ជាតិ
ឆ្នាំ២០២០ រោងចក្រនិងសហគ្រាស បើកថ្មី ១,១០០ ខណៈបិទទ្វារជាង១,៣០០កន្លែង កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបនេះ ថតកាលពីឆ្នាំ២០១៣ ដោយភ្នាក់ងារសារព័ត៌មាន AFP។
× ភ្នំពេញ៖ ការយាយីដោយសារកូវីដ-១៩ ពេញមួយឆ្នាំ២០២០ បានធ្វើឲ្យរោងចក្រ និងសហគ្រាសនៅកម្ពុជា ១,៣៥៦ កន្លែង បានបិទទ្វារលែងដំណើរការ ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក៏មានរោងចក្រនិងសហគ្រាស១,១០៣កន្លែង បានបើកដំណើរការអាជីវកម្មវិញដែរ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកិច្ចប្រជុំបញ្ហាប្រឈមនៅដំណាក់កាលកូវីដ-១៩ និងទិសដៅបន្តឆ្នាំ២០២១ កាលពីថ្ងៃទី៣ កុម្ភៈ។
លោក អ៊ិត សំហេង បានអះអាងថា ការបិទទ្វារដំណើរការរោងចក្រនិងសហគ្រាសជាង១,៣ពាន់កន្លែងនេះ បានធ្វើឲ្យកម្មករបាត់បង់ការងារជាង១,៨ម៉ឺននាក់។ ក្រៅពីករណីបិទទ្វាររោងចក្រ និងសហគ្រាសនេះ ក៏មានការបើកដំណើរការថ្មីមានជាង១ពាន់កន្លែង ហើយបង្កើតការងារជាង៦,១ម៉ឺនកន្លែងដែរ។
ក្រសួងការងារ បានបញ្ជាក់ថា នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ រដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែ ឲ្យកម្មករនិយោជិតនៅវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារបានជាង៣៤ម៉ឺននាក់ ស្មើនឹង២៣លានដុល្លារ។ ជាមួយគ្នាក្រសួងការងារ ក៏បានបណ្តុះបណ្តាលជំនាញទន់ដល់កម្មករនិយោជិតបានជាង៦,៦ម៉ឺននាក់ ដែលមកពីរោងចក្រនិងសហគ្រាសចំនួន១០៧ទីតាំងផង។
ក្រៅពីប្រាក់ឧបត្ថម្ភ៤០ដុល្លារ ពីរដ្ឋាភិបាលនេះ ខាងភាគីរោងចក្រ ក៏បានផ្តល់ប្រាក់៣០ដុល្លារក្នុងមួយខែ ដល់កម្មករ-កម្មការិនីម្នាក់ៗ ដែលត្រូវព្យួរការងារឬបាត់បង់ការងារ ដោយសាររោងចក្របិទទ្វារផងដែរ។ ដូច្នេះកម្មករ អាចទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារ ក្នុង១ខែ។
សូមជម្រាបថា ប្រាក់ខែរបស់កម្មករ-កម្មការិនីផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង សម្រាប់ឆ្នាំ២០២១ គឺ១៩២ដុល្លារ។ កាលពីឆ្នាំ២០២០ ប្រាក់ខែគោលរបស់ពួកគេ ទទួលបានត្រឹមតែ១៩០ដុល្លារ៕
Tag:
ការងារ
រោងចក្រ
សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com