អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រី​ជប៉ុន​៤​នាក់​ស្ថិតក្រោម​ការស៊ើបអង្កេត​ក្រោយ​ទៅ​បាយល្ងាច​ជាមួយ​កូន​នាយករដ្ឋមន្ត្រី​
04, Feb 2021 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ Reuters
​ជប៉ុន កំពុងបើក​ការស៊ើបអង្កេត​លើ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ទូរគមនាគមន៍​យ៉ាងហោចណាស់ ៤​រូប បន្ទាប់ពី​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា មន្ត្រី​ទាំង ៤​រូបនេះ បាន​បរិ​ភាគ​អាហារ​ពេល​ល្ងាច​ជាមួយ​កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ដែលជា​អ្នកធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ Tohokushinsha Film​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។​

 
​ទស្សនា​វ​ដ្តី​ជប៉ុន  Shukan Bunshun នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បាន​ចុះផ្សាយ​ថា មន្ត្រី​ក្រសួង​ទូរគមនាគមន៍ ត្រូវបាន​នាំទៅ​បរិភោគ​អាហារ​ពេល​ល្ងាច​នៅក្នុង​ភោជនីយដ្ឋាន​ជាច្រើន នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ត្រូវ​បានផ្តល់​អំណោយ​ដោយ​កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ដែលជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​Tohokushinsha Film ជាច្រើនលើក​នៅ​ចន្លោះ​ខែតុលា ដល់​ខែធ្នូ​។ 
 
​នៅក្នុង​ច្បាប់​ក្រមសីលធម៌​មន្ត្រី​ស៊ីវិល​ជប៉ុន មន្ត្រី​រដ្ឋាភិបាល​ថ្នាក់កណ្តាល ត្រូវ​ហាមឃាត់​ពី​ការទទួល​អំណោយ ឬ​សេវា​កម្សាន្ត​ណាមួយ​ពី​បុគ្គល​ឯកជន ឬ​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ចៀស​ការស្វែងរក​ផលប្រយោជន៍​ផ្សេងៗ រវាង​ភាគី​ទាំងពីរ​។ 
 
​ទាក់ទិន​នឹង​ការចុះផ្សាយ​នេះ លោក​ស៊ូ​ហ្កា បាន​ឆ្លើយ​សំណួរ​នៅក្នុង​សភា​យ៉ាង​ដូច្នេះ​ថា​៖ « មិន​ថា​នរណា​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ ខ្ញុំ​ចង់ឱ្យ​ក្រសួង​ត្រួតពិនិត្យ​ការពិត​ឱ្យបាន​ម៉ត់ចត់ និង​ឆ្លើយតប​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​»​។ បើតាម​ការបញ្ជា​ក់រប​ស់​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato ព័ត៌មាន​លម្អិត​កំពុង​ត្រូវបាន​ស៊ើបអង្កេត​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ទំនាក់ទំនង ដោយ​សហការ​ជាមួយ​អាជ្ញាធរ​បុគ្គលិក​ជាតិ​។ បើតាម​លោក Kato បើសិន​បើ​រឿងនេះ គឺជា​ការពិត វា​នឹង​បំផ្លាញ​ទំនុកចិត្ត​របស់​សាធារណៈ ហើយ​ក្រសួងយុត្តិធម៌ នឹង​ចាត់វិធានការ​លើ​បញ្ហា​ខាងលើ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Japan Times​។ 
 
​បន្ទាប់ពី​មាន​ព័​ត៌​មា​ថា មានការ​ជួបជុំ​រវាង​មន្ត្រី​ទូរគមនាគមន៍ និង​បុគ្គលិក​ក្រុមហ៊ុន​របស់ខ្លួន ក្រុមហ៊ុន Tohokushinsha Film បានចេញ​សេចក្តីថ្លែងការណ៍​សុំទោស​ជា​សាធារណៈ​ថា ក្រុមហ៊ុន​ខ្លួន បាន​បង្កឱ្យមាន​បញ្ហា​ជាច្រើន និង​បង្កឱ្យមាន​កង្វល់​សម្រាប់​អ្នកពាក់ព័ន្ធ​។ បើតាម​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ក្រុមហ៊ុន នឹង​ចាត់វិធានការ​ឱ្យបាន​ស​ម​ស្រប បន្ទាប់ពី​មានការ​ស៊ើបអង្កេត​លើ​អ្វីដែល​បានកើត​ឡើង​។ 
 
​សូមបញ្ជាក់ថា ក្នុង​មួយរយៈ​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ស៊ូ​ហ្កា បាន​ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងខ្លាំង ដោយសារតែ​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩ យឺត​ពេល និង​សមាជិកសភា​ចេញពី​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) បំពាន​បម្រាម​កូ​វីដ​-១៩​ជាដើម​។ តាម​ការស្ទង់មតិ​កាសែត Asahi Shimbun បាន​បង្ហាញថា ការគាំទ្រ​របស់លោក ស៊ូ​ហ្កា បាន​ធ្លាក់ចុះ​ពី ៣៩​ភាគរយ នៅក្នុង​ខែធ្នូ ឆ្នាំ​២០២០ មក​ត្រឹម ៣៣​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ខែមករា ឆ្នាំ​២០២១ ៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com