ជាតិ
សេដ្ឋកិច្ច
សហគមន៍កសិកម្មចំនួន១១ ចងសម្ព័ន្ធគ្នាដើម្បីពង្រឹងទីផ្សារបន្លែ និងជំរុញសេដ្ឋកិច្ចជនបទ
13, Feb 2021 , 2:39 pm        
រូបភាព
រូបពីហ្វេសប៊ុកមន្ទីរកសិកម្មបាត់ដំបង
រូបពីហ្វេសប៊ុកមន្ទីរកសិកម្មបាត់ដំបង
ដោយ:
សហគមន៍កសិកម្មចំនួន១១ រួមគ្នាបង្កើតសហភាពសហព័ន្ធកសិកម្ម ដើម្បីពង្រឹងទីផ្សារបន្លែ និងការលើកកម្ពស់សេដ្ឋកិច្ចជនបទ ដែលផ្តោតលើបន្លែសុវត្ថិភាព។ ការចងជាសម្ព័ន្ធនេះ ធ្វើឡើងតាមរយៈនៃការបើកមហាសន្និបាតកំណើតដំបូងសហភាពសហគមន៍កសិកម្ម នាមន្ទីរកសិកម្មខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

 
ក្នុងមហាសន្និបាតកំណើតដំបូងសហភាពសហគមន៍កសិកម្ម លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បញ្ជាក់ថា បាត់ដំបងជាខេត្តមួយ មានសក្តានុពលយ៉ាងធំលើវិស័យកសិកម្ម ។ បើតាមលោក ម៉ាទីណាល់ ក្រៅពីជាជង្រុកស្រូវដ៏ធំសម្រាប់កម្ពុជា បាត់ដំបងក៏មានសក្តានុពលដំណាំដំឡូងមី ពោត និងសណ្តែកសៀងផងដែរ។
 
«កសិករទាំងក្នុង និងក្រៅសមាជិកសហគមន៍កសិកម្ម បាន ដាំដុះបន្លែ ជាផ្នែកមួយដ៏សំខាន់ដែលប្រជាកសិករក្នុងសហគមន៍ បានចូលរួមដាំដុះយ៉ាងច្រើន»។ នេះបើតាមអភិបាលរងខេត្តបាត់ដំបង។
 
សហគមន៍កសិកម្មចំនួន១១ មកពីខេត្តបាត់ដំបង ប៉ៃលិន និងរាជធានីភ្នំពេញ រួមគ្នាបង្កើតសហភាពសហព័ន្ធកសិកម្ម។សហភាពសហព័ន្ធកសិកម្មនេះ នឹងចូលរួមពង្រឹងទីផ្សារបន្លែ និងលើកកម្ពស់សេដ្ឋកិច្ចជនបទ ដែលផ្តោតលើបន្លែសុវត្ថិភាព។ 
 
បើតាមលោក ឆាយ ម៉ាទីណាល់ ការចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតពីការដាំដុះបន្លែនៅតាមទីវាល មកដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ គឺលើកកម្ពស់គុណភាព សុវត្ថិភាពសម្រាប់អ្នកបរិភោគ។ មិនតែប៉ុណ្ណោះ អ្នកផលិតក៏អាចចៀសផុតពីឥទ្ធិពលនៃការប្រើប្រាស់ថ្នាំគីមីផងដែរ។
 
ជាមួយគ្នានេះ ផលិតផលកសិកម្ម ដែលភ្ជាប់នឹងការអនុវត្តកសិកម្មល្អ(GAP) គឺជាកត្តាចម្បងដែលអ្នកផលិតត្រូវតែយកទៅអនុវត្ត ដើម្បីទទួលបាននូវឱកាសពង្រីកទីផ្សារ និងការប្រកួតប្រជែងជាមួយផលិតផលនាំចូល ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកកាត់បន្ថយការនាំចូល។ នេះជាការបញ្ជាក់របស់អភិបាលរងខេត្តបាត់ដំបង លោក ឆាយ ម៉ាទីណាល់ ៕


រូបពីហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង


 

Tag:
 សហព័ន្ធកសិកម្ម
 ទីផ្សារបន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com