ជាតិ
អ្នកលក់​ដើម​អង្គាសីល បារម្ភ​ខាតដើម​ទុន ព្រោះ​ឆ្នាំនេះ​លក់​មិនសូវ​ដាច់ និង​មាន​តម្លៃថោក​
10, Feb 2021 , 10:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្កា​អង្គាសីល​ដាក់​បញ្ឈរ​លក់ នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្បែរ​ផ្សារ​ដី​ហុយ ដែល​នេះ​បង្ហាញថា ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ជិត​មកដល់​។ អាជីវករ ដែល​តែង​លក់​ផ្កា​អង្គាសីល​រាល់​ឆ្នាំ​បាន​ត្អូញត្អែរថា​ឆ្នាំនេះ​ផ្កា​លក់បាន​តម្លៃថោក និង​មិនសូវមាន​អ្នកទិញ ព្រោះ​មាន​វិបត្តិ​កូ​វីដ​-១៩​។ អាជីវករ​ក៏បាន​បង្ហាញ​ព្រួយបារម្ភ​ពី​ការ​ខាតដើម​ទុន ឬ​អាច​ទទួលបាន​ប្រាក់ចំណេញ​តិច​ដែល​មិន​សាក​សមជា​មួយ​កម្លាំង​ផងដែរ​។



​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​អញ្ជើញលោក អ្នកនាង ទស្សនា​បទ​សម្ភាស រវាង​សហការី​សារព័ត៌មាន​ThmeyThmey25 និង អាជីវករ​លក់​ផ្កា​អង្គាសីល ដូចតទៅ​៖
 


​អាជីវកម្ម​លក់​ផ្កា​អង្គាសីល​ប្រៀបដូចជា​ការ​ផ្សងព្រេង ដែល​ត្រូវ​ចំណាយ​កម្លាំង​ច្រើន ប៉ុន្តែ​អាជីវករ​មិនអាច​ជឿជាក់ថា​ការលក់​ផ្កា​អង្គាសីល​នេះ​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ឬ​យ៉ាងណា​នោះទេ ថែមទាំង​អាច​ប្រឈម នឹង​ការ​ខាតដើម​ទៀតផង​។ អ្នកស្រី សៅ នី ជា​អ្នក​ប្រកប​របរ​លក់​ផ្កា​អង្គាសីល​ជាង​១០​ឆ្នាំ​មកហើយ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey25 ទាំង​ការព្រួយបារម្ភ​ថា ៖«​តម្លៃ​ផ្កា​មិនសូវ​បាន​ថ្លៃ​ទេ​បាន​ល្មមៗ រាង​ថោក​ដែរ ព្រោះ​អី​អត់​សូវ​មាន​ភ្ញៀវ​ចុះមក​ទិញ​។ អ្នកទិញ​មាន​តិចជាង​រាល់​ឆ្នាំ​។ ខ្ញុំ​ព្រួយ​ខ្លាច​ខាតដើម​ដែរ ណាមួយ​ខ្លា​ចលក់​អត់​អស់ ខ្លាច​លក់​អត់​រួច​ដើម​។ ព្រួយបារម្ភ​ច្រើនណាស់ ព្រោះ​ឥឡូវ​នៅសល់​ផ្កា​ច្រើន​ដែរ »​។ 


អ្នកស្រី សៅ នី អាជីវករលក់ដើមផ្កាអង្គាសីល បណ្ដោយផ្លូវហាណូយ 

​អ្នកស្រី សៅ នី បាន​បន្ថែមថា ក្នុង​ឆ្នាំ​២០២១ នេះ អ្នកស្រី​បាន​កាត់បន្ថយ​ដើមទុន​អស់​ពាក់កណ្ដាល ហើយ ដោយ​ធ្លា​ប់យក​ផ្កា​មក​១០០​ដើម ឆ្នាំនេះ​យកមក​តែ​៥០​ដើម​ទេ ព្រោះ​អ្នកស្រី​ធ្លាប់​ខាត​ច្រើន ដូច​កាលពី​ឆ្នាំមុន​។ ចំណែក​តម្លៃ​វិញ អ្នកស្រី សៅ នី លើកឡើងថា ផ្កា​អាចមាន​តម្លៃ​ចាប់ពី​២​ម៉ឺន​រៀល ដល់​១០​ម៉ឺន​រៀល ឬ​អាច​ថ្លៃ​ជាង​នេះ អាស្រ័យ​លើ​ដើម​ធំ និង​មាន​ផ្កា​ច្រើន​។ 
 
