សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្ស​យ៉ាងហោចណាស់​១៨​នាក់​ស្លាប់​នៅក្នុង​ការធ្លាក់​បាក់​ផ្ទាំង​ទឹកកក​ដ៏​ធំ​មួយ​ក្នុង​តំបន់ភ្នំ​ហិមាល័យ​នៅ​ឥណ្ឌា​
09, Feb 2021 , 7:59 pm        
រូបភាព
​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ជួយសង្គ្រោះ​មនុស្ស នៅ​តំបន់ភ្នំ​ហិមាល័យ បន្ទាប់ពី​ផ្ទាំង​ទឹកកក​ដ៏​ធំ​មួយ​បាន​ធ្លាក់ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។​
​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ជួយសង្គ្រោះ​មនុស្ស នៅ​តំបន់ភ្នំ​ហិមាល័យ បន្ទាប់ពី​ផ្ទាំង​ទឹកកក​ដ៏​ធំ​មួយ​បាន​ធ្លាក់ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។​
ដោយ: VOA
​ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ទាន់​នៅក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ជួយសង្គ្រោះ​បុគ្គលិក​រោងចក្រ​អគ្គិសនី​ចំនួន ៣៧ នាក់ ដែល​បាន​ជាប់គាំង​ក្នុង​ផ្លូវ​រូងភ្នំ​មួយកន្លែង បន្ទាប់ពី​ផ្ទាំង​ទឹកកក​ដ៏​ធំ​មួយ​ក្នុង​តំបន់ភ្នំ​ហិមាល័យ នៅ​ប្រទេស​ឥណ្ឌា បាន​បាក់​ធ្លាក់​ទៅក្នុង​ទឹក ហើយ​បាន​បង្ក​ការខូចខាត​ដល់​ទំនប់ទឹក​មួយកន្លែង និង​រោងចក្រ​វា​រី​អគ្គិសនី​យ៉ាងហោចណាស់​ចំនួន ២ កាលពី​ព្រឹក​ព្រហាម​ថ្ងៃអាទិត្យ​។​

 
​អាជ្ញាធរ​ឥណ្ឌា​និយាយថា យ៉ាងហោចណាស់​សាកសព​ជនរងគ្រោះ​ចំនួន ១៨ នាក់ ត្រូវបាន​គេ​រកឃើញ ប៉ុន្តែ​មាន​មនុស្ស​ប្រមាណ​ជាង ២០០ នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន​នៅឡើយ ហើយ​ត្រូវគេ​បារម្ភ​ថា បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​នោះ​។​
 
​ក្រុម​អ្នក​ជួយសង្គ្រោះ​ប្រមាណ ២ ពាន់​នាក់ ដែល​រួមមាន​ទាំង​ក្រុម​យោធា​និង​ប៉ូលិស​ផង​នោះ ត្រូវបាន​បញ្ជូនទៅ​កន្លែងកើតហេតុ ដើម្បី​ស្វែងរក​និង​ជួយសង្គ្រោះ​ជនរងគ្រោះ នៅក្នុង​តំបន់​ជ្រលង​ភ្នំ​ហិមាល័យ​នោះ​។​
 
​ទឹកជំនន់​ដែល​កើតចេញពី​ការបាក់​ធ្លាក់​ផ្ទាំង​ទឹកកក​ដ៏​ធំ​នេះ​បានធ្វើ​ឲ្យ​ខូចខាត​រោងចក្រ​វា​រី​អគ្គិសនី​មួយកន្លែង នៅលើ​ទន្លេ Alaknanda និង​ធ្វើ​ឲ្យ​ខូចខាត​រោងចក្រ​វា​រី​អគ្គិសនី​មួយកន្លែង​ទៀត លើ​ទន្លេ Dhauli Ganga ផងដែរ​។ ទន្លេ​ទាំងពីរ​នេះ​ហូរ​ចេញពី​តំបន់​ជួរ​ភ្នំ​ហិមាល័យ ហើយ​ហូរ​ប្រសព្វ​គ្នា មុននឹង​ហូរ​ចាក់​ចុះទៅ​ក្នុង​ទន្លេ Ganges​។​
 
​ឧបទ្ទវហេតុ​នៃ​ការបាក់​ធ្លាក់​ផ្ទាំង​ទឹកកក​ដ៏​ធំ​ពីលើ​ភ្នំ​នេះ​បាន​បង្កើត​ឲ្យ​មាន​បរិមាណ​ទឹកធំ និង​កម្ទេចកម្ទី​ជាច្រើន​ហូរ​ចុះមក​ក្រោម ដោយ​បង្ក​ឲ្យ​មានទឹក​ជន់​ជោរ​ក្នុង​ទន្លេ Dhauli Ganga និង​បង្ខំ​ឲ្យ​មានការ​ជម្លៀស​អ្នកភូមិ ដែល​កំពុង​រស់នៅ​តាម​ខ្សែទឹក​ខាងក្រោម​នៃ​ដង​ទន្លេ​នេះ​ផងដែរ​។​
 
​វីដេអូ​ដែល​ត្រូវបាន​បង្ហាញ​ពី​កន្លែងកើតហេតុ​នោះ​បង្ហាញ​ពី​ទឹកជំនន់​មាន​ពណ៌​ប្រផេះ ដែល​កើតចេញពី​ផ្ទាំង​ទឹកកក និង​កម្ទេចកម្ទី​ហូរ​ធ្លាក់ចុះ​តាម​ជ្រលង​ភ្នំ​កាត់​តាម​ទំនប់ទឹក​ក្នុង​រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។​
 
​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បន្ទោស​ដល់​ការឡើង​កម្ដៅ​ផែនដី​ថា ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​រលាយ​ផ្ទាំង​ទឹកកក​ដ៏​ធំ ហើយ​បាក់​ធ្លាក់ចុះ​មកក្រោម​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com