ជាតិ
សង្គមជាតិ
អ្នកភូមិបង្កោងក្នុងតំបន់អង្គរធ្វើពិធីចាប់ត្រីរួមគ្នាប្រណិប័តន៍តាមទំនៀមពីបុរាណ
07, Feb 2021 , 5:14 pm        
រូបភាព
រូបពីអាជ្ញាធរជាតិអប្សរា
រូបពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ដូចរាល់ឆ្នាំ ឱ្យតែដល់ខែមាឃ អ្នកភូមិបង្កោងបានរៀបចំពិធីចាប់ត្រីរួមគ្នា ដើម្បីបង្ហាញពីភាពសប្បាយរីករាយ សាមគ្គីភាព ពិសេសអភិរក្សមរតកពីដូនតាដែលបន្សល់ទុកមកដល់បច្ចុប្បន្នកាល។



នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ប្រជាពលរដ្ឋច្រើនរយនាក់នៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានចុះចាប់ត្រីរួមគ្នា ទៅតាមកាលកំណត់ដែលបានព្រៀងទុក។ ពិធីនៅឆ្នាំនេះ បានពន្យារពេលបន្ដិច ដោយសារទឹកក្នុងត្រពាំងបុរាណក្នុងភូមិមានបរិមាណច្រើន យ៉ាងណាគេតែងធ្វើក្នុងខែមាឃជាកំហិត។

មេភូមិបង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា នេះជាពិធីដែលអ្នកភូមិតែងធ្វើជារហូតមកមិនដែលខានឡើយ។ ហើយការចាប់ត្រីក្នុងត្រពាំងបឹងនេះទៀតសោត ក៏អនុញ្ញាតឱ្យពលរដ្ឋក្នុងភូមិនេះតែប៉ុណ្ណោះ ទើបអាចចុះចាប់បាន ដោយប្រើឧបករណ៍បុរាណ មានសំណាញ់ អង្រុត ឈ្នាងជាដើម។ លោកបន្ថែមថា អ្នកភូមិទាំងអស់ តម្រូវឱ្យមកជុំគ្នាទាំងព្រលឹមស្រាងៗ ឬអ្នកខ្លះមកតាំងពីយប់ម៉ោង៤ភ្លឺ ដោយរង់ចាំស្ដាប់សញ្ញាដុតកាំជ្រួចពីមេភូមិ ទើបពួកគេអាចចុះចាប់ត្រីបាន។

ពិធីចាប់ត្រីនេះ ក៏ស្របតាមពិធីឡើងមាឃ ឬឡើងអ្នកតាផងដែរ។ ត្រីមួយចំណែកនៃពិធីនេះ តម្រូវឱ្យទុកសម្រាប់ត្រៀមធ្វើទឹកសម្លនំបញ្ចុកសម្រាប់ពិធីនៅថ្ងៃបន្ទាប់ គឺពិធីឡើងអ្នកតា ដែលអ្នកភូមិយកសម្ល បង្អែម ភេសជ្ជៈទៅជុំគ្នានៅសាលាឆទាន។  ទំនៀមនេះ ក៏នៅមានតាមបណ្ដាភូមិដទៃទៀតនៅក្នុងតំបន់អង្គរដែរ តែមិនមានពិធីចាប់ត្រីរួមគ្នាដូចអ្នកភូមិបង្កោងនេះទេ៕





Tag:
 ចាប់ត្រី
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com