ពីនេះ ពីនោះ
សុខភាព
គួរ​ញាំ​ជាតិ​ប្រៃ​តិច និង បង្កើន​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​
22, Aug 2021 , 6:29 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ការបន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ និង​ជម្រុញអោយមាន​ការកើនឡើង​នូវ​ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​នឹង​ការពារ​មនុស្ស​ជាច្រើន​លាន​នាក់​ពី​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ពិភពលោក​ក្នុង​មួយឆ្នាំៗ​។​ការស្រាវជ្រាវ​ថ្មី​នេះ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត BMJ​។​

 
​ការស្រាវជ្រាវ​បាន​ពិនិត្យ​លើ​មនុស្សពេញវ័យ​ជាង​៣.០០០​នាក់ និង​បាន​រកឃើញថា ការថយចុះ​ការ​ញ៉ាំ​ជាតិ​ប្រៃ​ខ្ពស់​បាន​នាំអោយមាន​ការថយចុះ​សម្ពាធ​ឈាម​, នាំអោយមាន​ការថយចុះ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺខ្សោយបេះដូង​។​ការស្រាវជ្រាវ​ស្រដៀង​គ្នា​មួយ​ក៏បាន​រកឃើញ ការ​ញ៉ាំ​ជាតិ​ប្រៃ​តិច​នាំអោយមាន​សម្ពាធ​ឈាម​ចុះ និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​ចំពោះ​មនុស្សពេញវ័យ​។​
 
​មានការ​បង្ហាញថា ការថយចុះ​ការ​ញ៉ាំ​ជាតិ​ប្រៃ​បាន​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​កុមារ​ផងដែរ​។​ការស្រាវជ្រាវ​ទី​៣​បាន​វិភាគ​លើ​មនុស្ស​ជាង​១២៨.០០០​នាក់ និង​បាន​រកឃើញថា ការកើនឡើង​ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​បាន​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​មនុស្សពេញវ័យ និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ​២៤%​។​
 
​អ្នកស្រាវជ្រាវ​បាន​និយាយថា ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ក៏​អាច​ផ្តល់​ប្រយោជន៍​ដល់​កុមារ ប៉ុន្តែ​ការស្រាវជ្រាវ​បន្ថែម​គឺជា​រឿង​ចាំបាច់​។​ប៉ូ​តា​ស្យូ​ម​ត្រូវបាន​រកឃើញថា​នៅក្នុង​ផ្លែឈើ និង​បន្លែស្រស់​។​
 
​អង្គការ​សុខភាព​ពិភពលោក​បានកំណត់​គោលដៅ​រួមមួយ​ដើម្បី​បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ​ពី​៥ ទៅ​៦​ក្រាម (​ប្រហែល​១​ស្លាបព្រា​កាហ្វេ​) ក្នុង​មួយថ្ងៃ​ក្នុង​ឆ្នាំ​២០២៥​។ ទោះជា​យ៉ាងណាក៏ដោយ​, អ្នកស្រាវជ្រាវ និង​អ្នកឯកទេស​ដទៃទៀត​បា​ន​ណែ​នាំអោយ​បន្ថយ​ការ​ញ៉ាំ​ប្រៃ​នេះ​ដល់​ទៅ​៣​ក្រាម​ក្នុង​មួយថ្ងៃ​ឯណោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com