COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ កុំ​បារម្ភ​វ៉ាក់សាំង​មកពីណា តែ​គួរ​បារម្ភ​ថា អត់​អី​ចាក់​! ព្រោះ​វ៉ាក់សាំង​គ្មាន​លក់​តាម​ផ្សារ​ត្រី​ឡើយ​
10, Feb 2021 , 10:21 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រាប់​ពលរដ្ឋ​កុំឱ្យ​សង្ស័យ​លើ​គុណភាព​វ៉ាក់សាំង​Sinopharm របស់​ចិន សម្រាប់​ចាក់​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩​។ សម្ដេច អំពាវនាវ​នេះ ស្រប​ពេលដែល​កម្ពុជា​ចាប់ផ្ដើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ចិន នៅ​ថ្ងៃទី​១០ កុម្ភៈ​។​


 
«​សូម​បងប្អូន​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ណា​? ម៉ាក​អ្វី​? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់ ព្រោះ​គ្មាន​វ៉ាក់សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី លក់​ត្រកួន​នោះទេ​»​។ នេះ​ជា​សារ​របស់​សម្ដេច ហ៊ុន សែន ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​លើ​បញ្ហា​គុណភាព​វ៉ាក់សាំង​Sinopharm របស់​ចិន​។ សម្រាប់​សម្ដេច ហ៊ុន សែន វ៉ាក់សាំង​ចិន​នេះ ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន ដែលជា​មិត្ត​ដែកថែប​។​
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី នៅ​ប្រទេស​ជឿនលឿន​ខ្លះ មិនទាន់​អាច​ទិញ​វ៉ាក់សាំង​ប្រើប្រាស់​គ្រប់គ្រាន់​នៅឡើយ បើទោះជា​មាន​លុយ​ក្តី ខណៈ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ពី​ចិន សម្រាប់​ចាក់​ការពារ​ប្រជា​ជននេះ​។ «​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ប្រទេស​ជឿនលឿន​មួយចំនួនធំ ឬ​អាច​ដល់​៩៨​ភាគរយ​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​នៅឡើយ ព្រោះ​វា​អត់​មាន​វ៉ាក់សាំង បើទោះបី​ប្រទេស​នោះ​មាន​លុយ​ហើយក៏​រក​ទិញ​វ៉ាក់សាំង​មិនបាន​ដោយសារ​ការផលិត​មិនទាន់​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​សម្ដេច ហ៊ុន សែន ដែល​ធ្លាប់​ប្រកាសថា ចាក់​វ៉ាក់សាំង​ចិន​មុនគេ​នោះ បែរជា​មិនអាច​ចាក់​បានឡើយ ដោយសារ​បញ្ហា​លើស​អាយុ​កំណត់​។ វ៉ាក់សាំង​ចិន​នេះ កំណត់ឱ្យ​ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ ទៅ​៥៩​ឆ្នាំ ទើប​អាច​ចាក់​ការពារ​ជំងឺឆ្លង​បាន ខណៈ​សម្ដេច ហ៊ុន សែន មាន​វ័យ​៦៨​ឆ្នាំ​ហើយ​។​
 
​ដ្បិត​មិនអាច​ចាក់​វ៉ាក់សាំង​នេះ​បាន ប៉ុន្តែ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឱ្យ​កូនបង្កើត និង​កូនប្រសារ​ខ្លួន​ចាក់​វ៉ាក់សាំង​ចិន​ជំនួស ដើម្បី​បង្ហាញ​សក្ខីភាព និង​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​។ លោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត កូនប្រុស​បង្កើត​សម្ដេច ហ៊ុន សែន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ហើយ ខណៈ​លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​សម្ដេច មិនបាន​ចាក់​វ៉ាក់សាំង​ឡើយ ដោយសារ​បញ្ហា​សុខភាព​។ ចំណែក​លោក ឌី វិជ្ជា និង​លោក សុខ ពុទ្ធិ​វុ​ធ កូនប្រសារ​សម្ដេច ហ៊ុន សែន ក៏បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែរ​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​ច្បាស់​ណាស់​ថ្ងៃនេះ​កូនប្រុស​របស់ខ្ញុំ​បានទទួល​វ៉ាក់សាំង​មុនគេ​ជំនួស​ឱ្យ​ឪពុក ដែល​នេះ​ក៏​បញ្ជាក់​ច្បាស់​ពី​ការទទួលខុសត្រូវ​រប​ស់​យើង​ចំពោះមុខ​ជនរួមជាតិ​យើង​»​។​
 
