អន្តរជាតិ
តើប្រេងកាតកើតចេញមកពីអ្វី?
07, Feb 2021 , 8:59 pm        
រូបភាព
មតិមួយចំនួនដែលបានលើកឡើងថា ប្រេងកាតកើតចេញពីកាកសំណល់សាកសពនៃពពួកសត្វដាយណូស័រនោះមិនត្រឹមត្រូវទាំងស្រុងនោះឡើយ។ ដើមកំណើតនៃប្រេងកាតដែលយើងប្រើប្រាស់ក្នុងពេលសព្វថ្ងៃ មានប្រវត្តិយូរជាងអាយុកាលនៃសម័យដាយណូស័រទៅទៀត។



គេហទំព័រ ThoughtCo បានពន្យល់ថា ប្រេងកាតភាគច្រើនកើតចេញពីកាកសំណល់សត្វ និងរុក្ខជាតិដែលធ្លាប់រស់នៅក្នុងទឹក។ សត្វទាំងនោះអាចជាពពួកមីក្រូសាពាង្គកាយតូចៗពិបាកមើលឃើញនឹងភ្នែកដោយផ្ទាល់។ នៅពេលដែលកាកសំណល់នៃសត្វ និងរុក្ខជាតិទាំងឡាយនោះត្រូវបានបំបែកនៅក្នុងធម្មជាតិ ធាតុគីមីសំខាន់ៗមួយចំនួនដូចជា អុកស៊ីសែន អាសូត ផូស្វ័រ ស៊ុលផួ ត្រូវបានជ្រាបចេញក្រៅទៅកាន់បរិយាកាសវិញ បន្សល់ទុកនៅតែសារធាតុកាបូនដែលមានពណ៌ខ្មៅ និងអ៊ីដ្រូសែន។

អស់រយៈពេលជាច្រើនឆ្នាំក្រោយមក សារធាតុដែលនៅសល់ត្រូវបានកប់នៅពីខាងក្រោមដោយស្រទាប់ដី និងខ្សាច់ ដែលបង្កទៅជាទីតាំងដែលមានសម្ពាធខ្លាំង និងសីតុណ្ហភាពខ្ពស់។ សម្ពាធ និងសីតុណ្ហភាពទាំងនេះបម្លែងសារធាតុគីមីដែលនៅសេសសល់ឲ្យទៅជាពពួក«អ៊ីដ្រូកាបួ»ដែលជាពពួកសារធាតុគីមីសារីរាង្គ។

ប្រភេទនៃប្រេងកាតនៅក្រោមដីអាស្រ័យខ្លាំងទៅលើកម្រិតនៃសីតុណ្ហភាព និងកម្រិតនៃសម្ពាធ ក្នុងរយៈពេលកំណត់ណាមួយ។ បើវារងសីតុណ្ហភាពទាប គេអាចទទួលបានប្រេងកាតមានលក្ខណៈខាប់។ ចំណែកឯសីតុណ្ហភាពខ្ពស់វិញ គេអាចទទួលបានប្រេងកាតដែលមានលក្ខណៈស្រាល។ បើសីតុណ្ហភាពនៅតែបន្តកើនឡើង គេក៏អាចទទួលបានឧស្ម័នធម្មជាតិផងដែរ។

ធនធានធម្មជាតិទាំងនេះត្រូវបានកប់នៅក្រោមដីរហូតដល់មានវត្តមានមនុស្សមកជីកវាយកទៅប្រើប្រាស់ក្នុងហេតុផលផ្សេងៗ។ គួរឲ្យបញ្ជាក់ផងដែរថា ពពួកសត្វដាយណូស័រចាប់កំណើតឡើងកាលពី២៥២លានឆ្នាំមុន និងត្រូវបានចប់ទៅវិញដោយគ្រោះមហន្តរាយធម្មជាតិក្នុងរយៈពេល៦៦លានឆ្នាំមុន៕


© រក្សាសិទ្ធិដោយ thmeythmey.com