COVID-19
ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​វៀតណាម រឹតបន្ដឹង​ការចេញ​-​ចូល ខណៈ​កូ​វីដ​-១៩ បំប្លែង​ថ្មី​
04, Feb 2021 , 4:21 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត ដែល​នៅជាប់​ព្រំដែន​វៀតណាម រឹតបន្តឹង​ការចេញ​-​ចូល របស់​ពលរដ្ឋ ខណៈ​កូ​វីដ​-១៩ ដែល​បាន​បំប្លែង​ភេទ​ថ្មី កំពុង​រីក​រាលដាល​នៅក្នុង​រដ្ឋ​ជាប់​កម្ពុ​ជាមួយនេះ​។

 
​តាមរយៈ​សារ​សំឡេង​ជាង​១៤​នាទី ដែល​បាន​ចែកចាយ​តាម​បណ្ដាញ​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៤ កុម្ភៈ សម្ដេច បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​វៀតណាម​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន ដោយ​ពង្រឹង​ការត្រួតពិនិត្យ និង​តាមដាន​ពលរដ្ឋ​ដែល​វិល​ត្រឡប់មក​កម្ពុជា​វិញ​ឲ្យ​បាន​តឹងរឹង​។ ជាពិសេស​ត្រូវ​ច​ត្តា​ឡី​ស័ក​លើ​ពលរដ្ឋ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ប្រកាស​ឱ្យ​បណ្តា​ខេត្ត​ដែល​នៅជាប់​ប្រទេស​វៀតណាម​ទាំងអស់ ពី​ខេត្តកំពត រហូតដល់​ខេត្តរតនគិរី ចាត់វិធានការ​បន្ទាន់​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លងទៅ​ឆ្លង​មក​របស់​ប្រជាជន​ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​វៀតណាម​។ ប្រជាជន​កម្ពុជា ដែល​ឆ្លងទៅ​ប្រទេស​វៀតណាម ក៏ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​អាជ្ញាធរ​វៀតណាម ដូចដែល​ធ្វើ​កន្លងទៅ​។ រីឯ​ប្រជាជន​វៀតណាម ដែល​ឆ្លង​ចូលមក​កម្ពុជា ក៏ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​»​។ 
 
​សម្រាប់​សម្ដេច ហ៊ុន សែន ករណី​វៀតណាម​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ដែល​បំប្លែង​ភេទ​ថ្មី ឆ្លង​ពី​អង់គ្លេស​នេះ គឺជា​ក្តី​ព្រួយបារម្ភ​ធំ​មួយ ដែល​អាជ្ញាធរ​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ទប់​ស្កាត់​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។ «​ប្រការនេះ​ពឹងពាក់​ទាំងស្រុង​ទៅលើ​អាជ្ញាធរ អភិបាលខេត្ត ដឹកនាំ​ការងារ​នេះ ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​បិទ​ខ្ទប់​ឱ្យ​ខាន​តែ​បាន​នូវ​ការ​ឆ្លងតាម​ច្រករបៀង​ទាំង​នៅតាម​ព្រំដែន និង​ត្រួតពិនិត្យ​នៅ​ខាងក្នុង​ឱ្យបាន​ហ្មត់ចត់ ហើយ​តម្រូវឱ្យ​រៀបចំ​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​រឹងមាំ​បំផុត​»​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​មិនមែន​តែ​នៅ​ព្រំដែន​វៀតណាម​ទេ សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ពង្រឹង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅតាម​ព្រំដែន​ថៃ​ដែរ ខណៈដែល​ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ទីនោះ កំពុង​សម្រុក​មក​កម្ពុ​ជា​វិញ​ជា​បន្តបន្ទាប់​។ បើតាម​ប្រមុខ​រដ្ឋាភិបាល អាជ្ញាធរ​មិនអាច​មើលស្រាល ឬ​ធ្វេសប្រហែស​លើ​កិច្ចការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នេះ​បានឡើយ​។ «​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​ប្រទេស​យើង​នឹង​មានការ​ខ្ទេចខ្ទាំ​ទៅដោយ​កូ​វីដ​១៩ ដែល​រុញច្រាន​ពី​ប្រទេស​ថៃ​មក​ផង និង​រុញច្រាន​ពី​ប្រទេស​វៀតណាម​មក​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ខេត្ត​ជាប់​ព្រំដែន​វៀតណាម រួមមាន កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនគិរី ។ 
 
​ក្រោយ​ទទួលបាន​សារ​សំឡេង​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជូន​លិខិត​ណែនាំ​អាជ្ញាធរ​គ្រប់​ខេត្ត ដែល​នៅជាប់​ព្រំដែន​វៀតណាម​ដូច្នេះ​ថា​៖«​ចុះ​ត្រួតពិនិត្យ​តាមដាន រុករក​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស ជាពិសេស​មកពី​ប្រទេស​វៀតណាម ថៃ យក​វត្ថុ​សំណាក​សម្រាប់​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា​។ អាជ្ញាធរ​ត្រូវ​តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​រាយការណ៍​មក​ទូរ​សព្ទ​ទាន់​ហេតុការណ៍ បើ​សង្ស័យ​ឆ្លង​វីរុស​កូ​វីដ​-១៩»​។ 
 
​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​សមត្ថកិច្ច ត្រូវ​ត្រួតពិនិត្យ​តាម​បេនឡាន​អាជីវកម្ម ដែលជា​កន្លែង​ប្រមូលផ្តុំ​នូវ​អ្នកដំណើរ​។ សមត្ថកិច្ច​ត្រូវមាន​តួនាទី​តាមដាន និង​ត្រួតពិនិត្យ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រមណីយដ្ឋាន ទីកន្លែង​កម្សាន្ត​នានា និង​កន្លែង​លក់ដូរ រួមទាំង​បន្ត​អប់រំ​ដល់​ពលរដ្ឋ​អំពី​វិធាន​ការបង្ការ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ទន្ទឹមនេះ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ផ្អាក និង​ពន្យារ​ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ដែល​កំពុង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​សិន ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ពលរដ្ឋ​ខ្មែរ​សរុប​ចំនួន​១០,៥៥៦​នាក់ ក្នុងនោះ ស្រី​៤,៣៨២​នាក់ ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​។ នេះ​បើតាម​លោក កែវ វណ្ណ​ថន អគ្គនាយករង​អន្តោប្រវេសន៍ ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បានធ្វើ​ដំណើរ​តាម​ច្រក​អូរ​ស្មាច់ ប៉ោយប៉ែត ដូង ភ្នំ​ដី ចាំ​យាម និង​ព្រំ​។​
 
​កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​៤៦៧​នាក់ ក្នុងនោះ មាន​៤៥១​នាក់ បានជា​សះស្បើយ​។ អ្នកជំងឺ​១៦​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ប៉ៃលិន និង​បន្ទាយមានជ័យ​៕  
 

Tag:
 ជំងឺ​
 ​កូ​វីដ​-១៩
 ​ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com