ជាតិ
សង្គមជាតិ
សំរាមជាង២៧តោន ត្រូវបានអាជ្ញាធរ បារប្រមូលចេញពីស្ទឹងសៀមរាប
06, Feb 2021 , 9:30 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលសង្កាត់សៀមរាប ទើបនឹងបញ្ចប់យុទ្ធនាការ បារសំរាមចេញពីស្ទឹងសៀមរាប ដោយប្រមូលសំរាមបានជាង២៧តោន។ សំរាមទាំងនោះ មានប្លាស្ទិក សំបកដប ថង និងកេសស្នោ ជាដើម។ ជាងមួយឆ្នាំមកហើយ ដែលរដ្ឋបាលសង្កាត់សៀមរាប ប្រឹងប្រែងក្នុងការស្ដារសោភណភាពប៉ែកខាងក្រោម នៃស្ទឹងសៀមរាប ដើម្បីកែប្រែ        បរិស្ថានឱ្យមានភាពស្រស់ស្អាតឡើង។ លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប ស្នើឱ្យពលរដ្ឋបញ្ឈប់ការចោលសំរាមក្នុងស្ទឹង និងស្រមៃចង់ឃើញទឹកស្ទឹងនេះ ក្លាយជាស្ទឹងស័ក្ដិសិទ្ធិ និងមានការគោរពដូចពីសម័យដើម។




ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ មក រដ្ឋបាលសង្កាត់សៀមរាប បានរៀបចំកម្មវិធីបរិស្ថានជាបន្តបន្ទាប់ ក្នុងន័យកែប្រែសោភណភាពស្ទឹងសៀមរាប ឲ្យប្រសើរឡើង។ ក្នុងកម្មវិធីជាផ្លូវការ ដែលសហការជាមួយអង្គការទំពាំងស្នងឫស្សី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៃយុទ្ធនាការបញ្ចប់ការប្រមូលសំរាមក្នុងស្ទឹងនេះ សំរាមប្រមាណជាង២៧តោន ត្រូវបានប្រមូល និងដឹកចេញពីស្ទឹងសៀមរាប។

ចៅសង្កាត់សៀមរាម លោក ម៉ៃ សាម៉េត បានឱ្យដឹងថា គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីបញ្ជៀសភាពកខ្វក់ បញ្ឈប់ឱ្យប្រជាពលរដ្ឋលែងចោលសំរាមក្នុងស្ទឹង។ លោកចៅសង្កាត់ចង់ឃើញប្រជាពលរដ្ឋចេះទុកដាក់សំរាម និងបញ្ឈប់ការចោលសំរាមក្នុងស្ទឹង ដោយងាកមកយល់ដឹងពីបញ្ហាបរិស្ថានឱ្យល្អប្រសើរឡើងវិញ។ តាមផែនការទៅអនាគត ស្ទឹងសៀមរាប នៅប៉ែកខាងក្រោម ចាប់ពីស្អាតផ្លូវក្រវាត់ក្រុងមក នឹងមានការស្ដារឡើងវិញ ដែលគម្រោងនេះ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដែលនៅពេលនោះតាមបណ្ដោយស្ទឹងនេះ មានសួនច្បារ ជាទីកម្សាន្តមួយសម្រាប់ពលរដ្ឋសង្កាត់សៀមរាបនេះ៕





Tag:
 សំរាម
  ស្ទឹងសៀមរាប
 ម៉ៃ សាម៉េត
  សង្កាត់សៀមរាប
  បរិស្ថាន
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com