អន្តរជាតិ
នូវែលសេឡង់ ជាប្រទេសទីមួយប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នាយករដ្ឋមន្រ្តីនូវែលសេឡង់ Jacinda Ardern ។ រូបថត AFP
× នូវែលសេឡង់ នៅថ្ងៃទី៩ ខែកុម្ភៈ បានប្រកាសមិនទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងផ្អាកទំនាក់ទំនងកម្រិតខ្ពស់ជាមួយជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ នូវែលសេឡង់ ក៏នឹងហាមឃាត់មេដឹកនាំយោធាមីយ៉ាន់ម៉ា ចូលមកក្នុងទឹកដីនូវែលសេឡង់ផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រីនាយករដ្ឋមន្ត្រីJacinda Ardern បានប្រកាសថា នូវែលសេឡង់ នឹងដាក់បម្រាមមេដឹកនាំយោធាមីយ៉ាន់ម៉ាជាច្រើនរូប មិនឱ្យចូលមកក្នុងទឹកដីរបស់ខ្លួន និងផ្អាកទំនាក់ទំនងនយោបាយក្នុងកម្រិតខ្ពស់ទាំងអស់។ បម្រាមនេះ នឹងចេញជាផ្លូវការនៅពេលខាងមុខ។
«រឿងមួយ យើងនឹងធ្វើ គឺផ្អាកកិច្ចសន្ទនាជាន់ខ្ពស់ទាំងអស់»។ ប្រមុខរដ្ឋាភិបាលក្រុងវែលីងតោន បានលើកឡើងបែបនេះ ដោយបន្ថែមថា នូវែលសេឡង់នឹងធានាផងដែរថា រាល់កម្មវិធីជំនួយរបស់ខ្លួន នឹងមិនត្រូវដាក់បញ្ចូលក្នុងគម្រោងទាំងឡាយណា ដែលទាក់ទិន ឬផ្តល់ផលប្រយោជន៍ដល់ក្រុមយោធាឡើយ។ តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters ជំនួយខាងលើ មានទំហំប្រមាណ ៣០លានដុល្លារ នៅចន្លោះឆ្នាំ ២០១៨ ដល់ ២០២១។
នូវែលសេឡង់ ជាប្រទេសទីមួយ ដែលបានប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយទៀត ដែលអំពាវនាវឱ្យរបបសឹកមួយនេះ ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី, មេដឹកនាំនយោបាយផ្សេងទៀត និងប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលដឹកនាំវិញ។
សេចក្តីថ្លែងការណ៍របស់នូវែលសេឡង់ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានថ្លែងសារជាសាធារណៈ នៅថ្ងៃទី៨ ខែកុម្ភៈ ទៅកាន់ប្រជាជនខ្លួនក្នុងប្រទេស ដែលកំពុងធ្វើបាតុកម្មតវ៉ា។ បើតាមលោកឧត្តមសេនីយ៍ ការលូកដៃពីសំណាក់ក្រុមយោធា លើរដ្ឋាភិបាលស៊ីវិល ដោយសារតែភាពមិនប្រក្រតីក្នុងការបោះឆ្នោត មិនត្រូវបានដោះស្រាយ។
នៅមីយ៉ាន់ម៉ាឯណោះ បាតុករនៅតែបន្តជួបជុំទោះរបបយោធាព្រមានចាត់វិធានការក្ដី។ ប៉ូលិសមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកតវ៉ាយ៉ាងហោចណាស់២៧នាក់ នៅក្នុងទីក្រុង Mandalay ដោយរួមមានអ្នកសារព័ត៌មានម្នាក់ផងដែរ។ ចំណែកបាតុកម្មនៅក្នុងទីក្រុងណៃពិដោ និងតំបន់ Bago វិញ ត្រូវបានប៉ូលិសបាញ់ទឹកបង្ក្រាប និងបំបែកក្រុមបាតុករ។ យ៉ាងណាមិញ បាតុករទាំងនោះ នៅតែបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា និងស្រែកទាមទារឲ្យដោះលែងលោកស្រី ស៊ូជី និងឱ្យក្រុមយោធាចុះចេញពីតំណែង។
បន្ទាប់ពីវិធានការបាញ់ទឹកមិនអាចបំបែកក្រុមអ្នកតវ៉ាក្នុងក្រុងណៃពិដោបាន ប៉ូលិសក្រុង ក៏បានបាញ់គ្រាប់កាំភ្លើងទៅក្នុងអាកាសប៉ុន្មានគ្រាប់ផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប៉ូលិសក៏បានបាញ់គ្រាប់កាំភ្លើងជ័រលើបាតុករទៀតផង៕
Tag:
មីយ៉ាន់ម៉ា
នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com