ភ្នំពេញ៖ សិប្បកម្មកែច្នៃថង់ប្លាស្ទិកខ្នាតតូចរបស់លោក នាង ច័ន្ទថារ៉ា ប្រមូលទិញថង់ប្លាស្ទិកជាង៦០តោន ជាប្រចាំខែ ពីក្រុមអ្នករើសអេតចាយក្នុងខេត្តបាត់ដំបងនិងខេត្តសៀមរាប ដើម្បីយកទៅកែច្នៃជាថង់ប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមរបស់លោក គឺស្វែងរកទីផ្សារលក់ថង់ដែលផលិតបាននោះ។
សិប្បកម្មកែច្នៃថង់ខ្នាតតូច នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ចាប់ផ្ដើមផលិតថង់ប្លាស្ទិកនៅដើមឆ្នាំ២០២០ ដោយប្រមូលទិញថង់ចាស់ៗពីអ្នករើសអេតចាយ ដើម្បីកែច្នៃផលិតចេញជាថង់សម្រាប់ប្រើប្រាស់ឡើងវិញជាថ្មីម្ដងទៀត។ មុននឹងដំណើរការផលិតថង់នេះបាន លោក ច័ន្ទថារ៉ា ម្ចាស់សិប្បកម្មកែច្នៃថង់ប្លាស្ទិក ធ្លាប់ធ្វើការក្នុងសិប្បកម្មកែច្នៃថង់ប្លាក់ស្ទិករបស់ជនជាតិថៃ ដែលបានមកបោះទីតាំងនៅខេត្តបាត់ដំបងកាលពីអំឡុងឆ្នាំ២០១៧។ ប៉ុន្តែ លោកអះអាងថា កាលនោះ ថៅកែប្រមូលទិញថង់ដែរ ប៉ុន្តែផលិតជាគ្រាប់ប្លាស្ទិកសម្រាប់លក់ឲ្យថៃនិងវៀតណាម មិនទាន់ឈានដល់ផលិតថង់ឡើយ។ ដោយសារចំណេញតិចតួចថៅកែរបស់លោកក៏សម្រេចបោះបង់អាជីវកម្មនេះ ហើយលោកនិងដៃគូជនជាតិម្នាក់ទៀតក៏ចូលហ៊ុនគ្នាទិញក្រុមហ៊ុនោះ ហើយបើកដំណើរការបន្ត។
លោក នាង ច័ន្ទថារ៉ា មានប្រសាសន៍ថា៖«ដោយមើលឃើញមុខរបរមួយនេះ ជួយដល់សង្គម [និង] បរិស្ថានច្រើន ហើយគោលនយោបាយរបស់រដ្ឋាភិបាលកំពុងជំរុញលើទីក្រុងស្អាត យើងក៏នាំគ្នាបន្តធ្វើទៅ ទោះដឹងថាចំណេញតិចក៏ដោយ។ កាលមុន យើង ផលិតតែគ្រាប់ប្លាស្ទិកលក់ទេ គឺសម្រាប់ឲ្យគេយកទៅធ្វើជាថង់បន្ត។ ថង់ដែលប្រមូលទិញហ្នឹង ត្រូវផលិតជាគ្រាប់ប្លាស្ទិកតូចៗសិន ទើបអាចយកទៅផលិតជាថង់វិញបាន។ តែនៅឆ្នាំ២០២០ យើង ក៏ចាប់ផ្ដើមផលិតចេញជាថង់ប្លាស្ទិកខ្លួនឯង»។
ម្ចាស់សិប្បកម្មកែច្នៃថង់ប្លាស្ទិក វ័យ៤៥ឆ្នាំរូបនេះ អះអាងថា រយៈពេលជាងមួយឆ្នាំនេះ បញ្ហាប្រឈមគឺការប្រកួតប្រជែងទីផ្សារ ព្រោះថង់វៀតណាមនិងថៃចូលទីផ្សារកម្ពុជាមុន ហើយតម្លៃភ្លើងក្នុងស្រុកថ្លៃជាងប្រទេសជិតខាង។ ថង់របស់លោក លក់លើទីផ្សារតម្លៃ៤៥០០រៀលក្នុងមួយគីឡូក្រាម។
លោក និយាយថា៖«ថង់របស់វៀតណាមនិងថៃមានក្នុងទីផ្សារខ្មែរយូរមកហើយ ទើបយើងពិបាកចែកចាយថង់យើងចូលក្នុងទីផ្សារ ទោះបីថង់ខ្ញុំមានតម្លៃដូចគ្នា [នឹងថង់របស់វៀតណាមនិងថៃ] ក៏ដោយ។ អ្នកខ្លះគេថា ថង់វៀតណាមល្អជាង តែតាមពិតទៅថង់យើងក្រាស់ជាង ហើយស្វិតប្រហែលគ្នា ឲ្យតែប្រភេទថង់ខ្មៅនិងថង់ពណ៌ដែលផលិតចេញពីថង់ប្លាស្ទិកចាស់ៗ»។
លោក លើកឡើងថា បើទីផ្សារថង់របស់លោកកាន់តែតម្រូវការ លោកនឹងចុះផ្សព្វផ្សាយឲ្យអ្នករើសអេតចាយនៅខេត្តផ្សេងៗ រើសថង់ប្លាស្ទិកទុកលក់ឲ្យលោកបន្ថែមទៀត។
