COVID-19
ជាតិ
វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖ ចាក់​វ៉ាក់សាំង​ហើយ ក៏​នៅតែ​អាច​ឆ្លង​កូ​វីដ​ដែរ បើ​មិន​ការពារ​
09, Feb 2021 , 9:59 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
អ្នកស្រី ឱ វណ្ណឌីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា អះអាងថា វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន មានប្រសិទ្ធភាពជិត៨០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺកូវីដ-១៩។ មន្រ្តីដដែល បញ្ជាក់ថា លើពិភពលោក គ្មានវ៉ាក់សាំងប្រទេសណាមួយ មានប្រសិទ្ធភាពដល់ទៅ១០០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺកូវីដ-១៩ នោះទេ។

 


​វ៉ាក់សាំង មិនអាច​ការពារ​បាន​១០០​ភាគរយ ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ មានន័យថា បុគ្គលណា បានចាក់វ៉ាក់សាំងរួចហើយ ក៏នៅតែអាចមានលទ្ធភាពឆ្លងជំងឺកូវីដ-១៩ដែរ បើបុគ្គលនោះ ធ្វេសប្រហែលមិនការពារខ្លួន។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងសុខាភិបាល កាលពី​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់​ទៅកាន់​ប្រជាពលរដ្ឋ​ថា​៖«​អ្នក ដែល​ចាក់ [​វ៉ាក់សាំង​] ហើយ ក៏​គាត់ នៅតែមាន​លទ្ធភាព​ក្នុងការ​ឆ្លង​ដែរ បើ​គាត់ មិន​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ និង ការធ្វើ​ច​ត្តា​ឡី​ស័ក​»។ បន្ទាប់មក អ្នកស្រី ក្រើនរម្លឹក​ប្រជាពលរដ្ឋ​ថា​៖«​ការអនុវត្ត​វិធានការ​សុខាភិបាល គឺ​នៅតែ​ធ្វើ​ដដែល​។ កុំ​ភ្លេច​សមីការ ដែល​ខ្ញុំ ជូន​អម្បាញ់មិញ ៣​ការពារ បូក​៣​កុំ បូក​នឹង​វ៉ាក់សាំង​»​។ 

៣​ការពារ គឺ ពាក់​ម៉ាស់ លាងដៃ និង រក្សា​គម្លាត ហើយ​៣​កុំ គឺ កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង កុំ​ប៉ះគ្នា ដូចជា ចាប់ដៃ ជាដើម​។ ក្រៅពី​ការអនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ​នេះហើយ នៅមាន​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​១​ថែមទៀត ដែល​ត្រូវ​បន្ត​អនុវត្ត ដូចជា ករណី​ពលរដ្ឋ​ខ្មែរ ឬ​ជនបរទេស ដែល​ធ្វើដំណើរ​ពី​បរទេស ចូលមក​កម្ពុជា​។​
 
​អ្នកស្រី អះអាងថា អ្នក ដែល​ចាក់​វ៉ាក់សាំង​ហើយ មិន​ត្រឹមតែ​​នៅមាន​លទ្ធភាព​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ តែ​នៅ​អាច​ចម្លង​ដល់​អ្នកដទៃ​ថែមទៀត​។ អ្នកស្រី សង្កត់ធ្ងន់ថា​៖«​ត្រូវ​ចាំ​កន្លែង​ហ្នឹង នៅតែ​ឆ្លងទៅ​ដទៃ​ដដែល​»​។   
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា អ្នក ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ បើទោះបី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក៏​សរីរាង្គ​របស់​អ្នកនោះ មិន​ជួប​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការវាយលុក​ពី​ជំងឺ​នេះដែរ ដ្បិត​សរីរាង្គ​របស់គេ មាន​កងការពារ គឺ​វ៉ាក់សាំង​។ អ្នកស្រី មានប្រសាសន៍ថា​៖«[​បើ​នៅ​ឆ្លង​] អ៊ីចឹង ចាក់​ធ្វើ​អី​? ចាក់ ដើម្បី​ការពារ​ខ្លួន​យើង​... បើ​មាន​វីរុស​កូ​វីដ​-១៩ វាយលុក​ក្នុង​ខ្លួន​យើង គឺ​យើង​មាន​កងការពារ​។...បើអត់មានវ៉ាក់សាំងហ្នឹង [ក្នុងខ្លួនទេ] គឺអាចធ្លាក់ចូលទៅក្នុងការបាត់បង់ជីវិតបានដោយងាយស្រួលជាទីបំផុត»។
 
