ពីនេះ ពីនោះ
សុខភាព
១​ថ្ងៃ ញ៊ាំ​ត្រសក់ ១​ផ្លែ ហើយ​អ្នកនឹង​ទទួលបាន​ភាព​ភ្ញាក់ផ្អើល​ទាំងនេះ​
09, Feb 2021 , 8:59 pm        
រូបភាព
​ត្រសក់ គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ទទួលបាន​ការពេញនិយម​និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។​ទោះបី​ភាគច្រើន​នៃ​ពួកយើង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​វិជ្ជមាន​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ត្រសក់ ៖

 
១. សុខភាព​ស​សៃ​ឈាម​បេះដូង​នឹងមាន​លក្ខណៈ​ប្រសើរឡើង​
 
​ត្រសក់​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន K ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​រក្សា​ភាពប្រក្រតី​នៃ​មុខងារ​របស់​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង​។ វីតាមីន K ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​បង្កក​ឈាម និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​។ ការថយចុះ​ទាប​ពេក​នូវ​កម្រិត​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​និង​ប៉ូ​តា​ស្យូ​ម​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ការ​ទទួលទាន​ត្រសក់​ជាប្រចាំ​ក៏​អាច​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​ផងដែរ​។​
 
២. កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ត្រូវបាន​គ្រប់គ្រង​ឱ្យ​កាន់តែ​ប្រសើរ​
 
​ត្រសក់​មាន​ផ្ទុក​សមាសធាតុ phenolic, flavonoids និង​triterpenes ដែល​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
៣. ឆ្អឹង​នឹង​កាន់តែ​រឹងមាំ​
 
​ត្រសក់​មាន​ផ្ទុក​វីតាមីន K និង​កាល់ស្យូម​ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង​។​
 
៤. កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​
 
​ត្រសក់​មាន​លក្ខណៈសម្បត្តិ​ជួយ​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​តាមបែប​ធម្មជាតិ​។ ដូច្នេះ​ការទទួល​ទាន​ត្រសក់​ជាប្រចាំ​ពិតជា​អាចជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​ថ្លើម​និង​ពោះវៀន​បាន​យ៉ាង​ប្រសើរ​។ ជា​លទ្ធផល​អ្នកនឹង​ទទួលបាន​សុខភាព​កាន់តែ​ប្រសើរ​។​
 
៥. ទប់ស្កាត់​ស្បែក​ជ្រីវជ្រួញ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ចិត​សំបក​ត្រសក់​ធំ ១ ផ្លែ រួច​កិន​ត្រសក់​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​ដាក់​ក្នុង​ស្បៃ​ស្អាត​ពូត​យក​ទឹក​ត្រសក់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ បន្ទាប់មក​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹក​ត្រសក់ រួច​ផ្ដិតៗ​លើ​ផ្ទៃមុខ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៦. សុខភាព​មាត់​ធ្មេញ​នឹង​កាន់តែ​ប្រសើរឡើង​
 
​ត្រសក់​មាន​ផ្ទុក​សារធាតុ molybdenum និង fluoride ដែល​ជួយ​ជួសជុល​និង​ទប់ស្កាត់​ធ្មេញ​ដង្កូវ​ស៊ី ឬ​ពុក​បាន​។ កាល់ស្យូម​ក្នុង​ផ្លែ​ត្រសក់​ចាំបាច់​សម្រាប់​ពង្រឹង​ភាពរឹងមាំ​នៃ​ធ្មេញ​។​
 
៧. បញ្ចុះ​សម្ពាធ​ឈាម​
 
​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្ក​ហានិភ័យ​នៃ​ជំងឺ​គួរអោយ​ព្រួយបារម្ភ​ជាច្រើន​។ ប៉ុន្តែ​កុំ​បារម្ភ​! ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​សូ​ដ្យូ​ម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៨. ស្រក​ទម្ងន់​ដែល​លើស​ឆាប់រហ័ស​
 
​នោះ​ក៏​ព្រោះតែ​ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​អោយ​ឆាប់​ឆ្អែត 
​ហើយ​មាន​អារម្មណ៍​ឆ្អែត​បានយូរ​ទប់ស្កាត់​ការទទួល​ទាន​ច្រើន​លើស​កម្រិត​។ ម្យ៉ាងវិញទៀត​ត្រសក់​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កាឡូរី​ដែលនាំអោយ​កើន​ទម្ងន់​ឡើយ​។​
 
៩. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​ត្រសក់​មាន​ផ្ទុក​សារធាតុ Fisetin ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​ការ​រលាក​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​សាហាវៗ​ផ្សេងៗ​ផងដែរ​។ 
 
១០. ការរំលាយ​អាហារ​មាន​លក្ខណៈ​ប្រសើរឡើង​
 
​ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក​ដែល​ជួយ​ក្នុង​ការរំលាយ​អាហារ​។ វីតាមីន​ផ្សេងៗ​ក្នុង​ត្រសក់​ក៏​ជួយ​អោយ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ​។​ការរួមបញ្ចូល​ត្រសក់​ក្នុង​របប​អាហារ​ជួយ​សម្រួល​ចលនា​ពោះវៀន​ទប់ស្កាត់​បញ្ហា​គួរអោយ​ព្រួយបារម្ភ​ជាច្រើន​។​
 
១១. ពង្រឹង​សុខភាព​សាច់ដុំ​
 
​ត្រសក់​មាន​ផ្ទុក​សារធាតុ silica ជួយ​រក្សាសុខ​ភាពល្អប្រសើ​រ​នៃ​ជាលិកា​ភ្ជាប់ ឬ​សាច់ដុំ​រឹងមាំ ពិសេស​នៅពេល​ទទួលទាន​ជាប្រចាំ​។​
 
១២. ពង្រឹង​សុខភាព​សក់ និង​កាត់បន្ថយ​បញ្ហា​សក់​ជ្រុះ​
 
​វីតាមីន B ក្នុង​ត្រសក់​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ស្បែកក្បាល​និង​សុខភាព​សក់​។​ត្រសក់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​បាយ​អូ​ទីន សារធាតុ riboflavin សារធាតុ niacin វីតាមីន B5 វីតាមីន B6 និង​វីតាមីន C ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លូតលាស់​សក់ ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ ហើយ​ឆាប់​ស្កូវ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com