អន្តរជាតិ
ប្រមុខ​ការទូត​រុស្ស៊ី​ថា មូ​ស្គូ​ត្រៀម​រួចរាល់​ដើម្បី​ផ្តាច់ទំនាក់ទំនង​ជាមួយ​អឺរ៉ុប ប្រសិនបើ​រង​ទណ្ឌកម្ម​
12, Feb 2021 , 6:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov។ រូបភាព៖ Reuters
​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់​យ៉ាងច្បាស់ៗ​ថា រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចហើយ ក្នុងការ​កាត់​ផ្តាច់ទំនាក់ទំនង​ជា​សហភាព​អឺរ៉ុប (EU) ប្រសិនបើ​ក្រុម​ប្រទេសមួយ​នេះ ហ៊ាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​។

 
​ទំនាក់ទំនង​រុស្ស៊ី និង​សហភាព​អឺរ៉ុប កាន់តែ​ធ្លាក់ចុះ បន្ទាប់ពី​តុលាការ​រុស្ស៊ី កាត់ទោស​ឱ្យ​លោក​នយោបាយ​ប្រឆាំង​លោក Alexei Navalny ឱ្យ​ជាប់ពន្ធនាគារ ៣​ឆ្នាំកន្លះ​។ ជុំវិញ​បញ្ហា​លោក Alexei Navalny នេះ EU បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ដោះលែង​លោក Navalny ដោយ​ឥត​លក្ខខណ្ឌ​។ ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកការទូត​អឺរ៉ុប​ចំនួន ៣​នាក់ បាន​ព្រលយ​ថា អឺរ៉ុប​អាច​នឹងដាក់​ទណ្ឌកម្ម​លើ​ការធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ លោក​រដ្ឋមន្ត្រីការបរទេស Sergei Lavrov ត្រូវបាន​សួរ ថា​តើ​រុស្ស៊ី​អាច​នឹង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​អឺរ៉ុប​ដែរឬទេ ប្រសិនបើ​រង​ទណ្ឌកម្មសេដ្ឋកិច្ច​។ ជា​ចម្លើយ ប្រមុខ​ការទូត​រុស្ស៊ី​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិន​ចង់​ផ្តាច់ខ្លួន​ពី​គេ​ឡើយ ប៉ុន្តែ​យើង​ត្រូវតែ​ត្រៀមខ្លួន​ឱ្យ​រួចរាល់​»​។ ក្នុងន័យនេះ លោក​Lavrov បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​រុស្ស៊ី​ចង់បាន​សន្តិភាព ខ្លួន​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រីការបរទេស ទណ្ឌកម្ម​អឺរ៉ុប នឹង​អាចធ្វើឱ្យ​រុស្ស៊ី​រង​ផល​វិបត្តិ​លើ​សេដ្ឋកិច្ច​។​
 
​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​កន្លងទៅ រុស្ស៊ី​បានប្រកាស​បណ្តេញ​អ្នកការទូត​របស់​អាល្លឺម៉ង់ ស៊ុយអែត ប៉ូឡូញ បន្ទាប់ពី​ចោទថា បាន​ចូលរួម​ក្នុង​បាតុកម្ម​ឱ្យ​ដោះលែង​លោក Navalny ដែលជា​អ្នកនយោបាយ​ប្រឆាំង​នៅ​រុស្ស៊ី​។ បន្ទាប់ពី​ការបណ្តេញ​នេះ អាល្លឺម៉ង់ ស៊ុយអែត ប៉ូឡូញ សន្យាថា ខ្លួន​ចេញ​វិធានការ​សងសឹក​វិញ​។ ការបណ្តេញចេញ​ខាងលើ ធ្វើឡើង​ស្របពេល​ប្រធាន​គោលនយោបាយ​ការបរទេស​អឺរ៉ុប លោក Josep Borrell ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ​។ 
 
​សូមបញ្ជាក់ បន្ទាប់ពី​មានការ​ចាប់ខ្លួន​លោក Navalny នៅ​ខែមករា ប្រជាជន​ជន​រុស្ស៊ី​ជាច្រើន​ម៉ឺន​នាក់ បាន​ចេញមក​បាតុកម្ម និង​ទាមទារ​ឱ្យ​ដោះលែង​អ្នកនយោបាយ​ប្រឆាំង​រូបនេះ​។ យ៉ាងណាមិញ ក្នុងអំឡុងពេល​បាតុកម្ម​នេះ អាជ្ញាធរ​រុស្ស៊ី បាន​ចាប់ឃុំខ្លួន​អ្នក​តវ៉ា​ជាច្រើន​ពាន់​នាក់​ផងដែរ​៕ 

Tag:
 រុស្ស៊ី​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com