COVID-19
ជាតិ
បុរស​ខ្មែរ​មកពី​ប្រទេស​គុយ​វ៉ែត​ម្នា​ក់បាន​ឆ្លង​កូ​វីដ​-១៩
04, Feb 2021 , 9:33 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​៤ ខែកុម្ភៈ​បានប្រកាស​រកឃើញ​បុរស​ខ្មែរ​ម្នាក់​មកពី​ប្រទេស​គុយ​វ៉ែត​ម្នាក់ មាន​កូ​វីដ​-១៩​។ ទន្ទឹមនេះ​ក្រសួង​ក៏​ប្រកាស​ករណី​ជាសះស្បើយ​ចំនួន​៤​នាក់​ដែលជា​ពលករ​មកពី​ប្រទេស​ថៃ​ផងដែរ​។

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បុរស​ដែល​ផ្ទុក​កូ​វីដ​-១៩​នៅថ្ងៃនេះ មាន​អាសយដ្ឋាន​នៅក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ បុរស​រូបនេះ បានធ្វើ​ដំណើរ​ពី​គុយ​វ៉ែត​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១ កុម្ភៈ​។ បច្ចុប្បន្ន​អ្នកជំងឺ​នេះ កំពុង​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​។​
 
​ចំពោះ​អ្នកជា​សះស្បើយ​ចំនួន​៤​នាក់​នៅថ្ងៃនេះ ជា​ពលករ​មកពី​ប្រទេស ដែល​បាន​សម្រាក​ព្យាបាល​នៅ​ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះ​មាន​ស្ត្រី​អាយុ​៣៨​ឆ្នាំ នៅក្នុង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា​។ ស្ត្រី​ម្នាក់ទៀត​មាន​អាយុ​៤២​ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា​។​
 
​បុរស​អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមករា​។ ចំណែក​បុរស​ម្នាក់ទៀត​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ក្នុង​ឃុំ​ស្រ​ណោ​ល ស្រុក​ក្រឡាញ ខេត្តសៀមរាប បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៤ ខែមករា​។ បច្ចុប្បន្ន​ពួកគេ​ទាំង​៤​នាក់​នោះ​ត្រូវបាន​ពេទ្យ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​ហើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​៤៦៧​នាក់ ក្នុងនោះ មាន​៤៥១​នាក់ បានជា​សះស្បើយ​។ អ្នកជំងឺ​១៦​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ប៉ៃលិន និង​បន្ទាយមានជ័យ​៕  
 

Tag:
 ​ជំងឺ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com