មួយសប្តាហ៍ក្រោយដណ្ដើមពីរដ្ឋាភិបាលស៊ីវិល លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានការពាររដ្ឋាភិបាលយោធារបស់ខ្លួនថា ខុសពីរដ្ឋាភិបាលយោធាមុនៗ ព្រោះរដ្ឋាភិបាលរបស់លោក អនុវត្តលទ្ធិប្រជាធិបតេយ្យ។ បើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ក្នុងថ្ងៃទី៨ ខែកុម្ភៈ ទោះមានការផ្លាស់ប្ដូររដ្ឋាភិបាលប គោលនយោបាយការបរទេស និងវិនិយោគ នៅរក្សាទុកដដែល។
គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានឈានចូលមួយសប្តាហ៍ហើយ។ ចំនួនប្រជាជនចេញមកតវ៉ានឹងការដណ្តើមអំណាចរបស់យោធានៅក្នុងទីក្រុងធំៗ ក៏កើនឡើងផងដែរ ខណៈពេលសហគមន៍អន្តរជាតិ បានដាក់សម្ពាធមកលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាបន្តបន្ទាប់។ ចំណែកក្រុមហ៊ុនបរទេសមួយចំនួន ដែលប្រតិបត្តិការនៅមីយ៉ាន់ម៉ា ក៏ផ្អាកប្រតិបត្តិការរបស់ខ្លួនបណ្តោះអាសន្នផងដែរ។
ក្នុងគោលបំណងអំពាវនាវឱ្យប្រជាជនឈប់តវ៉ា និងកាត់បន្ថយសម្ពាធពីសហគមន៍អន្តរជាតិ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានថ្លែងទៅកាន់ប្រជាជនរបស់ខ្លួនជាលើកដំបូង តាមរយៈទូរទស្សន៍ MRTV។ ក្នុងសេចក្តីថ្លែងការណ៍នេះ លោកឧត្តមសេនីយ៍ បានលើកឡើងថា រដ្ឋាភិបាលយោធាក្នុងពេលបច្ចុប្បន្ន មិនដូចគ្នានឹងរដ្ឋាភិបាលយោធាសម័យមុនឡើយ ព្រោះរដ្ឋមន្ត្រី ត្រូវបានដាក់ឱ្យត្រូវនឹងតំណែងរបស់ខ្លួន ហើយរដ្ឋាភិបាលថ្មីក៏ប្រកាន់លទ្ធិប្រជាធិបតេយ្យដែរ។
បើតាមលោក មីន អ៊ុងឡាំង យោធាមីយ៉ាន់ម៉ា នឹងបង្កើតលទ្ធិប្រជាធិបតេយ្យពិត និងតាមគោលការណ៍មួយដែលខុសពីរបបសឹកមុនៗ។ ជាមួយគ្នានេះ លោកមីន អ៊ុងឡាំង បានការពារការដណ្តើមអំណាចពីក្រុមរដ្ឋាភិបាលស៊ីវិលជាថ្មីថា ដោយសារមិនមានដំណោះស្រាយលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងគ្មានអង្គការណាមួយ អាចអង្គុយលើច្បាប់បានឡើយ។
ក្នុងន័យនេះ លោកមីន អ៊ុងឡាំង បានប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ និងរៀបចំការបោះឆ្នោតថ្មីមួយ បន្ទាប់ពីស្ថានភាពអាសន្ននៅមីយ៉ាន់ម៉ា ត្រូវបានបញ្ចប់។ បក្សដែលឈ្នះការឆ្នោត នឹងត្រូវក្រុមយោធាប្រគល់អំណាចឱ្យ។ ក្រៅពីកិច្ចការនៅក្នុងប្រទេសមេដឹកនាំយោធារូបនេះ ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលថ្មីទៅលើកិច្ចករក្រៅប្រទេសផងដែរ។ បើតាមលោកមីន អ៊ុងឡាំង ទោះរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានដោះដូរមែន គោលនយោបាយការបរទេស និងវិនិយោគមិនផ្លាស់ប្ដូរអ្វីទេ។
«មីយ៉ាន់ម៉ា នៅតែបន្តរក្សាទំនាក់ទំនងជាមិត្តភាពជាមួយប្រជាជាតិទាំងអស់ និងគ្មានអ្វីផ្លាស់ប្តូរក្នុងនយោបាយការទូតរបស់ខ្លួនឡើយ»។ អគ្គមេបញ្ជាការយោធាបានលើកឡើងបែបនេះ ដោយបន្ថែមថា រដ្ឋាភិបាល ក៏នៅតែបន្តលើកទឹកចិត្តឱ្យវិនិយោគិនបរទេសមករកស៊ីនៅមីយ៉ាន់ម៉ាដដែល។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
ក្នុងថ្ងៃដែលលោក មីន អ៊ុងឡាំង ធ្វើសេចក្តីថ្លែងការណ៍ ប្រជាជនមីយ៉ាន់ម៉ា រួមទាំងព្រះសង្ឃផង បានចេញមកបាតុកម្មនៅក្នុងមីយ៉ាន់ម៉ាជាច្រើនពាន់នាក់នៅក្នុងទីក្រុងធំៗជាច្រើន ដើម្បីតវ៉ានឹងរដ្ឋប្រហារយោធា។ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសឱ្យប្រើប្រាស់នៅក្នុងតំបន់ខ្លះក្នុងក្រុង Mandalay, ក្រុងយ៉ាំងហ្គោន និងក្រុងផ្សេងទៀត ដោយដាក់បម្រាមគោចរពីម៉ោង៨យប់ ដល់ម៉ោង៤ព្រឹក និងហាមការជួបជុំមនុស្សច្រើនជាង៥នាក់។
បើទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានប្រកាសឱ្យប្រើក៏ដោយ ប្រជាជននៅតែចេញមកតវ៉ាក្នុងទ្រង់ទ្រាយធំដដែលនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ។ សម្រែកទាមទារ និងបដា ដែលសរសេរឱ្យដោះលែងលោកស្រី ស៊ូជី នៅតែបន្តកើតមាន។ ប្រជាជនខ្លះ បានស្រែកទាមទារឱ្យលុបចោលរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលផ្តល់កៅអីសភាចំនួន ២៥ភាគរយឱ្យយោធា៕