លោក រៀបរាប់ថា៖«ខ្ញុំ ប្រមូលទិញថង់ប្លាស្ទិកប្រភេទយឺតឬប្រភេទថង់យួរដៃដែលប្រើប្រាស់ហើយ មានសម្បូរនៅតាមគំនរសំរាម។ ក្នុងក្រុងបាត់ដំបងនិងសៀមរាប មួយខែៗទាំងពីរទីតាំងនេះ ខ្ញុំទិញបានជាង៦០តោន។ កន្លងមកខ្ញុំធ្លាប់ចុះទៅផ្សព្វផ្សាយឲ្យអ្នកខាងខេត្តប៉ៃលិនរើសថង់ឲ្យខ្ញុំដែរ ប៉ុន្តែពួកគេមិនបានសហការជាមួយ»។
លោក ប្រាប់ថា កន្លងមកអ្នករើសអេតចាយមិនដែលរើសថង់ប្លាស្ទិកឡើយ ព្រោះវាស្រាលមិនសូវមានតម្លៃ ប៉ុន្តែក្រោយលោកចុះពន្យល់និងសុំការសហការទើបមានអ្នករើសអេតចាយខ្លះរើសទុកលក់ឲ្យលោក។ លោកប្រមូលទិញថង់ប្លាស្ទិកតម្លៃ៣០០រៀលក្នុងមួយគីឡូក្រាម។ ថង់ដែលទិញពីអ្នករើសអេតចាយមួយតោន ផលិតចេញជាប្លាស្ទិកបានប្រមាណ៥៥០ទៅ៦០០គីឡូក្រាម។
ក្រៅពីប្រមូលទិញថង់ពីអ្នករើសអេតចាយ ក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុន ប្រមូលសំរាមប្រចាំក្រុងបាត់ដំបងមួយឈ្មោះ លៀប លឹម ក៏បានសហការជាមួយលោកដែរ ដែលមានបុគ្គលិក ប្រមូលសំរាមជាអ្នកញែកថង់ប្លាស្ទិកទុកលក់ឲ្យលោក ។ ជាមួយគ្នាដែរ លោក និយាយថា អាជ្ញាធរក្រុងបាត់ដំបងនិងក្រសួងបរិស្ថានក៏កំពុងជួយរកដៃគូសហការទិញថង់ពីលោកផងដែរ ដើម្បីឲ្យចរន្តនៃការកាត់បន្ថយប្លាស្ទិកកាន់តែបានច្រើនជាងមុន។ ទន្ទឹបនឹងនេះ ម្ចាស់សិប្បកម្មរូបនេះបានសង្កេតឃើញសំណង់ដបប្លាស្ទិកមានច្រើនគួរឲ្យកត់សម្គាល់។
នាយរដ្ឋបាលខេត្តបាត់ដំបង លោក សឿន ប៊ុនរិទ្ធិ បានទទួលស្គាល់ថា សិប្បកម្មរបស់លោក នាង ច័ន្ទថារ៉ា ជាផ្នែកមួយ ដែលរួមចំណែកក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងក្រុងបាត់ដំបង។ លោក សង្ឃឹមថា សិប្បកម្មកែច្នៃនេះ នឹងបន្តដំណើរការនិងពង្រីកខ្លួនឲ្យកាន់តែធំ ដើម្បីជួយកាត់បន្ថយប្លាស្ទិក។
នាយរដ្ឋបាលខេត្តបាត់ដំបង ថ្លែងដូច្នេះថា៖«ក្នុងខេត្តបាត់ដំបង ដើមឡើយ ក៏ជួបបញ្ហាក្នុងការគ្រប់គ្រងសំណល់សំរាមដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ដោយសារមានអង្គការ សិប្បកម្មជាច្រើន រួបរួមច្នៃកាកសំណល់ ទៅជាកំប៉ុង និងរបស់ប្រើឡើងវិញ ដូចសិប្បកម្មលោក ច័ន្ទថារ៉ា»។
ជាមួយគ្នាដែរ មន្រ្តីរដ្ឋបាលខេត្តបាត់ដំបងខាងលើ បញ្ជាក់ថា ពលរដ្ឋភាគច្រើនបានយល់ដឹងអំពីបញ្ហាសំរាម ហើយតែងតែចូលសហការជាមួយអាជ្ញាធរ អង្គការ សិប្បកម្ម ហើយលើសពីនេះ ពួកគាត់ថែមទាំងចាប់ផ្តើមចេះគិតគូរពីការបែងចែកប្រភេទសំរាមទៀតផង។
លោក ច័ន្ទថារ៉ា ប្រាប់ថា លោក មានគម្រោងច្នៃសំណល់ដកប្លាស្ទិកបន្ថែមទៀត បើដំណើរការអាជីវកម្មរបស់លោកទៅថ្ងៃមុខពុំមានជួបឧបសគ្គអ្វី៕