ជាតិ
ព្រំដែន
ប្រធានបក្សខ្មែរឈ្នះ ត្រូវបង់ប្រាក់ «ជាងកន្លះលានដុល្លារ» និងជាប់ពន្ធនាគារ២០ខែ ក្រោមបទបំភ្លៃរឿងព្រំដែន
10, Feb 2021 , 5:22 pm        
រូបភាព
លោក សួង សុភ័ណ្ឌ និយាយទៅកាន់ប្រជាពលរដ្ឋ ពេលលោក ចុះទៅមើលតំបន់មួយចំនួនតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីអំឡុងខែសីហា ឆ្នាំ២០២០។ (រូបពីគណនីហ្វេសប៊ុករបស់លោក សួង សុភ័ណ្ឌ)
លោក សួង សុភ័ណ្ឌ និយាយទៅកាន់ប្រជាពលរដ្ឋ ពេលលោក ចុះទៅមើលតំបន់មួយចំនួនតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីអំឡុងខែសីហា ឆ្នាំ២០២០។ (រូបពីគណនីហ្វេសប៊ុករបស់លោក សួង សុភ័ណ្ឌ)
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានតុលាការភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២០ខែ និងត្រូវបង់ថវិកាដល់ទៅជាងកន្លះលានដុល្លារឯណោះ ក្រោមការចោទប្រកាន់ថា លោក បំភ្លៃការពិតក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម។ ដោយយល់ថា លោក បានបំភ្លៃរឿងព្រំដែន តុលាការ ក៏ចោទលោក ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។



តុលាការភ្នំពេញ បានប្រកាសសាលក្រមស្តីពីការផ្តន្ទាទោសលើលោក សួង សុភ័ណ្ឌ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា លោក សួង សុភ័ណ្ឌ ត្រូវតម្រូវឲ្យបង់ថវិកា២ផ្នែក គឺទី១ ត្រូវបង់៤លានរៀល (១ពាន់ដុល្លារ) ចូលទៅរដ្ឋ និង ទី២ ត្រូវបង់២០ពាន់លានរៀល (កន្លះលានដុល្លារ) ជូនទៅគណៈកម្មាធិការកិច្ចការព្រំដែន (ដែលជាដើមបណ្តឹង)។

លោក សួស វិទ្យារ៉ាន់ឌី មិនបញ្ជាក់ហេតុផលឡើយ ថា ហេតុអ្វី លោក សួង សុភ័ណ្ឌ ត្រូវពិន័យឲ្យបង់ថវិកាច្រើនយ៉ាងនេះ។ លោក និយាយថា៖«ខ្ញុំ អត់ដឹងដែរ ខ្ញុំ គ្រាន់តែដឹងថា សាលក្រម ប្រកាសអ៊ីចឹង»។

អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន មិនធ្វើអត្ថាធិប្បាយជុំវិញសេចក្តីសម្រេចរបស់តុលាការលើសំណុំរឿងលោក សួង សុភ័ណ្ឌ នោះទេ។ អ្នកស្រី ថ្លែងថា អ្នកស្រី មិនអាចបញ្ចេញអារម្មណ៍ថា ពេញចិត្ត ឬមិនពេញចិត្ត ចំពោះការសម្រេចរបស់តុលាការឡើយ ហើយអ្នកស្រី ក៏មិនអាចបញ្ចេញមតិយោបល់ដែរថា ការសម្រេចរបស់តុលាការ គឺសមរម្យ ឬមិនសមរម្យ។ 

អ្នកស្រី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ខ្ញុំ មិនលូកដៃចូលទេ កាត់ក្តីយ៉ាងម៉េច គឺអាស្រ័យលើតុលាការ។ យើង ដឹងតែពីធ្វើការងារ បម្រើប្រទេសជាតិទេ»។

