ជាតិ
អ្នកនាំពាក្យ​មហាផ្ទៃ​៖ កំណែ​ទម្រង់​នគរបាល មន្ត្រីរដ្ឋបាល និង ម​ន្រី្ត​ពន្ធនាគារ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​និង​ឋាន​ន្ករ​សក្តិ​ឡើងវិញ​
05, Feb 2021 , 8:29 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាងថា ការធ្វើកំណែទម្រង់​ម​ន្រី្ត​នគរបាល មន្ត្រីរដ្ឋបាល​ស៊ីវិល និង ម​ន្រី្ត​ពន្ធនាគារ ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ គឺ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ កំណត់​មុខងារ និង ឋាន​ន្ករ​សក្តិ​របស់​ម​ន្រី្ត​ទាំងនោះ​ឡើងវិញ​។


​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៥​កុម្ភៈ ឆ្នាំ​២០២១ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា ការរៀបចំ​កំណែទម្រង់​នេះ គឺ​ដើម្បី​ពិនិត្យ​និង​កែ​រចនាសម្ព័ន្ធ ក៏ដូចជា​ឋាន​ន្ករ​សក្តិ​របស់​ម​ន្រី្ត​ទាំង​ប្រភេទ​នេះ​ឡើងវិញ​។ លោក បន្តថា ការធ្វើ​បែបនេះ គឺ​ឲ្យ​ម​ន្រី្ត​បំពេញការងារ​កាន់តែ​ប្រសើរឡើង​ហើយ​ស្រប​នឹង​ស្ថានការណ៍​។ 
 
​លោក ពន្យល់ថា​៖«​យើង​កែ​របៀបរបប​ចាស់​ទៅ​ថ្មី ដូច្នេះ អ្វីៗ​នឹង​កែ​ថ្មី​ឲ្យ​ស្របទៅនឹង​សភាពការណ៍​ថ្មី​។ ឧទាហរណ៍ ឥឡូវ​ពល​នគរបាល​តិច ជាង​មេ​នគរបាល​, ថ្នាក់ក្រោម​ចេះតែ​តិច​ទៅ ដូច​ពីរ៉ាមីត​ផ្អាប់​អ៊ីចឹង​។ ទី​២ នៅតាម​ការិយាល័យ​នីមួយៗ មាន​ប្រធានការិយាល័យ​និង​អនុប្រធាន​ជាង​៥០០​នាក់ ឬ​១០​នាក់​អ៊ីចឹងទៅ ហើយ​បុគ្គលិក​ក៏​ស្មើ​ហ្នឹង​ដែរ​, អ៊ីចឹង​យើង​ត្រូវ​កែទម្រង់ ដាក់​ឲ្យ​ចូលនិវត្តន៍​ហើយ​រើស​ថ្មី​បន្ថែម​...​កន្លែង​ខ្លះ​មាន​ម​ន្រី្ត​ច្រើន តែ​ការងារ​តិច ហើយ​កន្លែង​ខ្លះ​ម​ន្រី្ត​តិច ការងារ​ច្រើន គឺ​យើង​ពិនិត្យ​កែទម្រង់​ឡើងវិញ​»​។ 
 
​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានសម្រេច​បង្កើត​គណៈកម្មកា​រ​កំណែទម្រង់​ម​ន្រី្ត​រដ្ឋបាល​ស៊ីវិល និង​ម​ន្រី្ត​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដោយមាន​សមាសភាព​២៦​រូប ដោយ​ក្នុងនោះ សម្ដេច ធ្វើជា​ប្រធាន​ខ្លួនឯង​តែម្តង ហើយ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​ជា​អនុប្រធាន​។ គណៈកម្មការ​នេះ មាន​ភារកិច្ច​ស្រាវជ្រាវ​គោលនយោបាយ ច្បាប់ សម្រាប់​វិភាគ​មុខងារ​រចនាសម្ព័ន្ធ និង​កំណត់​ក្របខ័ណ្ឌ ឋាន​ន្ករ​សក្តិ​។ លើសពីនេះ គឺមាន​តួនាទី​ពិនិត្យ​និង​សិក្សា​លើ​លិខិតបទដ្ឋាន​គតិយុត្ត​ចាស់ៗ ដើម្បី​ធ្វើ​វិសោធនកម្ម ឬ​រៀបចំ​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ​បន្ថែមទៀត​។ 
 
​ជាមួយគ្នា​ដែរ កាលពី​ថ្ងៃទី​១២​មករា សម្ដេច ស ខេង ក៏​បង្កើត​គណៈកម្មការ​ថ្មី​មួយ គឺ​គណៈកម្មការ​កំណែទម្រង់​នគរបាលជាតិ​កម្ពុជា​ផងដែរ​។ ជុំវិញ​ការធ្វើកំណែទម្រង់​នេះ សម្ដេច អះអាងថា មិនមែន​ធ្វើ​តែ​នគរបាល​ទេ គឺធ្វើឡើង​នៅ​គ្រប់កន្លែង​ក្នុង​រដ្ឋាភិបាល ហើយ​ធ្វើ​ដើម្បី​ជាតិ​និង​ពលរដ្ឋ​។ 
 
​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ចុងក្រោយ​នៃ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២៦​មករា សម្តេច​រដ្ឋមន្ត្រី ថ្លែងថា​៖«​កំណែទម្រង់​មិនមែន​តែ​នគរបាល​នោះទេ កំណែទម្រង់​គ្រប់​វិស័យ​រាជរដ្ឋាភិបាល​យើង​បាន​ប្រកាន់យក​គោលការណ៍​នេះ ចាប់ពី​អាណ​ត្ត​មុន រហូតមកដល់​អាណត្តិ​នេះ អ៊ីចឹង​នគរបាល​ក៏​ជា​ផ្នែក​មួយ​នៃ​ការធ្វើកំណែទម្រង់​...! ពីមុន​យើង​ក៏​ធ្វើ​ដែរ កំណែទម្រង់​អត់​មាន​ទីបញ្ចប់​ទេ អត់​ទីបញ្ចប់​...​យើង​ធ្វើកំណែទម្រង់​ដើម្បី​ប្រទេសជាតិ សម្រាប់​ប្រជាពលរដ្ឋ យើង​អត់​ធ្វើ​សម្រាប់​បុគ្គល​ណា​ទេ​»៕ 
 

Tag:
 កំណែទម្រង់​
  មន្ត្រីរដ្ឋបាល​ស៊ីវិល​
  ម​ន្រី្ត​ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com