អន្តរជាតិ
អាមេរិក សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​
12, Feb 2021 , 10:09 am        
រូបភាព
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា់។ រូបថតពីវេបសាអង្គភាពព័ត៌មានកងទ័ពមីយ៉ាន់ម៉ា
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា់។ រូបថតពីវេបសាអង្គភាពព័ត៌មានកងទ័ពមីយ៉ាន់ម៉ា
​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា និង​អតីត​យោធា​ចំនួន ១០​រូប ដែល​ពាក់ព័ន្ធ​នឹង​ការដកហូត​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​។ បើតាម​ក្រសួង​ហិរញ្ញវត្ថុ អាមេរិក នឹងដាក់​ទណ្ឌកម្ម​បន្ថែមទៀត ប្រសិនបើ​របប​សឹក​មី​យ៉ាន់​ម៉ា មិន​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស ឬ​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ​។

 
​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​បញ្ជា​ប្រតិបត្តិ​លើ​ការដាក់ទណ្ឌកម្ម​នៅ​មី​យ៉ាន់​ម៉ា ត្រូវបាន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន អនុម័ត ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បានដាក់​មេដឹកនាំ​យោធា និង​អតីត​យោធា​ចំនួន ១០​រូប ចូលទៅក្នុង​បញ្ជីខ្មៅ​។ ក្រៅពី​យោធា អាមេរិក​ក៏​ដាក់​គោលដៅ​លើ​ក្រុមហ៊ុន​ឯកជន​រកស៊ី​ត្បូង និង​ថ្មកែវ​ចំនួន ៣​ផងដែរ​។ ក្រោម​ទណ្ឌ​កម្មនេះ បុគ្គល និង​ក្រុមហ៊ុន​រកស៊ី​ទាំងនេះ រង​ហាមឃាត់​មិនឱ្យ​រកស៊ី​នៅ​អាមេរិក និង​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ ដែល​មាននៅ​អាមេរិក​។ 
 
«​ទណ្ឌកម្ម​ទាំងនេះ ផ្តោត​យ៉ាង​ជាក់លាក់​លើ​ឈ្មោះ​បុគ្គល ដែលមាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្តួល​រម្លំ​រដ្ឋាភិបាល​នៅ​មី​យ៉ាន់​ម៉ា​»​។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បានលើកឡើង​បែបនេះ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Janet Yellen បាន​ព្រមាន​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អាមេរិក បាន​ត្រៀម​ចំណាត់ការ​បន្ថែមទៀត​រួចហើយ ប្រសិនបើ​របប​សឹក នៅតែ​រឹងទទឹង​មិន​ផ្លាស់ប្តូរ​សកម្មភាព​រប​ស់​ខ្លួន​។ 
 
​ក្រៅពី​ចំណាត់ការ​ខាងលើ អាមេរិក ក៏​កំពុងដំណើរការ​នីតិវិធី ក្នុងការ​ផ្អឹប​ទ្រព្យសម្បត្តិ ១​ពាន់​លាន​ដុល្លារ ពី​មូលនិធិ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅ​ទឹកដី​អាមេរិក​ផងដែរ​។ 
 
​ក្នុងចំណោម​មនុស្ស​ទាំង​១០ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​នេះ គេ​ឃើញ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​យោធា​, អគ្គ​មេបញ្ជាការរង Soe Win, រដ្ឋមន្ត្រី​ការពារជាតិ លោក Mya Tun Oo, ប្រធានាធិបតី​ស្តីទី លោក Myint Swe និង​មន្ត្រី​យោធា​ផ្សេងទៀត​។ នៅក្នុង​ឆ្នាំ​២០១៩ លោក មីន អ៊ុង​ឡាំង ក៏​ធ្លា​ប់រង​ទណ្ឌកម្ម​អាមេរិក ទាក់ទិន​នឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។ 
 
​ជាមួយគ្នានេះ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏​នឹង​ប្រជុំ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ហើយ​ដែល​អាច​អនុម័ត​សេចក្តីសម្រេច​មួយ​ជា​ឯកច្ឆន្ទ លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​។ ចំណែក​អឺរ៉ុប ក៏​បន្ត បាន​ជំរុញ​ឱ្យ​របប​សឹក​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ ខណៈពេល​អង់គ្លេស ដែលជា​អតីត​អាណានិគម កំពុង​ស្វែងរក​ចំណាត់​ការដាក់​លើ​ក្រុម​យោធា​។ 
 
​ដោយឡែក​ស្ថានការណ៍​នៅក្នុង​ប្រទេស​វិញ គិត​ត្រឹម​ថ្ងៃទី​១១ ខែកុម្ភៈ បាតុកម្ម​នៅ​មី​យ៉ាន់​ម៉ា ដែលមាន​ស្ទើរតែ​នៅ​ទូទាំងប្រទេស បាន​ធ្វើឡើង​រយៈពេល ៦​ថ្ងៃ​ហើយ​។ ប្រជាជន នៅតែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល ខណៈពេល​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង បាន​ទទូច​ឱ្យ​ប្រជាជន​ត្រលប់​ទៅធ្វើ​ការ​វិញ​។​
 
​ក្នុង​សុន្ទរកថា​លើក​ទី​ពីរ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ មេដឹកនាំ​យោធា​លើកឡើង​ពី​បាតុកម្ម​ជា​លើកដំបូង ហើយ​លោក​បាន​ស្នើឱ្យ​ប្រជាជន​ត្រលប់​ទៅធ្វើ​ការ​វិញ ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស និង​បញ្ចៀស​ការ​រាលដាល​នៃ​កូ​វីដ​-១៩ ។ ទន្ទឹម​លោក លោក​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បន្ទោស​យុទ្ធនាការ​ជំទាស់​ក្រុម​យោធា​ផង​ដែល​នាំឱ្យមាន​ចលនា​ឈប់​ធ្វើការ​របស់​បុគ្គលិករ​ដ្ឋ​៕

Tag:
 ​អាមេរិក​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com