ពីនេះ ពីនោះ
សុខភាព
លើសទម្ងន់នៅវ័យក្មេងប្រឈមនឹងបញ្ហាតម្រងនោមនៅថ្ងៃក្រោយ
× ការស្រាវជ្រាវថ្មីមួយបានអោយដឹងថា មនុស្សវ័យក្មេងដែលលើសទម្ងន់ហាក់ដូចជាងាយនឹងវិវត្តទៅជាជំងឺ នៃតម្រងនោមជាងអ្នកដែលមិនលើសទម្ងន់នៅពេលដែលពួកគេមានវ័យចំណាស់។
អ្នកស្រាវជ្រាវបានវិភាគទៅលើអ្នកចូលរួមក្នុងការស្រាវជ្រាវជិត ៤.៦០០នាក់នៅក្នុងចក្រភពអង់គ្លេសដែលបានកើតក្នុងខែមិនា ឆ្នាំ១៩៤៦។ ការស្រាវជ្រាវបានរាប់បញ្ចូលទៅនឹងសន្ទស្សន៍នៃទម្ងន់ខ្លួននៅអាយុ២០ឆ្នាំ, ២៦ឆ្នាំ, ៣៦ឆ្នាំ, ៤៣ឆ្នាំ, ៥៣ឆ្នាំ និង៦០ឆ្នាំ ទៅ៦៤ឆ្នាំ។
អ្នកចូលរួមដែលលើសទម្ងន់នៅពេលពេញវ័យគឺអាយុចន្លោះពី២៦ឆ្នាំ ទៅ៣៦ឆ្នាំ ហាក់ដូចជាមានជំងឺតម្រងនោមរ៉ាំរ៉ៃទ្វេដងនៅអាយុ៦០ឆ្នាំ ទៅ៦៤ឆ្នាំ, បើធៀបទៅនឹងអ្នកដែលមិនលើសទម្ងន់សោះ ឬមិនក្លាយទៅជាលើសទម្ងន់រហូតដល់អាយុ៦០ឆ្នាំ ទៅ៦៤ឆ្នាំ។
ការមានទំហំសមាមាត្រនៃចង្កេះ និងត្រគាកធំអំឡុងពេលវ័យកណ្តាលក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺតម្រងនោមរ៉ាំរ៉ៃនៅអាយុ៦០ឆ្នាំ ទៅ៦៤ឆ្នាំផងដែរ។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of the American Society of Nephrology។
អ្នកស្រាវជ្រាវបានគណនាថា ៣៦%នៃករណីនៃជំងឺតម្រងនោមរ៉ាំរ៉ៃចំពោះអ្នកដែលមានអាយុចន្លោះពី៦០ឆ្នាំ ទៅ៦៤ឆ្នាំអាចត្រូវបានការពារប្រសិនបើមិនមាននរណាម្នាក់ក្លាយជាលើសទម្ងន់រហូតដល់អាយុប៉ុនហ្នឹងនោះ។
វាមិនច្បាស់នៅឡើយទេថាតើការលើសទម្ងន់នៅពេលវ័យក្មេង ឬរយៈពេលនៃអ្នកដែលលើសទម្ងន់គឺស្ថិតនៅពីក្រោយការកើនឡើងហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃនៅវ័យ៦០ឆ្នាំ ទៅ៦៤ឆ្នាំយ៉ាងណានោះ។ អ្នកស្រាវជ្រាវបាននិយាយថា ការពន្យល់បង្ហាញថា ការការពារការឡើងទម្ងន់នៅពេលវ័យក្មេងអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺតម្រងនោមរ៉ាំរ៉ៃបាន។
ពួកគេបានបន្ថែមថា ការការពារការឡើងទម្ងន់នៅពេលវ័យក្មេងលេចឡើងពីប្រសិទ្ធភាពជាងការព្យាបាលដទៃទៀតនៃជំងឺតម្រងនោមរ៉ាំរ៉ៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com