ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្ដល់ជំនួយ​ជាង​៧៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​វគ្គ​សិក្សា​កីឡា​និង​កសិកម្ម​ស្វាយចន្ទី​សរីរាង្គ​នៅ​កម្ពុជា​
12, Feb 2021 , 10:29 pm        
រូបភាព
លោកស្រី ម៉ាត់ស៊ូរ៉ា អាយូមិ នាយិកានៃ IVY (ខាងឆ្វេង) និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២០។ រូបដោយ៖ ឡាយ សុភាវតី
លោកស្រី ម៉ាត់ស៊ូរ៉ា អាយូមិ នាយិកានៃ IVY (ខាងឆ្វេង) និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២០។ រូបដោយ៖ ឡាយ សុភាវតី
ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្ដល់​ជំនួយឥតសំណង​ជាង​៧៥​ម៉ឺន​ដុល្លារ ដល់​អង្គការ Heart of Gold និង​ក្រុម​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​យ៉ាម៉ា​ហ្គា​តា​(IVY)​។ ជំនួយ​ដែល​ផ្ដល់​ឲ្យ​អង្គភាព​ទាំងពីរ​នេះ គឺ​សម្រាប់​ជួយ​វគ្គ​សិក្សាអប់រំ​កាយ​ខាង​ផ្នែក​កីឡា​ដល់​សិស្ស​សាកលវិទ្យាល័យ និង​កសិករ​ដាំ​ស្វាយចន្ទី​សរីរាង្គ​។



​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់​ជំ​នួន​នា​ព្រឹក​ថ្ងៃទី​១២​កុម្ភៈ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ជំនួយ​ជាង​៣៧​ម៉ឺន​ដុល្លារ នឹង​ផ្ដល់​ឲ្យ​អង្គការ Heart of Gold សម្រាប់​បណ្ដុះបណ្ដាល​គ្រូ និង​ដំឡើង​ឧបករណ៍ សម្រាប់​រៀន​ផ្នែក​កីឡា​នៅ​ថ្នាក់​សាកលវិទ្យាល័យ​។ លោក​បាន​បញ្ជាក់ថា ទឹកប្រាក់​ជាង​៣៨​ម៉ឺន នឹង​ផ្ដល់​ឲ្យ IVY សម្រាប់​ជួយ​ជំរុញ​ការដាំ​និង​ការលក់​រួមគ្នា ដល់​សហករណ៍​កសិករ​ដាំ​ស្វាយចន្ទី​។ 
 
​ចំពោះ​គម្រោង​វគ្គ​សិក្សាអប់រំ​កាយ​ឬ​កីឡា​ថ្នាក់​សាកលវិទ្យាល័យ​រយៈ​ពេល​៤​ឆ្នាំ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា នឹង​បណ្ដុះ​គ្រូ​ឲ្យ​ទទួលបាន​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ​ដំបូង​។ បន្ទាប់មក នៅ​ឆ្នាំ​ទី​២​គម្រោង​នេះ នឹងដាក់​ចេញ​នូវ​ធនធានមនុស្ស​និង​ដំឡើង​ឧបករណ៍ ដើម្បី​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​នៅ​បរិញ្ញាបត្រ​។ នេះ​បើតាម​លោក តេ​ហ្សូ​កា កូ​ជិ តំណាង​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល Heart of Gold ដែល​រំពឹងថា នឹងមាន​និស្សិត​ជាង​៩៣​ម៉ឺន​នាក់ ទទួលបាន​ការអប់រំ​កាយ​និង​កីឡា​ប្រកបដោយ​ប្រសិទ្ធភាព​។ 
 
​ចំណែក លោកស្រី ម៉ា​តិ​ស៊ូ​រ៉ា អា​យូ​មិ នាយិកា​នៃ​អង្គការ IVY ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់ដែរថា ជំនួយ​ដែល​ទទួល​ពី​ជប៉ុន​នេះ នឹង​បន្ត​ជួយ​គាំទ្រ​ឲ្យ​បណ្ដាញ​កសិករ​បង្កើតជា​សហគមន៍​បន្ថែម​៣​ទៀត នៅ​ព្រះវិហារ ដើម្បី​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ស្វាយចន្ទី​សរីរាង្គ​។ លោក​ថា រយៈពេល​ពី​ឆ្នាំកន្លងមក បណ្ដាញ​កសិករ​មា​នស​ហគ​មន៍​១០ ដែលមាន​វិ​បញ្ញា​បន​ប័ត្រ​កសិករ​ស្វាយចន្ទី​សរីរាង្គ​។ ពួកគេ​ទទួលបាន​តម្លៃ​គ្រាប់ស្វាយចន្ទី​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​ធម្មតា​១៥​ភាគរយ​។ 
 
​នាយិកា​នៃ​អង្គការ IVY ប្រចាំ​កម្ពុជា​បាន​លើកឡើងថា​៖ «​នៅពេល​ចាប់ផ្ដើម​គម្រោង​នេះ​ដំបូង មិនទាន់មាន​គម្រោង​ច្រើន​ដែល​គាំទ្រ​លើ​គ្រប់​ស្វាយចន្ទី​នោះទេ ប៉ុន្តែ​ឥឡូវ​មានការ​ប្រកួតប្រជែង ដើម្បី​ទទួល​ជំនួយ​ពី​លោកខាងលិច​សម្រាប់​គាំទ្រ​លើ​គ្រាប់ស្វាយចន្ទី​។ លើសពីនេះ មាន​រោងចក្រ​កែច្នៃ​ដែលមាន​ឧបករណ៍​ខ្នាត​ធំ​កំពុង​សាងសង់​ជា​បន្តបន្ទាប់​ផងដែរ​»​។ 
 
​ទោះបី​ស្ថិតក្នុង​បរិបទ​នៃ​វិបត្តិ​កូ​វីដ​-១៩​យ៉ាងណាក៏ដោយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អះអាងថា ជប៉ុន​នៅតែ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​កម្ពុជា​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សង្កេតឃើញថា​នាពេល​ថ្មីៗ​នេះ  កម្ពុជា​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​កែលម្អ​គុណភាព​ជីវភាព​រស់នៅ​ប្រជាជន ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​និង​ការអភិវឌ្ឍ​សង្គម ដែល​រួមមាន​វិស័យ​សុខាភិបាល​និង​បរិស្ថាន​អប់រំ​។ ទោះបីជា​ការរីក​រាលដាល​កូ​វីដ​-១៩ កំពុង​ក្លាយជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​លើ​ពិភពលោក​យ៉ាងណាក៏ដោយ ប្រទេស​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​»​។ 
 
​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​២០០២​មក ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ជាង​១៣០​គម្រោង ដើម្បី​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​៕ 
 
 
 
 
 

Tag:
 ជំនួយ​
  ជប៉ុន​
  អប់រំ​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com