ជាតិ
សង្គមជាតិ
អាជ្ញាធរម៉ាឡេស៊ី តាមចាប់ស្រី្តម្ចាស់ផ្ទះ ដែលធ្វើទារុណកម្មលើយុវតីខ្មែរ-អ៊ិស្លាម
05, Feb 2021 , 1:26 pm        
រូបភាព
យុវតីខ្មែរ-អ៊ិស្លាម ជាជនរងគ្រោះ ស្ថិតនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ពេលត្រៀមត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៩ កមរា ឆ្នាំ២០២១។ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី)
យុវតីខ្មែរ-អ៊ិស្លាម ជាជនរងគ្រោះ ស្ថិតនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ពេលត្រៀមត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៩ កមរា ឆ្នាំ២០២១។ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី)
ភ្នំពេញ៖ អាជ្ញាធរម៉ាឡេស៊ី កំពុងបន្តស្វែងរកចាប់ស្រ្តីខ្មែរ-អ៊ិស្លាម ដែលវាយធ្វើបាបយុវតីខ្មែរ-អ៊ិស្លាមអាយុ១៦ឆ្នាំ ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។ នេះបើតាមការអះអាងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។



យុវតីជាជនរងគ្រោះ បានត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។ ជាមួយគ្នាដែរ ស្ថានទូតបានបញ្ជាក់ថា យុវតីជាជនរងគ្រោះ គឺឆ្លងដែនទៅម៉ាឡេស៊ីខុសច្បាប់។ ស្ថានទូតបញ្ជាក់ថាយ៉ាងដូច្នេះថា៖«យុវតីរូបនោះ បានចូលមកប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ហើយត្រូវស្រ្តីជនជាតិខ្មែរ-អ៊ិស្លាមឈ្មោះទីចៅ វាយធ្វើបាប»។

អាជ្ញាពាក់ព័ន្ធ បានទទួលព័ត៌មានអំពីយុវតីខាងលើ រងការធ្វើបាប តាមរយៈការចែករំលែកតៗគ្នាលើបណ្តាញសង្គម។ អ្នកប្រើប្រាស់បណ្តាញសង្គម ផ្សាយតៗគ្នាថា យុវតីរូបនោះ ត្រូវបានស្ត្រីម្ចាស់ផ្ទះវាយធ្វើបាបធ្ងន់ធ្ងររហូតដល់កាត់ស្លឹកត្រចៀក ហើយអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ជួយសង្គ្រោះនាង។

យ៉ាងណាក៏ដោយ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស អះអាងថា នាង ពិតជាត្រូវបានស្រ្តីម្ចាស់ផ្ទះជាខ្មែរ-អិស្លាមដូចគ្នា ធ្វើទារុណកម្មត្រូវចំស្លឹកត្រចៀកមែន តែមិនដាច់នោះទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«អត់ [ដាច់] ទេ គ្រាន់តែរយះតិចតួចដែរទេ ហើយគេ ព្យាបាលបានទាំងអស់វិញតើ»។

លោក បន្តថា មកដល់នេះ លោក មិនទាន់ដឹងព័ត៌មាននៅឡើយទេថា អាជ្ញាធរម៉ាឡីស៊ី ចាប់ស្រ្តីជាជនល្មើសនោះបានហើយឬនៅ។ ម្យ៉ាងទៀត ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ក៏មិនទាន់ឃើញផ្សាយអំពីព័ត៌មាននេះដែរ។

ជុំវិញករណីនេះ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានឲ្យដឹងថា ក្រុមការងាររបស់លោក និងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន កំពុងប្រជុំពិភាក្សាគ្នាដើម្បីផ្ដល់ជំនួយគាំទ្រដល់យុវតីជាជនរងគ្រោះ។

លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ខាងខ្ញុំកំពុងប្រជុំជាមួយក្រសួងសង្គមកិច្ច អំពីការផ្ដល់ការគាំទ្រផ្សេងៗ ដល់គាត់(ជនរងគ្រោះ)។ លោក បន្តថា រាល់ព័ត៌មានលម្អិត លោក មិនអាចផ្ដល់ជូននៅពេលនេះបានឡើយ គឺរង់ចាំក្រុមការងារស្រាវជ្រាវបន្ថែម។

បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ យុវតីខ្មែរ-អ៊ិស្លាមនោះ បម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី។ នគរបាលជាតិ បានឲ្យដឹងថា បច្ចុប្បន្ន នាង កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។

នគរបាលជាតិ បានផ្សាយទៀតថា ពេលនាង ធ្វើវិធានចត្តាឡីស័ករួចហើយ អាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់ ដែលនាំនាង ទៅបម្រើការងារនៅម៉ាឡេស៊ី ដើម្បីឈានដល់ការចាប់មេខ្យល់នោះ យកទៅកផ្ដន្ទាទោសតាមច្បាប់។

ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា បញ្ឈប់ធ្វើការចំណាកស្រុកដោយខុសច្បាប់ ដើម្បីសុវត្ថិភាពផងដែរ៕

Tag:
 ពលករខ្មែរនៅម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com