​ដើម្បី​ឲ្យ​ងាយ​យល់ អ្នកស្រី​វេជ្ជបណ្ឌិត បាន​ប្រៀប​បៀ​ប​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូច​ទៅនឹង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺផ្តាសាយ​ធម្មតា​។ អ្នកស្រី បន្តថា អ្នក ដែល​ចាក់​វ៉ាក់សាំង​ការពារ​ផ្តាសាយ ក៏​នៅតែមាន​លទ្ធភាព​កើត​ផ្តាសាយ ឬ​ឆ្លង​ផ្តាសាយ​ពី​អ្នកដទៃ​ដែរ​។

អ្នកស្រី ថ្លែងថា​៖«​បើ​យើង ចាក់​វ៉ាក់សាំង​ទៅ វា ផ្តាសាយ​ដែរ តែ​ក្នុង​១​ខែ ២​ខែ ឬ៣​ខែ មិនទាន់​កើត​ម្តង​ផង ហើយ​បើ​កើត ក៏​តិចតួច អាច​ក្អក​អី​តិច​ទៅ ហៀរ​សំបោរ តែមួយ​ភ្លែត​អ៊ីចឹងទៅ វា បាត់ទៅ​វិញ​ទៅ​។ អ៊ីចឹង កូវីដ-១៩ ក៏មានសភាពដូចគ្នាដែរ អត់ខុសគ្នាទេ មានន័យថា គោលការណ៍របស់វ៉ាក់សាំង ដែលគេ ប្រើប្រាស់ គឺឈរលើគោលការណ៍តែមួយហ្នឹងទេ អត់មានគោលការណ៍ណាខុសពីហ្នឹងទេ»។

បើតាមអ្នកស្រីវេជ្ជបណ្ឌិតដដែល វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) របស់ចិន ដែលផ្តល់ដល់កម្ពុជា ត្រូវបានអ្នកជំនាញនៃប្រទេសចិនខ្លួនឯង និងអ្នកជំនាញនៃបណ្តាប្រទេសដទៃទៀត​ សិក្សាឃើញថា មានប្រសិទ្ធភាពជិត៨០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺកូវីដ-១៩។ អ្នកស្រី បន្ថែមថា នៅលើពិភពលោក មិនមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬវ៉ាក់សាំងការពារជំងឺផ្សេងទៀត មានប្រសិទ្ធភាពដល់ទៅ១០០ភាគរយ ក្នុងការការពារមិនឲ្យឆ្លងជំងឺនោះទេ។

អ្នកស្រី អធិប្បាយថា៖«បើតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក គេ អត់និយាយចំពោះតែវ៉ាក់សាំងណាទេ រាល់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ នៅពេលអភិវឌ្ឍចេញមកហើយ ដែលអាចដាក់ប្រើប្រាស់លើសរីរាង្គមនុស្ស ឲ្យតែប្រសិទ្ធភាពរបស់វាបានពី៧០ភាគរយឡើងលើ គឺគេ យកហើយ [អនុញ្ញាតឲ្យប្រើប្រាស់]។ បើគេ វាយតម្លៃ ៧០ឡើង គឺជាប់ហើយ អត់ធ្លាក់ទេ»។ 

ចំពោះវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក ទទួលស្គាល់ជាផ្លូវការនោះទេ។ ផ្អែកតាមការអត្ថាធិប្បាយខាងលើរបស់អ្នកស្រីវេជ្ជបណ្ឌិត វ៉ាក់សាំងស៊ីណូហ្វាមនេះ កំពុងស្ថិតក្នុងការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក។ អ្នកស្រី មើលឃើញហេតុផលថា ចិន ប្រញាប់យកវ៉ាក់សាំងនេះ មកប្រើប្រាស់ ដោយមិនអាចរង់ចាំការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក គឺដោយសារតែមានតម្រូវការចាំបាញ់ ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ម្យ៉ាងទៀត អ្នកស្រី យល់ឃើញថា ចិន ក៏មានអ្នកជំនាញរបស់ខ្លួន ក្នុងការសិក្សាជ្រាវនិងការវាយតម្លៃច្បាស់លាស់ដែរ មុននឹងសម្រេចឲ្យប្រើប្រាស់វ៉ាក់សាំងនេះ។ 
 
