ភ្នំពេញ៖ សង្គមស៊ីវិលនិងសហគមន៍ចំនួន៧៤ ស្នើឲ្យក្រសួងបរិស្ថានបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនការពារព្រៃឈើ ហើយងាកមកគោរពសិទ្ធិភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណង់អភិរក្សព្រៃឈើ។ ការស្នើរបស់សង្គមស៊ីវិលនេះ ធ្វើឡើងក្រោយ លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងសកម្មជនបរិស្ថាន៤នាក់ទៀត ត្រូវមន្រី្តមូលដ្ឋាននៃក្រសួងបរិស្ថានឃាត់ខ្លួនកាលពីសប្ដាហ៍មុខ ។
សង្គមស៊ីវិល និងសហគមន៍ ៧៤ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី៩កុម្ភៈ ថា មិនមែនជាលើកទីមួយទេ ដែលសកម្មជនការពារព្រៃឈើទាំង៥រូបត្រូវឃាត់ខ្លួន។ សង្គមស៊ីវិលទាំងនេះ សង្គត់ធ្ងន់ថា ក្រសួងបរិស្ថានចោទប្រកាន់សកម្មជនទាំង៥រូប ចូលតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាត គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់ ។
«ការបដិសេធមិនឱ្យចូលទៅកាន់តំបន់ការពារធម្មជាតិ គឺអាចធ្វើឡើងសម្រាប់តំបន់ជាក់លាក់ ដែលបាន កំណត់រួចរាល់ថាជា “តំបន់ស្នូល” ដែលព្រៃឡង់ មិនទាន់ត្រូវបានកំណត់ទេ ។ ជារឿងគួរឱ្យសោកស្ដាយ ។ នេះមិនមែនជាលើកទីមួយទេ ដែលក្រសួងបានបដិសេធ សកម្មជនការពារព្រៃឈើមិនឱ្យចូលក្នុងដែនជម្រកសត្វព្រៃនេះ ដូចធម្មតា»។ នេះជាការលើកឡើងរបស់សង្គមស៊ីវិល។
បណ្ដាសង្គមស៊ីវិលសង្កត់ធ្ងន់ថា ភស្តុតាងដែលអាជ្ញាធររកឃើញពីសកម្មជនទាំង៥ មិនមែនឧបករណ៍ប្រព្រឹត្តបទល្មើសឡើយ ។ សម្ភារៈដែលរកឃើញនៅលើខ្លួនសកម្មជនមាន ផ្ទាំងបដាសរសេរថា “សូមជួយថែរក្សាព្រៃឈើយើង”, ម៉ាស៊ីនថត, ឧបករណ៍ចាប់ទីតាំង (GPS) និងអង្គចងចាំ។ សម្រាប់សង្គមស៊ីវិលជាង១០នោះ ការឃាត់ខ្លួនសកម្មជនព្រៃឈើ ជាការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដល់សកម្មភាពពួកគេ ក្នុងការចុះការពារធនធានធម្មជាតិ។
«យើងខ្ញុំ សូមស្នើសុំដោយទទូចដល់ក្រសួងបរិស្ថាន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះសកម្មជន និងគោរពសិទ្ធិរបស់គ្រប់ភាគីទាំងអស់ដែលមានបំណងចង់ឃើញ ព្រៃឡង់ ត្រូវបានអភិរក្ស និងការពារ ឱ្យបានយូរអង្វែងបន្តទៀត»។ នេះបើតាមការលើកឡើងរបស់បណ្ដាអង្គការសង្គមស៊ីវិលនិងសហគមន៍ ដោយបន្ថែមថា គ្រប់គ្នាត្រូវរួមកម្លាំងមនុស្សនិងស្ថាប័នផ្សេងៗគ្នា ដើម្បីធ្វើការដោយសេរីនិងឯករាជ្យ ក្នុងការពារព្រៃឈើដែលនៅសេសសល់។ ក្រៅពីនេះ ក្រុមសង្គមស៊ីវិលក៏បានបង្ហាញពីក្ដីបារម្ភ ជុំវិញគម្រោងសាងសង់បណ្ដាញខ្សែអគ្គីសនីនិងផ្លូវអមបណ្ដាញ ដែលឆ្លង់កាត់ចំណុចសំខាន់នៃព្រៃឡង់ផងដែរ។
ជុំវិញការលើកឡើងខាងលើ ត្រូវបានលោក នេត្រា ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថា ក្រុមអង្គការសង្គមស៊ីវិលតែងតែអួតខ្លួនថាស្រលាញ់យុត្តិធម៌និងគោរពសិទ្ធិ ដោយធ្វើការបង្កប់ដោយរបៀបវារៈនយោបាយ។ លោកស្នើឲ្យសង្គមស៊ីវិលបញ្ឈប់ការការការពារជនដែលមិនគោរពច្បាប់។
«នៅចំពោះមុខសមត្ថកិច្ចថាខ្លួន(សកម្មជនបរិស្ថានទាំង៥)ពិតជាបានដឹងថា លួចចូលនិងធ្វើសកម្មភាពក្នុងតំបន់ការពារធម្មជាតិគឺខុសច្បាប់ ហើយការលួចចូលក្នុងព្រៃឡង់គឺពួកគេធ្វើសកម្មភាពនិងថតរូបផ្សេងៗដើម្បីគៀរគរថវិកាជំនួយ។ នេះបានបញ្ជាក់យ៉ាងច្បាស់ពីចេតនាទុច្ចរិតនៃការធ្វើសកម្មភាពរបស់ពួកគេ និងគ្មានចេតនាសុច្ចរិតណាមួយក្នុងការការពារព្រៃឈើឱ្យពិតប្រាកដឡើយ គឺគ្រាន់តែដើម្បីស្វែងរកជំនួយប៉ុណ្ណោះ»។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ដោយបន្ថែមថា ក្រុមសកម្មជនទាំងនោះ គឺធ្វើសកម្មភាពក្រោមអង្គការក្រៅរដ្ឋាភិបាល ដែលមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាមួយគ្នាដែរ លោកអះអាងថា ក្រសួងបរិស្ថាននៅតែអនុវត្តច្បាប់ ដោយមិនលើកលែងចំពោះជនល្មើសណាម្នាក់ឡើយ ដើម្បីប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។
កាលពីកុម្ភៈ ឆ្នាំ២០២០ ព្រះសង្ឃ សមាជិកសហគមន៍ និងសកម្មជនបរិស្ថាន រាប់រយនាក់នៃបណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានមន្ត្រីក្រសួងបរិស្ថានបញ្ឈប់ហាមមិនឲ្យចូលទៅកាន់ព្រៃឡង់ ដើម្បីប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំ។
មួយខែក្រោយមក ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ផ្សេង ធ្លាប់ត្រូវបានកងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់ខ្លួនដែរ កាលពីថ្ងៃទី១៣ មីនា ២០២០ គ្រាដែលពួកគេចុះស៊ើបអង្កេតអាជីវកម្មឈើក្នុងតំបន់ព្រៃឡង់។ ក្រោយការឃាត់ខ្លួនគ្រានោះ ក៏មានការបញ្ជូនទៅតុលាការដែរ ។ ប៉ុន្តែតុលាការក៏សម្រេចដោះលែងពួកគេទាំង៤នាក់វិញ នៅថ្ងៃទី១៦ មីនា ២០២០ ដោយតម្រូវឱ្យលោក អ៊ូច ឡេង ទៅចុះបញ្ជីអង្គការនៅក្រសួងជាមុនសិន ដើម្បីធ្វើសកម្មភាពបន្តទៀត៕