ជាតិ
សង្គមជាតិ
បុរសចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាង១០០គីឡូក្រាម បានរត់គេចខ្លួន ពេលបញ្ជូនទៅមន្ទីរពេទ្យ បុរជនជាតិចិនទាំង៤នាក់ ដែលត្រូវចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាង១០០គីឡូក្រាម
× បុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាង១០០គីឡូក្រាម រត់គេចខ្លួនបានសម្រេច កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ពេលរូបគេ ត្រូវបានដឹកទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈនេះថា លោក ក៏បានទទួលព័ត៌មានពីការរត់គេចខ្លួនរបស់ជនល្មើសគ្រឿងញៀនជនជាតិចិននោះដែរ។ លោក មានប្រសាសន៍ថា៖«ឥឡូវ មិនដឹងជាយ៉ាងម៉ែចដែរ ព្រោះ [សមត្ថកិច្ច] កំពុងទៅមើលហើយ [តែ] អត់ទាន់ជូនដំណឹងមកខ្ញុំ»។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មិនទាន់អាចធ្វើអត្ថាធិប្បាយលម្អិតជុំវិញករណីខាងលើនេះទេ ដោយលោក លើកហេតុផលថា កម្លាំងសមត្ថកិច្ច កំពុងធ្វើការងារនេះ (តាមចាប់ជនល្មើស)។ បុរសជនជាតិចិនជាជនល្មើសគ្រឿងញៀននោះ មានជំងឺអ្វី ក៏ លោក មិនទាន់អាចជម្រាបបាដែរ។ លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«ការធ្វើអត្ថាធិបាយលើសពីហ្នឹង ខ្ញុំ មិនអត់ហ៊ាននិយាយទេ ព្រោះដោយសារយើង កំពុងស្រាវជ្រាវ»។
បុរសជនជាតិចិន ដែលរត់គេចខ្លួន មានឈ្មោះ Hi Yi Ri អាយុ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយបក្សពួកជាបុរសជនជាតិចិន៣នាក់ទៀត កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ។ ៣នាក់ទៀត មានឈ្មោះ ZHANG JUN ឈ្មោះ LEE SHAOFENG និង ឈ្មោះ CAI TAO ដោយមានអាយុស្របាក់ស្របាលគ្នា គឺចម្លោះពី៤៦ឆ្នាំទៅ៤៩ឆ្នាំ។
សមត្ថកិច្ច បានរកឃើញគ្រឿងញៀនជាង១០០គីឡូក្រាម ពីបុរសជនជាតិចិនទាំង៤នាក់នោះ។ ពួកគេទាំង៤នាក់ ត្រូវជាប់សង្ស័យពីបទលួចកែច្នៃនិងជួញដូរគ្រឿងញៀនខុសច្បាប់៕
Tag:
គ្រឿងញៀន
ជនល្មើសរត់គេចខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com