ជាតិ
សង្គមជាតិ
អាជ្ញាធរ នឹងបន្តរុករកទីតាំងលិចនាវាចម្បាំង៤កន្លែងទៀត ដែលអាចមានសម្ភារសឹកជាង២៨០០តោន
13, Feb 2021 , 12:39 pm        
រូបភាព
គ្រាប់​យុទ្ធ​ភណ្ឌដែល​ត្រូវបាន​អាជ្ញាធរ​រុកឃើញ​ក្នុង​​ទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរកន្លងមក (រូបភាពពីលោក ម៉ី សុភា)
គ្រាប់​យុទ្ធ​ភណ្ឌដែល​ត្រូវបាន​អាជ្ញាធរ​រុកឃើញ​ក្នុង​​ទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរកន្លងមក (រូបភាពពីលោក ម៉ី សុភា)
ភ្នំពេញ៖ អាជ្ញាធរមីន នឹងបន្តរុករកនាវាចម្បាំងលិចក្នុងទន្លេ កាលពីសម័យសង្គ្រាម ដែលត្រូវបានសន្និដ្ឋានថា អាចនឹងមានសម្ភារសឹកមិនផ្ទុះនៅកប់ក្នុងបាតទន្លេជាង២៨០០តោនទៀត។ នេះបើតាមលោក ម៉ី សុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។


 
លោក ម៉ី សុភា បញ្ជាក់ថា ទីតាំងទាំង៤កន្លែងនោះ គឺ ស្ថិតស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លិចនៅអំឡុងឆ្នាំ១៩៧២ ហើយទីតាំងទី២ នៅស្រុកល្វាឯម ខេត្តកណ្តាល នៅម្ដុំកំពង់ចម្លងបន្ទាយដែក បឹងគ្រុំ ដែលជាប្រភេទនាវាផ្ទុកសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ៨០០តោន។ ទីតាំងទី៣ ស្ថិតក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង មានផ្ទុកសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ១០០០តោន។ ចំណែក ទីតាំងទី៤ នៅឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ១០០០តោន។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ម៉ី សុភា ថ្លែងថា៖«ជាង២៨០០តោននេះ ជាព័ត៌មានបឋមប៉ុណ្ណោះ ហើយយើងដឹងទីតាំងទាំងនេះ តាមរយៈពលរដ្ឋរស់នៅតំបន់នោះ។ ទី២ គឺយើងដឹងពីចាស់ជំនាន់មុនដែលគាត់បានដឹងរឿងរ៉ាវកាលពីអំឡុងឆ្នាំ១៩៧០ដល់១៩៧៥ និងប្រភពមួយទៀត គឺយើងដឹងពីអ្នកនេសាទដែលគាត់តែងតែជួប្រទះឃើញរឿងពាក់ព័ន្ធនឹងកាលលិចនាវា»។  
 
ជាមួយគ្នាដែរ លោក លើកឡើងថា ទីតាំងដែលក្រុមការងារចុះរុករកគ្រាប់យុទ្ធភណ្ឌដែលនាវាម៉ារិនលិចនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អស់រយៈពេល៤ខែមកនេះ គឺមានគ្រាប់យុទ្ធភណ្ឌប្រមាណ៤០ទៅ៥០តោន។ លោក បន្ថែមថា មកដល់ពេលនេះ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌប្រមាណ១០តោនហើយ ក្នុងស្រុកស្រីសន្ធរ៕ 
 

Tag:
 គ្រាប់មិនទាន់ផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com