​ដោយឡែក​អ្នកស្រី មាន គីម មាន​វ័យ ៦០​ឆ្នាំ ប្រកប​របរ​លក់​ផ្កា​អង្គាសីល​ជាង​២០​ឆ្នាំ​ហើយ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​៖ « ឆ្នាំទៅ​ចាប់ផ្ដើម​សម្បូរ​កូ​វីដ យើង​ខាត​ម្ដង​ហើយ តែ​យើង​ខំ​រក​ឆ្នាំនេះ​ទៀ​តទៅ​ក្រែង​ល​បាន​ទប់ទល់​ខាត​កាលពី​ឆ្នាំមុន តែបើ​សិន​ខាត ទៀត​ក៏​ខាត​ទៅ មិនដឹង​ធ្វើ​មិច នេះ​ជា​របរ​រកស៊ី បើ​ចំណេញ​ក៏​យកទៅ »​។ អ្នកស្រី មាន គីម បាន​បន្ថែមថា ឆ្នាំនេះ មិន​ត្រឹមតែ​មិនអាច​ឡើងថ្លៃ​នោះទេ ថែមទាំង​ត្រូវ​ចុះថ្លៃ ទៀតផង​។ សម្រាប់​អ្នកស្រី​ឆ្នាំនេះ បាន​កាត់បន្ថយ​ដើមទុន​អស់​ពាក់កណ្ដាល​ផងដែរ​។​
 


អ្នកស្រី មាន គីម អាជីវករលក់ដើមផ្កាអង្គាសីល បណ្ដោយផ្លូវហាណូយ

​ទោះ​មាន​ឆ្នាំ​ខ្លះ​ខាត ឆ្នាំ​ខ្លះ​ចំណេញ​តិចតួច ក៏​ស្ត្រី​វ័យ ៦០​ឆ្នាំ​រូបនេះ មិន​បោះបង់​របរ​លក់​ផ្កា​អង្គាសីល​មួយ​នេះដែរ​។ « របរ​យើង​ធ្លាប់​រកស៊ី ដល់ពេល​រដូវចូលឆ្នាំ​ចិន ចេះតែ​ចង់​លក់​។ របរ​នេះ​ហត់​ណាស់ ខ្ញុំ​ឡើងទៅ​ទិញ​ផ្កា​នេះ​ដោយ​ខ្លួនឯង​នៅ​ភ្នំ​ឱ​រ៉ា​ល់ ត្រូវ​ចូល​ព្រៃ ដេកចាំ​អ្នក​កាប់ គេ​កាប់​យកមក​លក់​ឱ្យ​។ ទៅ​ទិញ​ម្ដងៗ គឺ​ចំណាយពេល​យ៉ាងតិច ៦​ថ្ងៃ ទោះ​ទិញ​បាន ឬ​មិនបាន​ក៏ត្រូវ​ត្រលប់​មកវិញ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី មាន គីម​។ 
 
​ចំណែក​អ្នកស្រី ថា វី ជា​អាជីវ​ករលក់​ផ្កា​អង្គាសីល​នៅ​ទីតាំង​ដូចគ្នានេះ​បាន​រៀបរាប់ថា ផ្កា​របស់​អ្នកស្រី​ក៏​លក់​មិនសូវ​ដាច់​ដូចគ្នា ដោយ​មិនទាន់​ឃើញ​មាន​ភ្ញៀវ​ចុះមក​ទិញ​ច្រើន​នោះទេ​។ អ្នកស្រី ថា វី លើកឡើង​ដូច្នេះ​ថា​៖ « លក់​អត់​សូវ​ដាច់​ផង បាន​មួយៗ អត់​សូវ​មាន​មនុស្ស​ដើរ​ទេ ស្ងាត់​ដែរ ចាំមើល​ក្រែង​ល​កៀក​ថ្ងៃ មាន​មនុស្ស តែ​មកដល់​ថ្ងៃនេះ​មិនទាន់មាន​មនុស្ស​ដើរ​ទេ​។ តម្លៃ​យើង​លក់​ធូរ​ថ្លៃ​ជាង​រាល់​ឆ្នាំ ព្រោះ​អ្នកទិញ​គេ​ថា​លុយ​ឥឡូវ​ពិបាក​រក​។ បើ​យើង​លក់​សល់​គឺ​ប្រឈម​នឹង​ការ​ខាត តែ​ត្រូវតែ​លក់ ព្រោះ​យើង​ធ្លាប់​រកស៊ី ទោះ​ចំណេញ​ក៏​ចំណេញ​តិចតួច »​។ 
 


អ្នកស្រី ថារី អាជីវករលក់ដើមផ្កាអង្គាសីល បណ្ដោយផ្លូវហាណូយ

​អាជីវករ​រូបនេះ ក៏បាន​រៀបរាប់​ផងដែរ​ថា ផ្កា​អង្គាសីល​ពិបាក​ថែទាំ អាជីវករ​ត្រូវ​ស្រោច​ទឹក​មើលថែ​ឲ្យ​វា​ចេញ​ផ្កា​ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​-​វៀតណាម កាលណា​បើ​ចេញ​ផ្កា​មុន​ថ្ងៃ ក៏មាន​បញ្ហា​ដែរ គឺ​ភ្ញៀវ​មិន​ទិញ​នោះទេ​។ ជាទូទៅ ដើម​អង្គាសីល ត្រូវ​កាប់​មុន​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​-​វៀតណាម ១៤​ថ្ងៃ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អាជីវករ​៕
 

Tag:
 ផ្កា​អង្គាសីល​
  ចូលឆ្នាំ​ចិន​-​វៀតណាម​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com