ច្រើនពីការកែទម្រង់នយោបាយនេះ ត្រូវចេញផ្សងព្រេងតាមរយៈសកម្មភាពរដ្ឋប្រហារជាថ្មីទេ។

នេះក៏ដោយសារការក្រសោបយកអំណាចជាថ្មីដោយប្រឈមនឹងការថ្កោលទោសជាស៊េរីពីសហគមន៍អន្តរជាតិ និងធ្វើឲ្យរាំងស្ទះដល់សេដ្ឋកិច្ចដែលកំពុងត្រដរខ្យល់ស្រាប់នោះ មិនផ្តល់ផលចំណេញអ្វីដល់ក្រុមយោធាឡើយ។ របបដឹកនាំស៊ីវិល ថ្វីបើប្រឈមបញ្ហាបន្តិចទៅចុះជាពិសេសបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង និងជម្លោះប្រដាប់អាវុធ នៅតែផ្តល់ប្រយោជន៍ច្រើនដល់បណ្តាក្រុមយោធាជាពិសេសប្រយោជន៍សេដ្ឋកិច្ច។  

វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផ្ទុះឡើងក្នុងខែសីហា​ឆ្នាំ​២០១៧។​រូបភាព៖ AFP។

ប៉ុន្តែស្ថានភាពជាក់ស្តែង វាអាចមានហេតុផលធំៗចំនួនបីផ្សេងទៀតដែលមានចំណែកជំរុញឲ្យយោធាមីយ៉ាន់ម៉ាជាពិសេសឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវសម្រេចចិត្តយកអំណាចមកក្តោបក្តាប់មួយរយៈសិនដើម្បីស្តារស្ថានការណ៍។

ហេតុផលចម្បងទីមួយ គឺមេដឹកនាំកំពូលរបស់ក្រុមយោធាខ្លាចបាត់បង់ឥទ្ធិពលទាំងក្នុងនយោបាយមីយ៉ាន់ម៉ា។ ការបោះឆ្នោតឆ្នាំ ២០១៥ បង្ហាញឲ្យឃើញច្បាស់រួចទៅហើយ ពីភាពឆ្អែតឆ្អន់របស់ពលរដ្ឋមីយ៉ាន់ម៉ាចំពោះរបបដឹកនាំយោធា ជាពិសេសការលូកដៃរបស់ក្រុមនេះក្នុងបញ្ហានយោបាយ។

ប៉ុន្តែការប្រែប្រួលកាន់ធំមួយទៀតកើតឡើងថ្ងៃ ៨វិច្ឆិកា ឆ្នាំ ២០២០ កន្លង ដ្បិតវាក្លាយជាវិញ្ញាសាសំខាន់ដែលវាស់ស្ទង់ទឹកចិត្តពលរដ្ឋមីយ៉ាន់ម៉ា រយៈពេលប្រាំឆ្នាំក្រោយរដ្ឋបាលស៊ីវិលពេញលេញត្រូវបានបង្កើតឡើងជំនួសរបបពាក់កណ្តាលស៊ីវិល។ វាជាអ្វីដែលយោធាមិនដែលរំពឹងគិត ហើយក៏មិនចង់ឃើញដែរ។

ការប្រែប្រួលកាន់តែធំនោះគឺសំដៅលើស្ថានភាពដែលបក្សកាន់អំណាចរបស់លោកស្រី ស៊ូជី នៅតែបន្តទាក់ទាញការគាំទ្រពលរដ្ឋមីយ៉ាន់ម៉ាគ្រប់ស្រទាប់វណ្ណៈដោយដណ្តើមបាន ៨៣ភាគរយនៃអាសនៈសរុប ខណៈដែលគណបក្សស្និទ្ធនឹងក្រុមយោធាធ្លាក់ប្រជាប្រិយភាព រហូតបាត់បង់អាសនៈប្រាំបីថែមទៀត បើធៀបនឹងឆ្នាំ ២០១៥។ 

ថ្វីបើជ័យជម្នះរបស់បក្សកាន់អំណាច មិនអនុញ្ញាតឲ្យលោកស្រី ស៊ូជី កែរដ្ឋធម្មនុញ្ញបាន និងមិនមែនបញ្ចប់ការក្តោបក្តាប់អំណាចលើសលុបរបស់យោធាបានក៏ដោយចុះ តែវាជារឿងអាម៉ាសដ៏ធំមួយ ហើយក៏មិនមែនជារឿងសាមញ្ញដែរ។ បើបណ្តែតបណ្តោយទៀត វាប្រាកដណាស់ថា  ទំនុកចិត្តពីប្រជាជន និងតួនាទីរបស់ក្រុមយោធាដែលតាំងខ្លួនជាសរសរស្តម្ភនៃសន្តិសុខ និងស្ថិរភាពជាតិអាចនឹងផុតរលត់ទៅទាំងស្រុងក៏ថាបាន។  

ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ក្រុមអ្នកនយោបាយស្និទ្ធក្រុមយោធាក្នុងការបោះឆ្នោតនេះ កើតឡើងប៉ុន្មានខែប៉ុណ្ណោះមុនពេលដែលឧត្តមសេនីយ៍ មីន អ៊ុងឡាំង  ចូលនិវត្តន៍ពីតួនាទីខ្លួន។ ចង់មិនចង់ មេដឹកនាំក្រុមយោធានេះ មិនអាចចាកចេញទៅទាំងឥទ្ធិពល និងជំនឿចិត្តពីពលរដ្ឋលើក្រុមខ្លួនបាត់បង់ស្ទើអស់បែបនេះទេ។ ការដឹកនាំរដ្ឋប្រហារនេះ​មិនត្រឹមតែអនុញ្ញាតឲ្យឧត្តមសេនីយ៍រូបនេះបន្តមហិច្ឆតានយោបាយ​ប៉ុណ្ណោះ​ទេ​តែវាក៏ជាការក្រើនរម្លឹកភាគីពាក់ព័ន្ធជាពិសេសបក្សកាន់អំណាចរបស់លោកស្រី ស៊ូជី ក៏ដូចជាសហគមន៍អន្តរជាតិថា យោធានៅតែមានឥទ្ធិពលខ្លាំង និងតួនាទីសំខាន់ក្នុងកិច្ចការនយោបាយផ្ទៃក្នុង។   

ចំណុចមួយទៀត ទំនងជាក្រុមយោធាសំឡឹងឃើញឳកាសសំខាន់ ខណៈដែលពិភពលោកទាំងមូលកំពុងស្ថិតក្នុងស្ថានភាពលំបាក ជាប់ដៃដោះស្រាយបញ្ហាច្រើនរាប់មិនអស់ទាំង សេដ្ឋកិច្ច និងសង្គម ដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ ១៩។ ត្រង់នេះ មេដឹកនាំយោធាមីយ៉ាន់ម៉ាទំនងជា វាយតម្លៃជាមុនរួចទៅហើយថា បណ្តាប្រទេសធំៗ ជាពិសេសលោកខាងលិច នឹងមិនបង្ហាញជំហររឹងត្អឹងខ្លាំងដូចមុនឡើយ។  

ក្រោយយោធាមីយ៉ាន់ម៉ាឡើងគ្រប់គ្រងអំណាច គេឃើញបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ក៏ដូចជាមហាអំណាច និងដៃគូអភិវឌ្ឍដូចជាអាមេរិក សហភាពអឺរ៉ុប ចិន អូស្រា្តលី និងអង្គការសហប្រជាជាតិ ថ្លែងសារជុំវិញវិបត្តិនយោបាយដែលកើតឡើងនេះ។ ប៉ុន្តែភាគច្រើន វាមានត្រឹមការថ្កោលទោស និងអំពាវនាវឲ្យ ភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធី និង គោរពនីតិរដ្ឋប៉ុណ្ណោះ។ មានតែអាមេរិកប៉ុណ្ណោះ ដែលគំរាមដាក់ទោសទណ្ឌលើក្រុមយោធាដែលរៀបចំរដ្ឋប្រហារដណ្តើមអំណាច ដែលទាំងមេដឹកនាំយោធាជាន់ខ្ពស់រួមទាំងលោក មីន អ៊ុងឡាំង ផងនោះរងទណ្ឌកម្មអាមេរិករួចទៅហើយ។  

ហេតុផលចុងក្រោយគឺ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងសម្ពាធអន្តរជាតិ។ បញ្ហារ៉ូហ៊ីងយ៉ាបន្តស្ថិតនៅជាសំណុំរឿងក្តៅគគុក ហើយស្មុគស្មាញស្រាយមិនចេញ។ តាំងពីពេលដែលវិបត្តិជនភៀសខ្លួនផ្ទុះឡើងក្នុងឆ្នាំ ២០១៧ សហគមន៍អន្តរជាតិបន្តទិតៀន និងដាក់សម្ពាធលើរបបដឹកនាំមីយ៉ាន់ម៉ាជាពិសេសក្រុមយោធា។ 

