ជាតិ
សង្គមជាតិ
លោក ឡុង គាន កសិករដំបូងដែលសាកល្បងដាំការ៉ុតនៅទឹកដីស្រុកបន្ទាយស្រី
08, Feb 2021 , 9:30 am        
រូបភាព
 សៀមរាប៖ លោក ឡុង គាន គឺជាកសិករគំរូមួយរូបក្នុងឃុំព្រះដាក់នៃស្រុកបន្ទាយស្រី។ ថ្មីៗនេះ កសិកររូបនេះ បានចាប់ផ្តើមសាកល្បងដាំដំណាំការ៉ុត នៅលើដីក្បែរផ្ទះ បន្ទាប់ពីទទួលការបណ្ដុះបណ្ដាលពីអង្គការកសិកម្មក្នុងខេត្ត។ ដ្បិតជាការសាកល្បងមែន តែលោក ឡុង គាន ពេញចិត្តជាមួយលទ្ធផលមួយនេះ និងប្ដេជ្ញាដាំដំណាំនេះបន្តទៀត សម្រាប់បំពេញតម្រូវការទីផ្សារក្នុងខេត្តទេសចរណ៍មួយនេះ។



លោក ឡុង គាន សប្បាយចិត្តជាខ្លាំងចំពោះទិន្នផលដំណាំការ៉ុតរបស់លោក ក្នុងដំណាក់កាលសាកល្បងមួយនេះ។ ដ្បិតថា មើមការ៉ុតរៀងតូចៗក្ដី តែកសិកររូបនេះប្រាប់ថា វាជាអ្វីដែលលោកបានខិតខំប្រឹងប្រែង ហើយថាលោកនឹងធ្វើឱ្យវាល្អប្រសើរទៀតនៅពេលដាំជាបន្តបន្ទាប់។

កសិករនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី រូបនេះសាកល្បងដាំការ៉ុតនៅលើផ្ទៃដីប្រមាណ១៥គុណនិង២០ម៉ែត្រ ស្មើនឹង៦រោង ហើយដែលអាចប្រមូលផលនាពេលដ៏ខ្លីខាងមុខនេះ។ ការ៉ុត មានទីផ្សារល្អ ហើយមិនទាន់មានកសិកររូបណាក្នុងតំបន់នេះដាំបន្លែឡើយ។ នេះជាឱកាសមួយសម្រាប់កសិករ លោក ឡុង គាន ដែលចាប់ផ្តើមដំណាំមួយនេះ ក្នុងបំណងចង់ដាំប្រភេទផ្លែឈើនិងបន្លែប្លែកៗ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ពិសេសសម្រាប់អតិថិជនដែលនិយមប្រភេទបន្លែសរីរាង្គ និងសុវត្ថិភាព។

សម្រាប់បច្ចេកទេសដាំវិញ តាមការបញ្ជាក់ពីកសិករ ឡុង គាន ដំណាំការ៉ុតងាយស្រួលដាំដុះ និងមិនសូវមានសត្វល្អិតរំខានឡើយ ហើយប្រើពេលប្រមាណ៣ខែទើបអាចប្រមូលផលបាន។ តាមអ្នកបច្ចេកទេស ដំណាំប្រភេទនេះ អាចដាំដុះបានល្អនៅអំឡុងខែ កញ្ញា ឬខែតុលា។

លោក ខាន់ វ៉ាន់ឆាយ សមាជិកសមាគមចុងភៅកម្ពុជា ដែលតែងគាំទ្របន្លែសុវត្ថិភាពរបស់កសិករ ឡុង គាន យល់ថា វាជាឱកាសមួយដ៏ល្អសម្រាប់កសិករនៅស្រុកបន្ទាយស្រី ដែលព្យាយាមដាំដុះបន្លែឬផ្លែឈើណាប្លែកៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញភ្ញៀវទេសចរ។ លោក ខាន់ វ៉ាន់ឆាយ លើកទឹកចិត្តដល់កសិករឱ្យងាកមកដាំប្រភេទបន្លែទាំងនេះឱ្យបាន ហើយសមាគមចុងភៅក៏បេ្ដជ្ញាចាំជួយផ្សព្វផ្សាយ និងលើកកម្ពស់កសិផលទាំងនោះផងដែរ៕
 






Tag:
 ការ៉ុតបន្ទាយស្រី
  កសិកម្ម
  បន្លែសរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com