ជួយ​ចែករំលែក​! គន្លឹះ​ចាំបាច់​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​
ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ចាំបាច់​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​
10, Feb 2021 , 6:59 am        
រូបភាព
​ការគ្រប់គ្រង​សម្ពាធ​ឈាម​ឱ្យ​ស្ថិតក្នុង​កម្រិត​ត្រឹមត្រូវ​មួយ​ដែល​មិន​ទាប ឬ​ខ្ពស់​ពេក គឺ​ចាំបាច់​ណាស់​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​។ ថា​តើ​ធ្វើ​បែបណា​ទើប​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម ៖

 
១. ឈប់​ជក់បារី​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹង​អំពី​ផលប៉ះពាល់​នៃ​ការជក់បារី​ចំពោះ​សុខភាព​។ ដូច្នេះ​ចូរ​កុំ​ជក់បារី​! ប៉ុន្តែ​សូម្បីតែ​ការ​ហិត​ផ្សែង​បារី​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សម្ពាធ​ឈាម ដោយ​បង្ក​ការខូចខាត​ដល់​ស​សៃ​ឈាម​។​
 
២. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺ​ចាំបាច់​ណាស់​រក្សា​សុខភាព​រាងកាយ​ទាំងមូល ក៏ដូចជា​សម្ពាធ​ឈាម​។ ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះនឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង​ក្នុងការ​ច្របាច់​ឈាម​ទៅ​សព្វ​រាងកាយ​ដែលនាំឱ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺលើសឈាម​។ អ្នក​មិនចាំបាច់​តែ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ ត្រឹម​ការដើរ រត់ ជិះ​កង់ ឬ​ហែល​ទឹក គឺ​គ្រប់គ្រាន់​ហើយ​។​
 
៣. សម្រក​ទម្ងន់​ដែល​លើស​
 
​ភាពធាត់​ជ្រុល​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព​រួមទាំង​បញ្ហា​លើស​សម្ពាធ​ឈាម​។ អ្នក​អាច​គ្រប់គ្រង​ទម្ងន់​តាមរយៈ​ការទទួល​ទាន​អាហារ​សុខភាព​ល្អ​និង​ធ្វើ​លំ​ហាត់ប្រាណ​។ នេះ​មិនមែន​មានន័យថា​អ្នក​ចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ ត្រឹមតែ​ការដើរ ឬ​ឡើងជណ្ដើរ​ក៏​ជា​លំ​ហាត់ប្រាណ​ល្អប្រសើរ​ដើម្បី​ទប់ស្កាត់​ជំងឺលើសឈាម​ដែរ​។​
 
៤. កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​ពិតជា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​បាន ក៏ប៉ុន្តែ​ការទទួល​ទាន​ច្រើន​លើស​វិញ​នឹង​បង្ក​ទៅជា​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។ ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម ឬ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​បញ្ហា​សុខភាព​នេះ​។​
 
៥. កាត់បន្ថយ​ការទទួល​ទាន​អំបិល ឬ​អាហារ​ប្រៃ​
 
​ការទទួល​ទាន​ប្រៃ​ពេក​ញឹកញាប់​ក៏​អាច​បណ្ដាលឱ្យ​កើត​ជំងឺលើសឈាម ឬ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ប្រៃ ឬ​កម្រិត​ការទទួល​ទាន​អំបិល​មិនគួរ​លើសពី ១៥០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​។ ចូរ​ជ្រើសរើស​របប​អាហារ​មាន​សុខ​ភាពល្អ​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី​។ របប​អាហារ​សុខភាព​ល្អ​មាន​រួមបញ្ចូល​នូវ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹម​តែមាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៦. ព្យាយាម​គ្រប់គ្រង​ស្ត្រេ​ស​
 
​ធ្លាប់​ដឹង​ទេ​ថា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ជាប្រចាំ​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​? ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​។​
 
៧. គេង​ឱ្យបាន​គ្រប់គ្រាន់​
 
​ក្រៅពី​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ច្រើន​ហើយ​នោះ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​អាច​បណ្ដាលមកពី​កង្វះ​នៃ​ការ​គេង​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គេង​ឱ្យបាន​ចន្លោះ​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។​
 
៨. ទទួលទាន​អាហារ​សុខភាព​ល្អ​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺពាក់ព័ន្ធ​នឹង​អាហារ​ដែល​អ្នក​ទទួលទាន​។ ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី ចូរ​ព្យាយាម​ទទួលទាន​អាហារ​សុខភាព​ល្អ​។ របប​អាហារ​សុខភាព​ល្អ​មាន​រួមបញ្ចូល​នូវ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹម​តែមាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com