COVID-19
ជាតិ
កូន​ទាំង​៣​និង​កូនប្រសារ​សម្ដេច ហ៊ុន សែន នឹង​ទៅ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរ​ពេទ្យកាល់ម៉ែត នៅ​ថ្ងៃ ១០ កុម្ភៈ​
09, Feb 2021 , 5:35 pm        
រូបភាព
រូបឆ្វេងដៃដំបូងគេ គឺលោក ហ៊ុន ម៉ាណែត។ ជួរខាងលើ គឺលោក ហ៊ុន ម៉ានិត ស្ថិតក្នុងឯកសណ្ឋានយោធា និង លោក ហ៊ុន ម៉ានី។ ជូរខាងក្រោម គឺលោក ឌី វិជ្ជា (កាន់មេក្រូ) និង លោក សុខ ពុទ្ធិវុធ។
រូបឆ្វេងដៃដំបូងគេ គឺលោក ហ៊ុន ម៉ាណែត។ ជួរខាងលើ គឺលោក ហ៊ុន ម៉ានិត ស្ថិតក្នុងឯកសណ្ឋានយោធា និង លោក ហ៊ុន ម៉ានី។ ជូរខាងក្រោម គឺលោក ឌី វិជ្ជា (កាន់មេក្រូ) និង លោក សុខ ពុទ្ធិវុធ។
​ភ្នំពេញ​៖ កូនប្រុស​បង្កើត​ទាំង​៣ និង​កូនប្រសារ​របស់​សម្ដេច ហ៊ុន សែន នឹង​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​Sinopharm របស​ចិន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នា​ថ្ងៃទី​១០ កុម្ភៈ​។ នេះបើតាម​លោក គង់ សន្យា សាស្ត្រាចារ្យ​ និងជាវេជ្ជបណ្ឌិតនៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​



​លោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ា​នី ជាកូនបង្កើត រួមទាំង​លោក ឌី វិជ្ជា និង លោក សុខ ពុទ្ធិ​វុ​ធ ជា​កូនប្រសារ​សម្ដេច ហ៊ុន សែន នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ម៉ោង​៨​ព្រឹក​។​

វេជ្ជបណ្ឌិតនៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក គង់ សន្យា ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ ​តាម​ទូរស័ព្ទ​នៅ​រសៀល​នេះ​ថា​៖«​បាទ​ពិតមែន ស្អែក​កូនប្រុស​ទាំងបី​និង​កូនប្រសារ​របស់សម្តេច ​នឹង​មក​ចាក់​វ៉ាក់សាំង​។ ក្រៅ​នេះ មាន​ឥស្សរជន​ជាច្រើន​នាក់​ទៀត ដូច​ក្រសួង​បាន​ណែនាំ​អ៊ីចឹង​។ ពេលនេះ ​ខ្ញុំ​មិនអាច​ផ្ដល់ព័ត៌មាន​ឲ្យ​បានទេ​ថា មាន​ប៉ុន្មាន​នាក់ វា​ជា​រឿង​ភ្លាមៗ សូម្បី​ខ្ញុំ​ពេលនេះ ក៏​កំពុង​ស្រង់​ចំនួន​ដែរ​»​។  
 
​ក្រៅពី​កូនប្រុស​បង្កើត​ខ្លួន សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​មន្ត្រីជាន់ខ្ពស់ នៅ​ជួរ​កងទ័ព និង​រដ្ឋាភិបាល រួមទាំង​កូន​អ្នកធំ​របស់​មន្ត្រី​ និង​រដ្ឋមន្ត្រី​វ័យក្មេង​ទាំងអស់ ចាក់​វ៉ាក់សាំង​ចិន​នេះ​ផងដែរ​។ មូល​ហេតុដែល​សម្ដេច បញ្ជា​ឱ្យ​កូនៗ​ចាក់​ជំនួស​ខ្លួន​នោះ គឺ​ដើម្បី​បង្ហាញ​សក្ខីភាព និង​ផ្ដល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ លើ​វ៉ាក់សាំង​ចិន​នេះ ។​
 
​សម្ដេច មិនអាច​ចាក់​វ៉ាក់សាំង​នេះ​បាន ដោយសារ​លើ​អាយុ​កំណត់​។ បានន័យថា សម្ដេច ហ៊ុន សែន មាន​អាយុ​៦៨​ឆ្នាំ ខណៈដែល​វ៉ាក់សាំង​ចិន អាច​ចាក់​លើ​មនុស្ស​អាយុ​ចាប់ពី​១៨ ឆ្នាំទៅ​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា ចិន​បានផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ៦០​ម៉ឺន​ដូ​ស កាលពី​ថ្ងៃទី​៧ កុម្ភៈ​៕
 

Tag:
 វ៉ាក់សាំង​
© រក្សាសិទ្ធិដោយ thmeythmey.com