ជាតិ
សមត្ថកិច្ច តាមរកបុរស ដែលប្រើហិង្សាលើក្មេងស្រីពីរនាក់ ព្រោះតែធ្វើឲ្យសារិកាកែវងាប់ ស្នាមលើខ្នងក្មេងស្រីទាំងពីរ ដែលត្រូវបុរសម្ចាស់សារិកាកែវយករំពាត់វាយ ដោយសារខឹងក្មេងស្រីទាំងពីរ មិនឲ្យចំណីសារិការហូតសារិកាកែវងាប់ (រូបពីអគ្គស្នងការដ្ឋាននគរលបាលជាតិ)
× ភ្នំពេញ៖ សមត្ថកិច្ចនៅខេត្តឧត្តរមានជ័យកំពុងស្វែងរកបុរសម្នាក់ ដែលប្រើហិង្សាលើក្មេងស្រីពីរនាក់ ដោយសំអាងថា ក្មេងទាំងពីរនោះ ធ្វើឲ្យសត្វសារិកាកែវស្លាប់។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយថា លោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៤កុម្ភៈនេះ បានបញ្ជាកម្លាំងនគរបាលក្រុងសំរោង ឲ្យចុះស្រាវជ្រាវលើករណីហិង្សានេះភ្លាមៗ ក្រោយទទួលបានព័ត៌មានហិង្សាដោយចេតនាលើក្មេងស្រីជាអនីតិជនទាំងពីរ។
លោក ហួត សុធី បានអះអាងថា ជនសង្ស័យបានយករំពាត់មែកឈើ វាយលើកុមារីទាំងពីរ កាលពីថ្ងៃទី១១កុម្ភៈ ក្នុងសង្កាត់អូរស្មាត់ ក្រុងសំរោង បណ្ដាលឲ្យរបួសខ្នងជាច្រើនកន្លែង។ មូលហេតុដែលនាំឲ្យមានករណីហិង្សានេះ ដោយសារសត្វសារិកាកែវពីរក្បាលរបស់ជនសង្ស័យងាប់។ ស្នងការនគរបាលខេត្តរូបនេះ បន្តថា សត្វសារិកាកែវ ដែលងាប់ ដោយសារក្មេងស្រីទាំងពីរ មិនបានដាក់ទឹកនិងចំណីឲ្យបានដិតដល់។
លោក ហួត សុធី បញ្ជាក់ថា ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ សុទ្ធតែកំពុងជាប់ពន្ធនាគារ។
បុរស ដែលវាយក្មេងស្រីទាំងពីរនោះ បានបង្ហោះសារលើគណនីហ្វេសប៊ុកឈ្មោះ Pui Osmach ថា៖«ដោយសារតែទុកចិត្តទៅលើក្មេងៗ នៅជាមួយយើងពេក ខំឲ្យលុយវាទិញចំណីរាល់ថ្ងៃ ពេលសួរវា បានដាក់ចំណីឲ្យសរិកាកែវអត់? វា ថាដាក់ឲ្យរាល់ថ្ងៃហើយ ពេលនេះ បានទៅមើលផ្ទាល់ បែរជាសារិកាកែវងាប់ទាំងពីរ។ តើគួរដាក់ទោសបែបណា ហ្ន៎?»។ ប៉ុន្តែបុរសនោះ បានសំណេរនេះចេញវិញ៕
Tag:
អំពើហិង្សា
កុមារី
ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com