អ្វីដែលសំខាន់ គឺ វាមានការស៊ើបអង្កេតនិងមានការដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដោយចោទប្រកាន់ក្រុមយោធានេះថា បានធ្វើទុក្ខបុកម្នេញ និងសម្លាប់រង្គាលប្រជាជនរ៉ូហ៊ីងយ៉ាថែមផង។ ខែធ្នូឆ្នាំ ២០១៩ ក្រុងវ៉ាស៊ីនតោនសម្រេចដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាដោយឆ្លើយតបនឹងសំណុំរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះដែរ

ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង ដែលនឹងត្រូវចូលនិវត្តន៍ខែកក្កដាខាងមុខ ក្លាយជាមេដឹកនាំរដ្ឋប្រហារថ្ងៃ ១ខែកុម្ភៈ។ រូបភាព៖ AFP។
 

យ៉ាងណាមិញ ការផ្លាស់ប្តូរនៃក្បាលម៉ាស៊ីនដឹកនាំថ្មីនៅអាមេរិករឹតតែធ្វើឲ្យក្រុមយោធាមីយ៉ាន់ម៉ាដេកមិនលក់បក់មិនល្ហើយមួយកម្រិតទៀត។ ហេតុអ្វីត្រូវខ្វល់ខ្វាយ? ចម្លើយគឺថា គេមិនភ្លេចថា  រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីលោក Antony Blinken បានបញ្ជាក់ក្នុងពេលផ្តល់សក្ខីកម្មក្នុងព្រឹទ្ធសភាថា អាមេរិកនឹងចាប់ផ្តើមត្រួតពិនិត្យឡើងវិញបញ្ហារ៉ូហ៊ីងយ៉ាដើម្បីកំណត់បានថា វាជាអំពើប្រល័យពូជសាសន៍ដែរឬយ៉ាងណា។ 

ការបង្ហាញជំហររបស់ក្រុងវ៉ាស៊ីនតោនដោយចាត់ទុកថា ទង្វើក្រុមយោធាជាអំពើប្រល័យពូជសាសន៍ ប្រាកដណាស់នឹងជួយដល់ដំណើរការស្វែងរកយុត្តិធម៌របស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្នុងការកំណត់អ្នកទទួលខុសត្រូវផ្លូវច្បាប់ក្នុងឧក្រិដ្ឋកម្មអន្តរជាតិនេះនៅពេលខាងមុខជាពិសេសអគ្គមេបញ្ជាការកងទ័ពឧត្តមសេនីយ៍​​ មីន អ៊ុងឡាំងតែម្តង។ នេះមិនរាប់ទាំងជំហរការទូតដែលអាមេរិកនឹងប្រើប្រាស់ដើម្បីស្វះស្វែងរកការគាំទ្រក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាពិសេសពីមហាអំណាចចិន។ 

ដូច្នេះហើយ ចំពេលដែលស្ថានការណ៍បោះឆ្នោតមិនសូវល្អស្រាប់ ហើយពិភពលោកកំពុងច្របូកច្របល់ដោយសារជំងឺឆ្លងរាតត្បាតផង មេដឹកនាំយោធាមីយ៉ាន់ម៉ា ឆ្លៀតដណ្តើមអំណាចមកកាន់កាប់សិន ដើម្បីសាកល្បង និងឃ្លាំមើលការឆ្លើយតបពីសហគមន៍អន្តជាតិ។ បន្ថែមពីនេះ ក្រុមនេះក៏ទំនងជាចង់ពញ្ញាក់អារម្មណ៍ក្រុងវ៉ាស៊ីនតោនថា រាល់ការដាក់សម្ពាធគ្រប់ផ្នែក ឬបង្ខិតបង្ខំលើខ្លួន នឹងកាន់តែរុញច្រានមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពឯកោជាថ្មី ដោយជ្រើសរើសយករបបយោធាផ្តាច់ការដូចមុនប៉ុណ្ណោះ។
 
ដង្ហើមប្រជាធិបតេយ្យមីយ៉ាន់ម៉ាអស់ខ្យល់?

ស្លេះរឿងមូលហេតុដែលជារឿងអតីតកាលមួយឡែកសិន។ ត្រឹមនេះស្មេរចង់ទាញចំណាប់អារម្មណ៍អ្នកអានទៅរកបច្ចុប្បន្ន និងអនាគនៃប្រធិបតេយ្យក្មេងខ្ចីរបស់មីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ យោធាវិញម្តង។ 

