ជាតិ
ពីនេះ ពីនោះ
ចូលឆ្នាំចិន-វៀតណាម៖ សែនព្រេនឲ្យមានបាន ឬមានបានហើយបានសែនព្រេន?
× នៅថ្ងៃសុក្រនេះ សុធីរ និងសំណាង បន្តមកធ្វើការធម្មតាដោយមិនប្រឈមនឹងការស្ទះចរាចរណ៍ដូចសព្វដងឡើយ ព្រោះ ចំនួនអ្នកធ្វើដំណើរនៅទីក្រុងភ្នំពេញនៅរដូវបុណ្យចូលឆ្នាំចិននេះថយចុះគួរឲ្យកត់សម្គាល់។ ក្លើទាំងពីរបានលើកឡើងនៅអ្វីដែលគេជជែកគ្នានៅតុកាហេ្វទាក់ទងទៅនឹងរឿងសែនព្រេននារដូវចូលឆ្នាំចិន។
សុធីរ៖ អញលឺគេជជែកគ្នាច្រើនរឿងទំនៀមទម្លាប់សែនព្រេនហ្នឹង។ អ្នកខ្លះថា គួរសែនព្រេនឲ្យច្រើនទើបល្អ។ អ្នកខ្លះទៀតថា សែនតូចតាច ឬធំដុំមិនសំខាន់។ សំខាន់ គឺបានប្រារព្ធ។ល។ អ្ហែងយល់ម៉េចដែរ?
សំណាង៖ អញយល់មិនដល់ទេអាសំឡាញ់អើយរឿងហ្នឹង។ តែអញអាចផ្តល់គំនិតតូចផ្ទាល់ខ្លួនអញថា មានប៉ុន្មាន ធ្វើត្រឹមហ្នឹងទៅ។ រៀបចំសែនព្រេនតាមសមត្ថភាពខ្លួនឯងទៅជាការស្រេច។ បានបុណ្យកុសលប៉ុន្មាន តាមហ្នឹងទៅ! កុំក្រហើយ ប្រឹងធ្វើណ៎ា!
សុធីរ៖ ចុះបើយើងគ្រាន់តែជាប់សែស្រឡាយចិនតិចតួច គួរសែនដែរឬទេ អាសំណាង?
សំណាង៖ តាមយោបល់អញ ជំនឿសាសនា ឬការប្រកាន់ប្រពៃណីទំនៀមទម្លាប់វាជារឿងរបស់បុគ្គលម្នាក់។ ច្បាប់រដ្ឋរបស់យើងមិនហាមឃាត់ទេ។ វាជាសិទ្ធិនៃជំនឿ។ ខ្មែរសុទ្ធបើចង់សែនក៏សែនទៅមិនអីទេ។ គ្រាន់តែថា បើវាមិនមែនជាប្រពៃណីរបស់យើង តើយើងគួរធ្វើវាឬទេ?
សុធីរ៖ អា សុធីរ! តើគេគួរសែនព្រេនឲ្យមានបាន ឬមានបានហើយបានសែនព្រេន?
សំណាង៖ ពិបាកឆ្លើយណាស់លោកព្រះចំពោះសំណួរនេះ។ ចម្លើយដែលស្រួលបំផុត គឺធ្វើយ៉ាងម៉េចក៏បានដែរ។ ជំនឿ គឺទាក់ទងទៅនឹងផ្លូវអារម្មណ៍។ អា សុធីរ ឯងយល់ថា ធ្វើម៉េចបានផល ធ្វើអ៊ីចឹងទៅ។ ជំនឿ គឺអរូបី មើលមិនឃើញទេ។ អញគ្រាន់តែប្រាប់អ្ហែងម្តងទៀតថា ធ្វើអ្វីក៏ដោយឲ្យមើលសមត្ថភាពហិរញ្ញវត្ថុគ្រួសារខ្លួនឯងទៅបានហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com