ពីនេះ ពីនោះ
សុខភាព
ផល​អវិជ្ជមាន​របស់​កា​ហ្វ​អ៊ី​ន​ចំពោះ​រាងកាយ​មនុស្ស​
01, Sep 2022 , 7:00 am        
រូបភាព
​ឥទ្ធិពល​របស់​សារជាតិ​កាហ្វេ​អ៊ី​ន​មកលើ​រាងកាយ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​សិក្សា ក្នុង​រយៈពេល ជាច្រើន​ឆ្នាំ​មកហើយ​។ រហូតមកដល់​ពេលនេះ មាន​ករណី​សិក្សា​ជាច្រើន ត្រូវបាន​ធ្វើឡើង ប៉ុន្តែ​ពួកវា ភាគច្រើន តែង​បង្ហាញ​នូវ​លទ្ធផល​ខុសៗ​គ្នា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ឥទ្ធិពល​ជា វិជ្ជមាន និង ជា អវិជ្ជមាន​របស់ សារជាតិ​កាហ្វេ​អ៊ី​ន ត្រូវបាន​គេ​រកឃើញ​យ៉ាង​ជាក់ស្តែង​។ សូម​ក្រឡេកមើល នូវ​លទ្ធផល ទាំងនោះ ដូចខាងក្រោម​នេះ ៖

 
១. ដំណើរការ​នៃ ឥទ្ធិពល​របស់​សារជាតិ​កាហ្វេ​អ៊ី​ន ដែល​នឹងមាន​មកលើ​អ្នក​បាន គឺ​អាស្រ័យទៅលើ កត្តា រាងកាយ ,​ប្រព័ន្ធ​ប្រសាទ​, ទម្ងន់​, ភេទ និង កត្តា​ផ្សេងៗ​ជាច្រើន​ទៀត ។ ទោះជា​យ៉ាងណាក្តី ឥទ្ធិពល​របស់​វា ដែល​បណ្តាលមកពី សារជាតិ​កាហ្វេ​អ៊ី​ន​នេះ អាច​នឹងមាន​រយៈពេល​រហូតដល់ ៨​ម៉ោង ។​
 
២. អ្វីដែល​បញ្ជាក់​យ៉ាងច្បាស់​ថា សារជាតិ​កាហ្វេ​អ៊ី​ន នឹង​ប៉ះពាល់​ដល់​អ្នក គឺ​វា មាន​ឥទ្ធិពល​ទៅលើ បេះដូង និង ចរន្តឈាមរ​ត់របស់​អ្នក​។ កាហ្វេ​អ៊ី​ន បានធ្វើអោយ​ស​សៃ​ឈាម​របស់​អ្នក រួម​តូច និង ធ្វើអោយ បេះដូង​របស់​អ្នក ច្របាច់​ឈាម​ញាប់​ជាង​មុន​។ មូលហេតុ​នេះ ហើយ​ដែល​គេ អាច​ស​និ្ន​ដ្ឋា​ន បាន​ថា សារជាតិ​កាហ្វេ​អ៊ី​ន គឺ​ផ្តល់នូវ​គ្រោះថ្នាក់​ចំពោះ​មនុស្ស​ទាំងឡាយ ដែល​កំពុង​រងគ្រោះ​ពី​ជំងឺ លើស​សម្ពាធ​ឈាម​។​វា​ថែមទាំង​អាច ធ្វើអោយ​ពួកគេ មាន​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល បាន ទៀតផង​។​
 
៣. ផលិតផល ដែលមាន​ផ្ទុក​នូវ​សារជាតិ​កាហ្វេ​អ៊ី​ន មានដូចជា កាហ្វេ​,​កា​កាវ និង តែ គឺ​សម្បូរ​ទៅដោយ សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ដែល​អាច​ការពារ បាន​នូវ​ភាព​ចាស់​វ័យ​មុន​អាយុ និង បង្ការ​បាន ផងដែរ​នូវ ជំងឺមហារីក​។ ផលិតផល​ទាំងនេះ ក៏​សម្បូរ​ផងដែរ​ទៅដោយ អាស៊ីត​ខ្លាញ់ និង សារជាតិ​វីតាមីន ជាក់លាក់​មួយចំនួន ។ សមាសធាតុ​រួមផ្សំ​ទាំងនេះ អាចធ្វើអោយ​រាងកាយ អ្នកមាន​សុខភាព​ល្អ​បាន​។​
 