តាមពិតទៅ សកម្មភាពរបស់ក្រុមយោធា បានធ្វើឲ្យ អ្នកមាននិន្នាការគាំទ្រប្រជាធិបតេយ្យសេរី និងអ្នកមានក្តីសង្ឃឹមលើការដឹកនាំរបស់លោកស្រី ស៊ូជី ជាពិសេសប្រជាជនវ័យក្មេង និងសហគមន៍អន្តរជាតិខកចិត្តមិនតិចទេ។ ប្រជាជនក្មេងចាស់ប្រុសស្រី ចេញមុខបាតុកម្មតវ៉ា និងបង្ហាញការមិនពេញចិត្តចំពោះក្រុមយោធាផង។ លោកស្រី ស៊ូជី ឯណោះវិញក៏បានអំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ាកុំទទួលយករដ្ឋប្រហារដែលក្រុមយោធារៀបចំនេះទៀត។

បើទោះលោកស្រី ស៊ូជី មិនមែនជាអ្នកនយោបាយល្អឥតខ្ចោះដែលត្រូវកាន់កាប់ក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់រដ្ឋក្តី សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាភាគច្រើន អ្នកនយោបាយរូបនេះក៏នៅតែប្រសើរឆ្ងាយជាងក្រុមយោធាដែលបានរឹតត្បិតសិទ្ធិសេរីភាព និងធ្វើទុក្ខបុកម្នេញពលរដ្ឋមីយ៉ាន់ម៉ាអស់រយៈពេលប្រាំទសវត្សរ៍មកហើយនោះ។ 

ទោះជាបែបណាក្តី គេនៅតែរំពឹងថា ចលនាប្រឆាំងយោធា និងគាំទ្រប្រជាធិបតេយ្យរបស់ពលរដ្ឋមីយ៉ាន់ម៉ានេះនឹងមិនជាន់ដានប្រវត្តិសាស្ត្រដូចអំឡុងឆ្នាំ ១៩៨៨ នៅពេលដែលបាតុករជាងបីរយនាក់ត្រូវបានសម្លាប់ក្នុងការបង្រ្កាបយ៉ាងព្រៃផ្សៃមួយពីសំណាក់កងទ័ពឡើយ។ 

ទាក់ទិននឹងប្រជាធិបតេយ្យ មីយ៉ាន់ម៉ាដែរនោះ តាំងពីឆ្នាំ ២០១៦ ពេលដែលរដ្ឋាភិបាលស៊ីវិលចាប់បដិសន្ធិឡើង លោកស្រី ស៊ូជី ដែលគេចាត់ទុកថា ជាមេដឹកនាំជាក់ស្តែង ប្រឹងប្រែងប្រើប្រាស់ជំហរទន់ភ្លន់ និងមិនប្រឹងប្រឈមមុខជាមួយក្រុមយោធាឡើយ ដោយសារ លោកស្រីរំពឹងមុតមាំថា ភាពទន់ភ្លន់នេះអាចនឹងបន្ទន់ចិត្តយោធាឲ្យព្រមធ្វើសម្បទានបន្ថែមសម្រាប់ការឈានទៅកែប្រែរដ្ឋធម្មនុញ្ញ។

មិនត្រឹមតែជ្រើសយកផ្លូវមិនឈ្លោះជាមួយក្រុមយោធាទេ  អតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះសុខចិត្តចេញមុខការពារក្រុមយោធា ក្នុងសំណុំរឿងបំពានសិទ្ធិមនុស្ស តទល់នឹងពាក្យទិតៀន ដៀលត្មិះ​ពី​សហគមន៍​អន្តរជាតិទៅទៀត។ 

ក្តីរំពឹងរបស់លោកស្រី ស៊ូជី ទាំងនោះក៏រលាយអស់ទៅវិញដែរ។ លើសពីរងភាពអាម៉ាស់ដោយសារត្រូវបានគេដកយកពានរង្វាន់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាហូរហែ លោកស្រី ស៊ូជី ត្រូវយោធាឃុំខ្លួនជាថ្មី និងប្លន់យកអំណាចទៅគ្រប់គ្រងវិញទៀត។  
 
យ៉ាងណាមិញ ក្រុមយោធាបានសន្យារួចរាល់ហើយថា ខ្លួននឹងគ្រប់គ្រងប្រទេសត្រឹមមួយឆ្នាំប៉ុណ្ណោះ ដើម្បីរៀបចំកំណែទម្រង់ស្ថាប័នបោះឆ្នោតឲ្យស្រួលបួល មុនផ្ទេរអំណាចវិញតាមរយៈការបោះឆ្នោតសាកលមួយ។ ថ្វីត្បិតថា ការសន្យាផ្ទេរអំណាចមានក៏ពិតមែន គ្មានអ្នកណាអាចដឹងច្បាស់ទេថា ក្រុមយោធានឹងគោរពតាមសម្តីខ្លួនឬអត់ទេនៅមួយឆ្នាំខាងមុខទៀត។
ប្រជាជនមីយ៉ាន់ម៉ាចេញមុខបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី​១​ ខែកុម្ភៈ។ រូបភាព៖ AFP

