ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី៧ កុម្ភៈ បញ្ជាក់ជាថ្មីម្តងទៀតថា អាមេរិកនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ជាមុនឡើយ បើសិនអ៊ីរ៉ង់មិនអនុវត្តកាតព្វកិច្ចនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមុននោះទេ។ មេដឹកនាំកំពូលអ៊ីរ៉ង់ឯណោះវិញ ទាមទារឱ្យអាមេរិកដកទណ្ឌកម្មសិន ទើបនិយាយដល់ការអនុវត្តកាត្វកិច្ចចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ។
អាមេរិក និងអ៊ឺរ៉ង់ដែលពុំដែលមើលមុខគ្នាចំម្តងណាឡើយនោះ សុទ្ធតែបង្ហាញឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ប៉ុន្តែទាមទារឲ្យភាគីម្ខាងទៀតអនុវត្តកិច្ចព្រមព្រៀងជាមុនរៀងៗខ្លួន។ អាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ក្រោយដើរចេញនៅឆ្នាំ២០១៨ ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ក្រោយអាមេរិកចេញ អ៊ីរ៉ង់ក៏ប្រកាសលែងអនុវត្តតាមកិច្ចព្រមព្រៀងនេះទៀតដែរ ទោះមានការទទូចពីហត្ថលេខីឯទៀតក្ដី។
ប៉ុន្តែបញ្ហានៅត្រង់ថា ភាគីណាត្រូវអនុវត្តកិច្ចព្រមព្រៀងជាមុន នៅពេលប្រទេសទាំងពីរនេះសុទ្ធតែមានបំណងស្រោចស្រង់កិច្ចព្រមព្រៀងឡើងវិញ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS នៅថ្ងៃទី៧ ខែកុម្ភៈ ប្រធានាធិបតី ចូ បៃឌិន បានឆ្លើយថា ទេ! នៅពេលត្រូវសួរថា តើអាមេរិកនឹងលើកទណ្ឌកម្មជាមុនដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់ឲ្យត្រឡប់មកគោរពកិច្ចព្រមព្រៀង ឬយ៉ាងណា? ប៉ុន្តែលោកបៃឌិន ងក់ក្បាលជាសញ្ញាយល់ព្រម នៅពេលអ្នកសម្ភាសន៍និយាយថា អាមេរិកនឹងលើកទណ្ឌកម្មបើសិនជា អ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។
ប៉ុន្តែមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី និយាយថាអ៊ីរ៉ង់ នឹងមិនត្រឡប់ទៅគោរពកិច្ចព្រមព្រៀងជាមុនឡើយ បើសិនអាមេរិកមិនដកទណ្ឌកម្មជាមុននោះទេ។ បើតាមលោក ខាមេណី នេះជាការសម្រេចចិត្តចុងក្រោយ និងមិនសើរើឡើងវិញបាន។
«បើពួកគេ(អាមរិក)ចង់ឱ្យអ៊ីរ៉ង់ត្រឡប់មកកិច្ចព្រមព្រៀងនេះ អាមេរិកត្រូវដកទណ្ឌកម្មទាំងស្រុង មិនមែននៅតែលើក្រដាសឡើយ»។ នេះជាការលើកឡើងរបស់លោក ខាមេណី ដែលចាក់ផ្សាយក្នុងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃទី៧ កុម្ភៈ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ចាវ៉ាដ ហ្សារីហ្វ បានដាក់លក្ខខណ្ឌឱ្យអាមេរិកត្រូវចូលរួមកិច្ចព្រមព្រៀងនេះវិញឲ្យបានមុនថ្ងៃទី២១ ខែកុម្ភៈ ព្រោះសភាអ៊ីរ៉ង់ ដែលកាន់កាប់ដោយអ្នកមានទំនោរប្រឆាំងអាមេរិកអនុម័តច្បាប់ឱ្យរដ្ឋាភិបាលបង្កើនសកម្មភាពនុយក្លេអ៊ែរ បើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចត្រឹមថ្ងៃទី២១ ខែកុម្ភៈទេនោះ។ កាលពីខែមករា អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឱ្យបាន២០ភាគរយ។ កិច្ចព្រមព្រៀងអនុញ្ញាតឱ្យអ៊ីរ៉ង់ចម្រាញ់ក្នុងកម្រិតត្រឹមតែ៣,៦៧ភាគរយប៉ុណ្ណោះ។ យ៉ាងណាក្តី ការចម្រាញ់ត្រឹម២០ភាគរយ ពុំទាន់អាចយកទៅផលិតគ្រាប់បែកនុយក្លេអ៊ែរបានឡើយទេ។
ទាក់ទងការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០១៥ លោក ហ្សារីហ្វ និយាយថា អឺរ៉ុបដែលមានបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាហត្ថលេខីនៃកិច្ចព្រមព្រៀងដែរនោះ អាចជួយសម្រួលរៀបចំពេលវេលាសម្រាប់អាមេរិក និងអ៊ីរ៉ង់ក្នុងការគោរពកាតព្វកិច្ចរៀងខ្លួនៗបន្តិចម្តងៗ។ ប៉ុន្តែក្នុងកិច្ចសន្ទនាជាមួយភាគីអឺរ៉ុបទាំងបីនៅថ្ងៃទី៥ ខែកុម្ភៈ លោក អាន់តូនី ប្ល៊ីខិន រដ្ឋមន្ត្រីការបរទេសអាមេរិក និយាយថាអឺរ៉ុបត្រូវរួមគ្នាជាធ្លុងមួយក្នុងការធ្វើយ៉ាងណាឱ្យអ៊ីរ៉ង់គោរពកិច្ចព្រមព្រៀងនេះ។
ក្រៅតែពីចេញបើកផ្លូវឱ្យបំពានទៅនឹងកិច្ចព្រមព្រៀង ច្បាប់នេះតម្រូវឱ្យអ៊ីរ៉ង់បណ្តេញមន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មិនឱ្យត្រួតពិនិត្យស្ថានីយនុយក្លេអ៊ែររបស់ខ្លួនផងដែរ ចាប់ពីថ្ងៃទី២១ កុម្ភៈតទៅ៕