COVID-19
អន្តរជាតិ
ថៃ នឹងសាកល្បងវ៉ាក់សាំងកូវីដ-១៩ អភិវឌ្ឍក្នុងស្រុកលើមនុស្សក្នុងខែមីនាខាងមុខ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul។ រូបភាព៖ Reuters
× ប្រសិនបើគ្មានការប្រែប្រួលទេ ថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុកលើមនុស្សជាលើកដំបូងនៅក្នុងខែមីនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាល លោក Anutin Charnvirakul នៅថ្ងៃទី១០ ខែកុម្ភៈ។
ក្រោមកម្មវិធីដែលដឹកនាំដោយអង្គការឱសថរបស់រដ្ឋាភិបាល, សកលវិទ្យសាស្ត្រ Mahidol, និងអង្គការក្រៅរដ្ឋាភិបាល Path ថៃបានអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាំងពីពាក់កណ្តាលឆ្នាំ២០២០ មកម្ល៉េះ។ តាមការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul លទ្ធផលសាកល្បងលើសត្វនាពេលកន្លងមក បានបង្ហាញលទ្ធផលល្អ។ ថៃនឹងបន្តសាកល្បងវ៉ាក់សាំងរបស់ខ្លួនលើមនុស្ស នៅក្នុងខែមីនាខាងមុខ។
«ថៃ មិនពឹងផ្អែកលើវ៉ាក់សាំងតែមួយប្រភពនោះទេ»។ រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin បានលើកឡើងបែបនេះ ដោយបន្ថែមថា ថៃកំពុងស្វែងរកលទ្ធភាពក្នុងការផ្គត់ផ្គង់ និងការផលិតវ៉ាក់សាំងដោយខ្លួនឯង។ បើតាមលោក Anutin ក្រុមហ៊ុនផលិតវ៉ាក់សាំងថៃ អាចផលិតវ៉ាក់សាំងបាន២៥ទៅ៣០លានដូសក្នុងមួយឆ្នាំ ប្រសិនបើការអភិវឌ្ឍវ៉ាក់សាំងលើមនុស្សទទួលបានជោគជ័យ។
ក្នុងដំណាក់កាលសាកល្បងយ៉ាងល្អិតល្អន់ ដែលមានចំនួន៣ដំណាក់កាលនេះ ថៃអាចនឹងប្រើរយៈពេលចាប់ពី ៦ខែ រហូតដល់ ៨ខែ។ ដំណាក់ទី១ និងទី២ ថៃនឹងធ្វើពិសោធន៍នៅក្នុងប្រទេស ខណៈពេលដំណាក់កាលទី៣ ថៃនឹងសាកល្បងវ៉ាក់សាំងរបស់ខ្លួននៅក្នុងប្រទេសផ្សេងដែលមានកូវីដ-១៩ រីករាលដាលខ្លាំង។
តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ គេត្រូវការប្រជាជនថៃច្រើនជាង ២០០នាក់ ដើម្បីសាកល្បងនៅក្នុងដំណាក់កាលនីមួយៗ។
កន្លងមក ថៃបានទិញវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinovac ចំនួន២លានដូស និងពីក្រុមហ៊ុនឱសថ AstraZeneca ចំនួន៦១លានដូស។ វ៉ាក់សាំងរបស់ AstraZeneca នឹងត្រូវផលិតដោយក្រុមហ៊ុនឱសថថៃផ្ទាល់ Siam Bioscience ចាប់ពីខែមិថុនាខាងមុខ។
គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ២៣៩០៣ ករណី និងអ្នកស្លាប់មានចំនួន ៨០នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៨៩១៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com