៤.​តែ​ទោះជា​យ៉ាងណាក្តី ជាតិ​កាហ្វេ​អ៊ី​ន ក៏​អាច​ជះ​នូវ​ឥទ្ធិពល អាក្រក់​ដល់​សុខភាព​បាន​ផងដែរ​។ វា​អាច ធ្វើអោយ ការរំលាយ​អាហារ​របស់​អ្នក មាន​ភាពយឺតយ៉ាវ ដោយ​វា​បានធ្វើអោយ​សាច់ដុំ ក្រពះ​របស់​អ្នក មាន​ភាព​សម្រាក​ជាង​ពេល​ធម្មតា​។ ហេតុនេះហើយ ទើបបានជា​អ្នក មិនគួរ​ធ្វើ​ការផឹក​កាហ្វេ ឬ តែ ភ្លាមៗ បន្ទាប់ពី​អ្នក បានទទួល​ទាន​អាហារ​រួច​នោះទេ​។ អ្នក​ត្រូវ​រង់ចាំ​បន្តិច និង ធ្វើការ​ផឹក​ភេ​ស​ជ្ជះ​ដែលមាន ផ្ទុក សារជាតិ​កាហ្វេ​អ៊ី​ន យ៉ាងហោចណាស់ អោយបាន​កន្លះ​ម៉ោង បន្ទាប់ពី​អ្នក​បរិភោគ​អាហារ​រួច​។​
 
៥. ជាតិ​កាហ្វេ​អ៊ី​ន ជះឥទ្ធិពល​មកលើ ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​។ ជា​លទ្ធផល មនុស្ស​មួយចំនួន ដែល​បាន​ទទួលរង ឥទ្ធិពល​យ៉ាងខ្លាំង​ពី​វា នឹង​កើត​មាននូវ​អាកា​រៈ​ដូចជា ញ័រ​ដៃ ឬ​មាន​អារម្មណ៍​ថា ឈឺ ឬ មាន​ភាព​ថប់​បារម្ភ​គ្រប់ពេលវេលា​។​
 
៦. មនុស្ស​ភាគច្រើន តែង​ធ្វើ​ការផឹក​ភេ​ស​ជ្ជះ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន ដោយ​ដាក់​ស្ករ​បន្ថែម​។ ការធ្វើ​ដូច នេះ គឺ​នឹង​ធ្វើអោយ​លំពែង​របស់​ពួកគេ ត្រូវធ្វើ​ការងារ​ច្រើនជាង​មុន ដោយ​វា​ត្រូវ​ផលិត​ជាតិ​អាំង​ស៊ុយ​លីន អោយបាន​ច្រើន ដើម្បី​រំលាយ​នូវ​ជាតិ​ស្ករ​ទាំងនោះ ។ ការរួម​ផ្សំគ្នា រវាង ជាតិ​កាហ្វេ​អ៊ី​ន និង ជាតិ​ស្ករ​ច្រើន ជ្រុល អាច​នឹង​ធ្វើអោយ​កម្រិត​អាំង​ស៊ុយ​លីន ក្នុង​រាងកាយ កាន់តែ​ធ្លាក់ចុះ​ដុនដាប​ថែមទៀត ។​
 
៧. ជាតិ​កាហ្វេ​អ៊ី​ន នឹង​ជះឥទ្ធិពល​មកលើ​រាងកាយ​អ្នក ស្រដៀង​គ្នា​ទៅនឹង ឥទ្ធិពល​ដែល​បាន​បង្កើត ឡើង ដោយ​ស្ត្រេ​ស​ដែរ​។ ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដែលមាន​លក្ខណៈ​ទំនើប គឺ​គ្រប់គ្រាន់​នឹង បង្កើន​នួវ កម្រិត​ស្ត្រេ​ស​មួយ ចំពោះ​រាងកាយ​។ ហើយ​ការ បន្ថែម​នូវ​សារជាតិ​កាហ្វេ​អ៊ី​ន​នេះ នឹង បង្កើន​នូវ​កម្រិត ស្ត្រេ​ស ដែលមាន​នៅក្នុង​ខ្លួន​អ្នក​រួចជាស្រេច​នោះ​ទៀត ។​
 
​ដូចដែល​អ្នក​បានឃើញ​មកពី​ខាងលើនេះ ហើយ​ថា សារជាតិ​កាហ្វេ​អ៊ី​ន គឺមាន​ទាំង​គុណ​ស​ម្ប​តិ្ត និង គុណវិបត្តិ​ចំពោះ​រាងកាយ​អ្នក​។ ប្រសិនបើ​អ្នក អាចធ្វើ​ការគ្រប់គ្រង​នូវ​ការ​ទទួលទាន​វា​បាន នោះ​អ្នកនឹង អាច​ទទួលបាន នូវ​ប្រសិទ្ធិ​ភាពជា​វិជ្ជមាន​របស់​ពួកវា​បាន ។ បើ​មិន​ដូច្នោះ​ទេ ការទទួល​ទាន​ច្រើន​ជ្រុល នោះ​វា​នឹង បំផ្លាញ​សុខភាព​របស់​អ្នក​បាន ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com