​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​ទៅ កម្ពុជា នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជា​លើកដំបូង តែ​មិនទាន់​អាច​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ គឺ​ចាក់​ឲ្យ​តែ​ក្រុមមនុស្ស​អាទិភាព​មួយចំនួន​សិន​ប៉ុណ្ណោះ ដែល​ត្រូវ​បានកំណត់​។ អ្នក ដែល​ត្រូវ​បានកំណត់​ឲ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​ដំណាក់កាល​ដំបូង​នេះ គឺ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​អ្នកមាន​ឋានៈ​ស្មើ​ ទៅ​ចា​ក់នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​, អនុរដ្ឋលេខាធិការ ឬ​អ្នកមាន​ឋានៈ​ស្មើ​ ទៅ​ចា​ក់នៅ​មន្ទីរពេទ្យ​អង្គឌួង​, អភិបាល​រាជធានី​-​ខេត្ត ទៅ​ចា​ក់នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, អ្នកកាសែត ទៅ​ចា​ក់នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​
 
​មនុស្ស​៤​ក្រុម​ខាងលើ មិនត្រូវ​មាន​អាយុ​លើសពី​៥៩​ឆ្នាំ​ឡើយ ព្រោះវ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ​ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​ចិន អាច​ចាក់​បានតែ​មនុស្ស​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំទៅ​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​វ័យ​៦៨​ឆ្នាំ​ទៅហើយនោះ បានប្រកាស​លែង​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​វិញ ក្រោយ​ទទួលបាន​ព័ត៌មាន​ថា វ៉ាក់សាំង​នេះ មិនអាច​ចាក់​មនុស្ស​ដែលមាន​វ័យ​លើសពី​៥៩​ឆ្នាំ​។ 
 
​ដោយសារ​ខ្លួន​មិនអាច​ចាក់​បាន សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅ​កូនៗ​របស់​សម្តេច រួមទាំង​បណ្តា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ដែលមាន​អាយុ​មិន​លើស​៥៩​ឆ្នាំ និង​កូនៗ​របស់​ពួកគេ ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន ដើម្បី​ផ្តល់​ការជឿទុកចិត្ត​ដល់​ប្រជាជន​។ 
 
​ចិន បាន​យល់ព្រម​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស ដល់​កម្ពុជា​។ ៦០​ម៉ឺន​ដូ​ស ត្រូវបាន​ភាគី​ចិន បញ្ជូនមក​កម្ពុជា​ហើយ ខណៈ​មួយចំនួន​ដែល​នៅសល់ អាច​នឹងត្រូវ​បញ្ជូនមក​តាម​ក្រោយ​។ មនុស្សម្នាក់ ត្រូវចាក់២ដូស។ 
 
​មាន​ប្រទេស​ធំៗ​ផ្សេងទៀត ដូចជា ឥណ្ឌា អូស្ត្រាលី រុស្ស៊ី រួមទាំង សហភាព​អឺរ៉ុប​ផង ក៏​កម្ពុជា ស្នើសុំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ដែរ​។ តប​តាម​សំណើ​របស់​កម្ពុជា ឥណ្ឌា បាន​យល់ព្រម​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១០​ម៉ឺន​ដូ​ស​ដល់​កម្ពុជា តែ​មិនទាន់​បញ្ជូនមក​ឡើយ ខណៈ​អូស្ត្រាលី សម្រេច​ផ្តល់ជំនួយ​ជា​ថវិកា​២៨​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧​លាន​ដូ​ស​ពី​អង្គការ​សុខភាព​ពិភពលោក​។ ដោយឡែក ខាង​រុស្ស៊ី​និង​សហភាព​អឺរ៉ុប គេ មិនទាន់​ឃើញ​មាន​ព័ត៌មាន​ឆ្លើយតប​នឹង​សំណើ​របស់​កម្ពុជា​នៅឡើយ​ទេ​។ 
 
​រដ្ឋាភិបាល​កម្ពុជា រំពឹងថា នឹង​អាច​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ យ៉ាងតិច​ចំនួន​២០​លាន​ដូ​ស​។ ក្នុងចំណោម​២០​លាន​ដូ​ស​នោះ មិនមែនជា​ជំនួយ​របស់​ប្រទេស​ជា​មិត្ត​និង​ជា​ជំនួយ​របស់​អង្គការ​អន្តរជាតិ​ទាំងអស់​នោះទេ ដោយមាន​មួយចំនួន គឺ​រដ្ឋាភិបាល​កម្ពុជា នឹងត្រូវ​ចំណាយ​ថវិកា​ទិញ ហើយ​ថវិកា ដែល​រដ្ឋាភិបាល បានមកពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន គឺ​ស្ថិតក្នុង​កញ្ចប់​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​នេះ​។ អង់គ្លេស ជា​ប្រភព​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩៕ 

Tag:
 ឱ វណ្ណឌី​ន​
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com