​ក្រៅពីនេះ គេ​ក៏​ឃើញ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​វ័យក្មេង​ក្រសួងយុត្តិធម៌ , លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​វ័យក្មេង​នៃ​ក្រសួងបរិស្ថាន ,​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ពីររូប គឺ​លោកស្រី ឱ វណ្ណឌី​ន និង​លោកស្រី យក់ សម្បត្តិ រួមទាំង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឥស្សរជន​ជាន់ខ្ពស់​ផ្សេងទៀត បាន​ចាក់​វ៉ាក់សាំង​Sinopharm​ចិន​ដែរ ។​
 
​មិន​ត្រឹមតែ​កម្រិត​អាយុ​នោះទេ វ៉ាក់សាំង​ចិន​នេះ ក៏​មិនអាច​ចាក់​លើ​អ្នកមាន​បញ្ហា​សុខភាព និង​ជំងឺ​ផ្សេងៗ​ផងដែរ​។ ប្រភេទ​ជំងឺ ដែល​មិនអាច​ទទួល​វ៉ាំ​ក់​សាំង​បាន​នោះ រួមមាន អ្នកមាន​បញ្ហា​អា​ឡែ​ហ្ស៊ី​ផ្សេងៗ ,​អ្នក​ដែលមាន​បញ្ហា​ដង្ហើម​, រលាក​សរសៃឈាម អ្នកចេញ​កន្ទាលត្រអាក​, អ្នកជំងឺ​រុំ​ាំ​រ៉ៃ ,​អ្នកជំងឺ​ឆ្កួតជ្រូក ,​ជំងឺរលាកស្រោមខួរ ,​ជំងឺសរសៃប្រសាទ​, ជំងឺ​តំណពូជ ,​អ្នកមាន​សុខភាព​ខ្សោយ ,​អ្នក​កើត​ជំងឺអេដស៍ ,​អ្នក​មហារីក​កូនកណ្តុ​រ ,​អ្នកជំងឺ​ឈាមស​, អ្នកជំងឺ​បេះដូង​សរសៃឈាម​ធ្ងន់ធ្ងរ ,​ជំងឺថ្លើម ,​ជំងឺ​តម្រងនោម និង​ជំងឺ​ដុះ​ដុំ​សាច់​ធ្ងន់ធ្ងរ​។ ជាពិសេស​អ្នក​ដែលមាន​ប្រវត្តិ​ប្រតិកម្ម​ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​ផ្សេងៗ​។​
 
​ចិន​បាន​នាំយក​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៦០​ម៉ឺន​ដូ​សមក​កម្ពុជា តាម​ជើងយន្តហោះ​យោធា Y-20 នៅ​ថ្ងៃទី​៧ កុម្ភៈ​នេះ ។ បើតាម​គម្រោង កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ចិន​១​លាន​ដូ​ស​។​
 
​កម្ពុជា ត្រៀម​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រមាណ​២០​លាន​ដូ​ស ពី​បណ្ដាល​ប្រទេស​ផលិត​នានា ។ ប៉ុន្តែ​ក្នុងនោះ កម្ពុជា​ទំនងជា​អាច​ទទួលបាន​ជំនួយ​វ៉ាក់សាំង​១១​លាន​ដូ​ស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com