កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ជំនួប​ជើង​ទី​១​រវាង Leipzig ទល់ Liverpool ត្រូវ​លេង​នៅ​ហុង​គ្រី​
08, Feb 2021 , 10:39 pm        
រូបភាព
​ជំនួប​រវាង RasenBallsport Leipzig ទល់នឹង Liverpool ពានរង្វាន់ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​១ ត្រូវ​លេង​នៅ​ទឹកដី​កណ្តាល​ក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​វិញ​។ ការប្តូរ​ទៅលេង​នៅ​ទឹកដី​កណ្តាល ក៏​ព្រោះ​ហង្ស​ក្រហ​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ចូល​ទឹកដី​អាល្លឺម៉ង់ ដ្បិត​ប្រទេស​នេះ​បានដាក់​រឹតត្បិត​ដើម្បី​បង្ការ​ជំងឺ COVID-19​។​


​អាល្លឺម៉ង់​បាន​ហាមឃាត់​អ្នកធ្វើដំណើរ​ពី​បណ្តា​ប្រទេស​នានា​រួមទាំង​អង់គ្លេស​ផង​ដើម្បី​បង្ការ​ការឆ្លង COVID-19​។ ដោយសារ​មូលហេតុ​នេះ ក្លិប Leipzig ក្នុង​ក្របខណ្ឌ Bundesliga ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យទទួល​ស្វាគមន៍​ក្រុម​ហង្ស​ក្រហម​សម្រាប់​ក្របខណ្ឌ​អឺរ៉ុប​ពេលនេះ​ផងដែរ​។​
 
​ដោយសារ​មិនអាច​រៀបចំ​នៅ​ទឹកដី​ខ្លួន Leipzig បាន​សម្រេចយក​កីឡដ្ឋាន Puskas Arena ក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​ដើម្បី​ប្រើ​ជា​ទឹកដី​កណ្តាល​សម្រាប់​ជំនួប​ជើង​ទី​១​វគ្គ​១៦​ក្រុម​នេះ​វិញ ដែល​នឹង​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១៦ ខែកុម្ភៈ​។​
 
​ការសម្រេច​ប្រើ​ទឹកដី​កណ្តាល​នេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) បានធ្វើ​បច្ចុប្បន្នភាព​បទ​ប្បញ្ញត្តិ​របស់ខ្លួន​ស​ម្រា​ប់​ការប្រកួត​វគ្គ​ខ្វែង Champions League និង Europa League ចំពេល​មាន​ការរីក​រាលដាល​កាន់តែខ្លាំង​នៃ​ការឆ្លង​ជំងឺ COVID-19​។ ច្បាប់​ថ្មី​របស់ UEFA សរសេរថា ប្រសិនបើ​ការ​រឹតបន្តឹង​ដែល​បានដាក់​ក្នុង​ប្រទេសមួយ​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ការប្រកួត នោះ​ក្លិប​ម្ចាស់ផ្ទះ​ត្រូវតែ​ស្នើសុំ​កន្លែង​ជំនួស​ថ្មី​ដែល​សមរម្យ​ហើយ​នៅក្នុង​ប្រទេស​អព្យាក្រឹត​។​
 
​យ៉ាងណាក៏ដោយ ប្រសិនបើ​ក្លិប​ម្ចាស់ផ្ទះ​ទាំងឡាយណា​ខកខាន​មិនបាន​ធ្វើតាម​ការលើកឡើង​ខាងលើនេះ​ទេនោះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​នឹង​គិតថា​ការប្រកួត​នេះ​ត្រូវឱ្យ​ក្រុម​ម្ចាស់ផ្ទះ​ចាញ់ ៣-០ ដោយ​ស្វ័យប្រវត្តិ​។​
 
UEFA អំណរគុណ​ដល់​ក្លិប​ទាំងពីរ​ដែល​បាន​សហការ និង​ស្វែងរក​ដំណោះស្រាយ​ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​ហុង​គ្រី (HFF) ដែល​បាន​យល់ព្រម​ផ្តល់​ទីលាន​សម្រាប់​ការប្រកួត​នេះ​៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com