COVID-19
អន្តរជាតិ
ថៃ ការពារ​ជំហរ​មិន​ចូលក្នុង​ក្រុម​សម្ពន្ធមិត្ត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩
15, Feb 2021 , 2:09 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ដោយ ឈួន ឈី​វ​អ៊ីង
 
​រដ្ឋាភិបាល​ថៃ បាន​ការពារ​សេចក្តីសម្រេច​ចិត្ត​របស់ខ្លួន​ដែល​មិន​ចូលរួម​ក្នុង​យន្តការ COVAX ។ អ្នកនាំពាក្យ​រដ្ឋាភិបាល បញ្ជាក់​មូលហេតុ​ថា ម្យ៉ាង​ការចូលរួម​ក្នុង​យន្តការ COVAX អាច​បណ្តាលឱ្យ​ថៃ​ចំណាយលុយ​ច្រើន​ក្នុង​ការទិញ​វ៉ាក់សាំង ហើយ​ម្យ៉ាង​មិន​ច្បាស់​ថា វ៉ាក់សាំង​នឹង​ទៅដល់​ថៃ​នៅពេលណា​ដែរ​។

 
​ថៃ មិនមែនជា​សមាជិក​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​បង្កើតឡើង​ដើម្បី​ចែក​វ៉ាក់សាំង​ដោយ​ស្មើភាព​ឡើយ​។ ទាក់ទង​រឿងនេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Anucha Buraphachaisri ពន្យល់ថា ដោយសារ​ថៃ​ជា​ប្រទេស​មាន​ចំណូល​មធ្យម ទើប​មិនអាច​ចូលរួម​ក្នុងការ​យន្តការ​អន្តរជាតិ​ដែល​ចែក​វ៉ាក់សាំង​ឥតគិតថ្លៃ ឬ​តម្លៃថោក​នេះ​បាន​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Anucha លើកឡើងថា ការទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផ្ទាល់ ជា​ជម្រើស​សមរម្យ​បំផុត ហើយ​ថៃ​អាច​បត់បែន​ងាយស្រួល​ទៅតាម​ស្ថានការណ៍​ជាង​ការចូល​រួមជាមួយ COVAX ។ លើសពីនោះ មន្ត្រី​នាំពាក្យ​រូបនេះ ក៏​អះអាងថា បើ​ចូលក្នុង COVAX ថៃ​ត្រូវ​បង់លុយ​យ៉ាងច្រើន​ដើម្បី​ធានា​វ៉ាក់សាំង​ដូចជា​ការបង់​លុយ​មុន​ជាដើម ស្រប​ពេលដែល​ការដឹកជញ្ជូន​ទៀតសោត ក៏​ស្រពេចស្រពិល​ដែរ​។​
 
​កន្លងមក រដ្ឋាភិបាល​ថៃ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​បក្សប្រឆាំង​ពាក់ព័ន្ធ​ការខ្វះ​តម្លាភាព និង​ភាពយឺតយ៉ាវ​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន ស្របពេល​រលក​ទី​ពីរ​នៃ​ការរីក​រាលដាល​កូ​វីដ​-១៩ មកដល់​ជាថ្មី​។ មកទល់ពេលនេះ ថៃ មិនទាន់មាន​វ៉ាក់សាំង​ក្នុង​ដៃ​ឡើយ ខណៈ​អ្នកជិតខាង​ដូចជា​ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា សុទ្ធតែ​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ទៅហើយ​។ 
 
​តាមពិតទៅ ថៃ ក៏​ត្រៀម​ទទួល​វ៉ាក់សាំង​ពីរលាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន Sinovac ដើម្បី​ចាក់ឱ្យ​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់ខ្លួន​នៅ​ចុងខែ​កុម្ភៈ​នេះ​។ ដោយឡែក យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ប្រជាជន​ទូទៅ​នៅ​មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ រហូត​ទាល់តែ​វ៉ាក់សាំង AstraZeneca ផលិត​ក្នុងស្រុក ត្រូវ​ផលិត​រួចរាល់​នា​ខែមិថុនា​ខាងមុខ​។ 
 
​សូមបញ្ជាក់ថា ប្រទេស​ប្រមាណ​១៩០​បាន​ចូលរួម​ជាមួយ​យន្តការ COVAX ក្នុង​គោលបំណង ធានា​ឱ្យបាន​នូវ​វ៉ាក់សាំង​ស្មើគ្នា​ក្នុងពេល​មាន​ការរីក​រាលដាល​កូ​វីដ​-១៩ នេះ​។ តាមរយៈ COVAX ប្រទេស​ក្រី​ក្រី​ចំនួន​៩២ នឹង​ទទួលបាន​វ៉ាក់សាំង​ឥតគិតថ្លៃ ខណៈ​ប្រទេស​ធូរធារ​មួយចំនួន​ក៏​ចូលរួម​ក្នុង​យន្តការ​នេះ ដើម្បី​អាច​ទិញ​វ៉ាក់សាំង​ផងដែរ​៕

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com