ក្រោយចេញពីបន្ទប់សវនាការ លោក សួង សុភ័ណ្ឌ និយាយថា លោក មិនអាចទទួលយកបានឡើយ ចំពោះការសម្រេចរបស់តុលាការ ហើយលោក នឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ នេះបើតាមការស្រង់សម្តីរបស់សារព័ត៌មានវីអូឌី។ ជាមួយគ្នានេះ លោក សួង សុភ័ណ្ឌ ចង់ឲ្យតុលាការ អនុញ្ញាតឲ្យលោក ស្ថិតនៅក្នុងគេហដ្ឋាន ដូចករណីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែរ។

លោក សួង សុភ័ណ្ឌ ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ក្រោយពីលោក ធ្វើអត្ថាធិប្បាយជាមួយប្រព័ន្ធផ្សព្វផ្សាយ ជុំវិញរឿងព្រំដែន ដោយរដ្ឋាភិបាល យល់ថា ការធ្វើអត្ថាធិប្បាយរបស់លោក គឺខុសពីការពិត ហើយមានលក្ខណៈញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន The Cambodia Daily លោក លើកឡើងថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ ប្រហែលជាដោយសារការប្រើពាក្យនេះហើយ ដែលជាអង្គហេតុមួយ បណ្តាលឲ្យមានការចាប់ខ្លួនលោក។ 

លោក ធ្វើអត្ថាធិប្បាយអំពីរឿងព្រំដែន បន្ទាប់ពីលោក បានចុះទៅពិនិត្យផ្ទាល់នៅតាមតំបន់ព្រំដែនមួយចំនួន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លោក ចុះទៅពិនិត្យនៅតំបន់ព្រំដែនក្នុងស្រុកពញាក្រែកនេះ តាមក្រោយលោក រ៉ុង ឈុន មេសហជីពលេចធ្លោរម្នាក់។ លោក ចង់ដឹងការពិតថា តើបញ្ហាព្រំដែន ក្នុងស្រុកពញាក្រែក បានកើតមានឡើង ដូចការអះអាងរបស់លោក រ៉ុង ឈុន ដែរឬទេ?

លោក រ៉ុង ឈុន បានចុះទៅដើរពិនិត្យមើលតាមតំបន់ព្រំដែននោះ រួចបានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋខ្មែរមួយចំនួន បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម បានរំកិលចូលមកដីខ្មែរថែមទៀត។ លោក អះអាងថា ព័ត៌មានទាំងនេះ គឺប្រជាពលរដ្ឋរងគ្រោះនៅតំបន់នោះ ជាអ្នកផ្តល់ឲ្យលោក។ លោក ត្រូវចាប់ខ្លួន ដោយសារតែលោក ចេញថ្លែងការណ៍ខាងលើនេះ និងដោយសារតែលោក និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីរឿងព្រំដែន ដែលលោកបានចុះទៅពិនិត្យមើល។

ពេលលោក រ៉ុង ឈុន ត្រូវចាប់ខ្លួន លោក សួង សុភ័ណ្ឌ ដែលកាលនោះមិនទាន់ជាប់ឃុំនៅឡើយ បានចូលរួមជាមួយក្រុមយុវជននិងប្រជាពលរដ្ឋ ក្នុងការតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។  លោកទាំង២ សុទ្ធតែត្រូវកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋាន ក្នុងរាជធានីភ្នំពេញ ក្រោមហេតុផលដូចគ្នាថា លោកទាំង២ បានប្រព្រឹត្តបទល្មើសជាក់ស្តែង។

ការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មិនទទួលបានជោគជ័យឡើយ។ ផ្ទុយទៅវិញ មានយុវជនយុវតីមួយចំនួនទៀត ត្រូវបានចាប់ខ្លួនដែរ ពាក់ព័ន្ធនឹងប្រមូលផ្តុំគ្នាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ភាគច្រើនក្នុងចំណោមពួកគេ គឺត្រូវចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម៕

Tag:
 សួង សុភ័ណ្ឌ
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com