ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម សម្រេច​ឱ្យ​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ​ពី​វៀតណាម​វិញ​
08, Feb 2021 , 12:29 pm        
រូបភាព
រថយន្ត​ដឹក​ត្រី​មួយគ្រឿង ចេញពី​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​ខេត្តកណ្តាល នៅលើ​ផ្លូវជាតិ​លេខ​២១ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ កាលពី​១៨​មករា​ឆ្នាំ​២០២១​។ រូបថត​៖ អ៊ូ សុខ​មាន​
រថយន្ត​ដឹក​ត្រី​មួយគ្រឿង ចេញពី​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​ខេត្តកណ្តាល នៅលើ​ផ្លូវជាតិ​លេខ​២១ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ កាលពី​១៨​មករា​ឆ្នាំ​២០២១​។ រូបថត​៖ អ៊ូ សុខ​មាន​
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​អនុញ្ញាតឱ្យ​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ ពី​ប្រទេស​វៀតណាម​វិញ ក្រោយ​មានការ​ផ្អាក​នាំចូល​ត្រី​ទាំង​បួន​ប្រភេទ​នេះ អស់​រយៈ​ពេលជិត​មួយខែ​កន្លងមក​។ ការអនុញ្ញាតឱ្យ​ឈ្មួញ​នាំចូល​ពី​ត្រី​ទាំងនេះ​ពី​វៀតណាម​វិញ គឺធ្វើឡើង​បន្ទាប់ពី​ភាគី​វៀតណាម​សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង​មក​កម្ពុជា ដោយបាន​លើកឡើងថា កម្ពុជា​គឺ​ធ្វើ​ផ្ទុយ​ពី​ស្មារតី​សេរីភាព​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

 
​ក្រសួងកសិកម្ម​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​៨​កុម្ភៈ​ថា ឈ្មួញ​ដែល​នាំចូល​ត្រី​ទាំង​៤​ប្រភេទ​ពី​វៀតណាម​វិញ​នេះ ត្រូវធ្វើឡើង​ស្របតាម​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ ទន្ទឹមនឹងនេះ ក្រសួង​នឹង​បន្ត​ពិគ្រោះ​យោបល់ ជាមួយ​សមាគម​វា​រី​វប្បករ​កម្ពុជា អាជីវករ​នាំចេញ​-​នាំចូល​ផលិតផល​ជលផល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​កសាង​និង​ទទួលស្គាល់​លិខិតបទដ្ឋាន​បច្ចេកទេស​។​
 
​តាមរយៈ​យន្តការ​គណៈកម្មការ​ជំរុញ​វា​រី​វប្បក​កម្ម​កម្ពុជា ក្រសួងកសិកម្ម សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នឹង​បន្ត​ដោះ​ស្រោ​យ​បញ្ហា​ប្រឈម​របស់​វា​រី​វប្បករ ដើម្បី​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម និង​ពង្រឹង សមត្ថភាព​ប្រកួតប្រជែង​របស់​វា​រី​វប្បករ ស្របតាម​គោលការណ៍​ពាណិជ្ជកម្ម​សេរី ព្រមទាំង​ធានា​ដល់​ការការពារ​សុខភាព មនុស្ស សត្វ បរិស្ថាន និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ខាងលើ​៕ 

Tag:
 កសិកម្ម​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com