កីឡាអន្តរជាតិ
អន្តរជាតិ
TikTok នឹងឧបត្ថម្ភព្រឹតិ្តការណ៍កីឡាបាល់ទាត់ Euro 2020
× បណ្តាញសង្គម TikTok នឹងក្លាយជាអ្នកឧបត្ថម្ភក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់អឺរ៉ុប Euro ឆ្នាំ ២០២០ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០២១នេះ។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ប្រកាសដូច្នេះលើវេបសាយផ្លូវការរបស់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ។
កម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមរបស់ចិនមួយនេះ នឹងក្លាយជាបណ្តាញកម្សាន្តឌីជីថលដំបូងគេដែលចូលខ្លួនឧបត្ថម្ភការប្រកួតកីឡាលក្ខណៈអន្តរជាតិដ៏ធំរបស់អឺរ៉ុប។ តាមរយៈកិច្ចព្រមព្រៀងឧបត្ថម្ភនេះ TikTok ក៏ទទួលបានសិទ្ធិចាក់ផ្សាយការប្រកួតផងដែរ។
លោក Guy-Laurent Epstein ប្រធានផ្នែកទីផ្សាររបស់ UEFA ដែលជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ TikTok ដើម្បីផ្តល់ជូនអ្នកគាំទ្រអំពីបទពិសោធប្លែកៗ និងច្នៃប្រឌិតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយនេះ»។
ការប្រកួត Euro ២០២០ ដែលមានក្រុមពី២៤ប្រទេសចូលរួមបានពន្យារពេល១ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺ COVID-19។ ដើមឡើយការប្រកួតដែលតម្រូវឱ្យរៀបចំ៤ឆ្នាំម្តង ត្រូវដំណើរការក្នុងខែមីនា ឆ្នាំ២០២០។
បើមិនមានការផ្លាស់ប្តូរអ្វីទៀតទេនោះ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងវិញនៅឆ្នាំ ២០២១ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដោយប្រើប្រាស់កីឡដ្ឋានធំៗចំនួន១២ ដែលស្ថិតក្នុងទីក្រុង និងប្រទេសចំនួន១២ផ្សេងគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com