ប៉ុន្តែយ៉ាងហោចណាស់ យើងអាចដឹងថា ការច្របាច់ផ្តាច់ដង្ហើមប្រជាធិបតេយ្យទាំងស្រុង ដោយត្រឡប់ទៅរករបបដឹកនាំយោធា និងបិទផ្តាច់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិរយៈពេលយូរនោះ នឹងមិនមានឥទ្ធិពលវិជ្ជមាន និងផ្តល់ប្រយោជន៍យូរអង្វែងដល់ក្រុមខ្លួនទេ។ នេះមិនរាប់ទាំងលទ្ធភាពនៃការកើនឡើងនៃចរន្តប្រឆាំងក្រុមយោធាក្នុងស្រុកទេ។ ម្យ៉ាងវិញទៀត គោលដៅចម្បងរបស់ក្រុមយោធានេះ គឺ រៀបចំដំណើរការ និងនីតិវិធីបោះឆ្នោតឡើងវិញដែលនឹងអាចផ្តល់ឲ្យសម្ព័ន្ធមិត្តខ្លួន បក្សបង្រួបបង្រួមនិងអភិវឌ្ឍន៍សហភាព នូវអាទិភាពខ្ពស់ជាងមុនក្នុងប្រកួតប្រជែងនយោបាយ និងអាចដណ្តើមអាសនៈសភាច្រើនឡើងវិញប៉ុណ្ណោះ។ 

ដូច្នេះ វាប្រាកដណាស់ថា មីយ៉ាន់ម៉ាប្រហែលជានឹងត្រឡប់ទៅរករបបដឹកនាំស៊ីវិលឡើងវិញនៅពេលខាងមុខ ពេលដែលក្រុមយោធាសម្រេចមហិច្ឆតានយោបាយដែលខ្លួនចង់បាន។ ប៉ុន្តែអ្វីដែលមិនប្រែប្រួល ឬអាចផ្លាស់ប្តូរក្នុងរយៈពេលយូរអង្វែងនោះ គឺ ការលូកលាន់នយោបាយកាត់ដំណើរការប្រជាធិបតេយ្យតាមរយៈរដ្ឋប្រហារយោធានេះនឹងនៅជាមធ្យោបាយរបស់ក្រុមយោធា ហើយក្រុមនេះនៅតែអាចរក្សាឥទ្ធិពល និងតួនាទីរបស់ខ្លួនក្នុងការកំណត់ជោគវាសនានយោបាយមីយ៉ាន់ម៉ា។ 

ទន្ទឹមនឹងនេះ រដ្ឋប្រហារលើកនេះដែរក៏ធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាដែលបានលះបង់ និងប្រឹងប្រែងជម្នះរាល់ឧបសគ្គទាំងលំបាកលំបិនមិនញញើតនឹងគ្រោះថ្នាក់ក្នុងបុព្វហេតុសេរីភាព សន្តិភាព និងប្រជាធិបតេយ្យ កាន់តែយល់ច្បាស់ថា ផ្លូវទៅរកប្រជាធិបតេយ្យពិតប្រាកដ និងពេញលេញនៅមីយ៉ាន់ម៉ាកាន់តែប្រឈមភាពលំបាកខ្លាំងជាពិសេសសម្រាប់រដ្ឋដែលចម្រុះដោយក្រុមជាតិពន្ធុ ហ៊ុមព័ទ្ធដោយការជម្លោះ និងខ្វែងគំនិតគ្នារឿងសាសនា​និងនយោ​បាយផង។ 

ក្តីសង្ឃឹមកាន់តែរួមតូច ប៉ុន្តែឧបសគ្គ និងភាពលំបាកទាំងនេះមិនអាចបន្ទច់បង្អាក់ ឬអាចរារាំងឆន្ទៈ និងបង្ខំឲ្យពួកគេមិនបោះបង់គោលដៅឡើយ។​ ដរាបណាក្តីសង្ឃឹមនៅតែមាន ទោះផ្លូវនៅវែងឆ្ងាយបន្តិច​ក្តី ប្រជាជន​មីយ៉ាន់ម៉ានឹងអាចមានលទ្ធភាពគូសវាសជោគវាសនាជាតិរបស់ខ្លួនបាន៕

Tag:
 មីយ៉ាន់ម៉ា
  អ៊ុងសាន ស៊ូជី
 ​រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com