ជាតិ
សង្គមជាតិ
អាជ្ញាធរអប្សរា បង្កើតអង្គភាពថែទាំប្រាសាទមួយទៀត ដើម្បីកិច្ចការអភិរក្សក្នុងតំបន់អង្គរ
06, Feb 2021 , 8:59 am        
រូបភាព
សៀមរាប៖ គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានអនុម័តតាមសំណើរបស់អាជ្ញាធរជាតិអប្សរា ក្នុងការបង្កើតអង្គភាពថែទាំប្រាសាទមួយទៀត ដើម្បីបង្កើនប្រសិទ្ធភាពលើការងារអភិរក្សប្រាសាទឱ្យបានឆាប់រហ័ស។



លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នៅល្ងាចថ្ងៃទី២៧ មករាថា អង្គភាពនេះ អាចធ្វើការបានលឿនជាងពេលមុន ដូចជាករណីថ្មធ្លាក់ គឺអាចលើកដាក់ភ្លាមៗ មិនចាំបាច់ឆ្លងយោបល់ ឬលើកគម្រោងវែងឆ្ងាយ សួរក្រុមអ្នកជំនាញការអាដហុក។ លោកស្រីបន្ថែមថា សព្វថ្ងៃអាជ្ញាធរជាតិអប្សរា មាននាយកដ្ឋានថែទាំ និងអភិរក្សប្រាសាទដែរ តែជាគម្រោងធំៗ ដូច្នេះអង្គភាពនេះ នឹងជំរុញកិច្ចការងារអភិរក្សប្រាសាទ ឱ្យកាន់តែល្អប្រសើរថែមួយកម្រិតទៀត។

យ៉ាងណាក៏ដោយ អង្គភាពនេះ មិនទាន់ត្រូវបានបញ្ជាក់ថាមានសមាសភាពពាក់ព័ន្ធយ៉ាងដូចម្ដេចនៅឡើយទេ តែស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។ អង្គភាពនេះ ត្រូវបានគេរំពឹងថា នឹងជួយធានាបាននូវការត្រួតពិនិត្យស្ថានភាពនៃការអភិរក្សប្រាសាទ នៅតាមទីតាំងហានិភ័យ ក៏ដូចជាថែរក្សាជាប្រចាំនូវប្រាសាទទាំងអស់ ពិសេសនូវការអភិរក្សយូរអង្វែងតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ៕





 

Tag:
 អង្គភាពថែទាំប្រាសាទ
  សៀមរាប
  ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com